​ប្រាក់ សុវណ្ណារ៉ា៖ បឹង​កេត​ប្ដេជ្ញា​​​ឈ្នះ​៣​ប្រកួត​នៅ​សល់ មិន​ខ្វល់​​​ជោគជ័យ​​របស់​ទ័ព

​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្លឹប​បឹង​កេត​អង្គរ​​​បាន​​តាំង​ចិត្ត​​រក​ជ័យជម្នះ​​ឲ្យ​បាន​ទាំង​អស់​សម្រាប់​ការ​ប្រកួត​ដែល​សល់​៣​ប្រកួត​​​ចុង​​ក្រោយ​ដើម្បី​គ្រង​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ ដោយ​មិន​ខ្វល់​ពី​ភាព​ជោគជ័យ​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ។

 

​ប្រាក់ សុវណ្ណារ៉ា៖ បឹង​កេត​ប្ដេជ្ញា​​​ឈ្នះ​៣​ប្រកួត​នៅ​សល់ មិន​ខ្វល់​​​ជោគជ័យ​​របស់​ទ័ព លោក ប្រាក់ សុវណ្ណារ៉ា

 

លោក​ ប្រាក់ សុវណ្ណារ៉ា​ បាន​ឲ្យ​ដឹង​ថា ក្លឹប​​​​បាន​ដាក់​គោល​ដៅ​​៣​ប្រកួត​ដែល​នៅ​សល់​ត្រូវ​តែ​ឈ្នះ​ឲ្យ​បាន​ដាច់ខាត។ ចំពោះ​រឿង​​ជោគជ័យ​របស់​​ក្រុម​ក្រសួង​ការពារ​ជាតិ​យ៉ាង​ណា​នោះ ក្រុម​​របស់​លោក​​​មិន​​ខ្វល់​ឡើយ ប៉ុន្តែ​សំខាន់​ក្រុម​របស់​លោក​ត្រូវ​តែ​​​ឈ្នះ​​ការ​ប្រកួត​ដែល​នៅ​សល់​ ដើម្បី​លើក​ពាន​លីគ​កំពូល​កម្ពុជា​តែ​ប៉ុណ្ណោះ។

 

​​គ្រូ​បង្វឹក​រូប​នេះ​បន្ត​ថា លោក​មាន​ជំនឿ​ចិត្ត​ខ្ពស់​ក្នុង​ការ​យក​​ឈ្នះ​ការ​ប្រកួត​ដែល​នៅ​សល់ ​ដោយ​សំអាង​​​ជ័យជម្នះ​​​កាល​ពី​ជើង​ទី១ទៅ​លើ​ក្រុម​ទាំង​​៣នោះ។ ទិស​ដៅ​របស់​បឹង​កេត​ត្រូវ​តែ​ប្រជែង​យក​ពាន​ឲ្យ​បាន​ក្នុង​ឆ្នាំ​នេះ​ ទោះ​​ក្រុម​របស់​លោក​ប៉ះ​សុទ្ធ​តែ​ក្រុម​ខ្លាំង​ក៏​ដោយ។

 

ពាក់​ព័ន្ធ​​តំណែង​​​​ខ្សែការពារ​​​កណ្ដាល​របស់​បឹង​កេត​អង្គរ​លោក ប្រាក់ សុវណ្ណារ៉ា ​បញ្ជាក់​ថា មិន​ទាន់​កំណត់​​​ដាក់​កីឡាករ​រូប​ណា​ឲ្យ​ជំនួស ហុង ផេង ​​នោះ​ទេ​ក្នុង​ការ​ជួប​ភ្នំពេញ​ក្រោន​ខាង​មុខ​នេះ​។ ចំណែក​កីឡាករ​​​​ផ្សេង​ទៀត​ ដែល​បាន​រង​​របួស​កាល​ប៉ះ​ណាហ្គាវើល​​នោះ​​អាច​ត្រឡប់​មក​ជួយ​ក្រុម​វិញ​អស់​ហើយ​​គឺ​គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ច្រើន​ឡើយ។

 

​បឹង​កេត​​កំពុង​មាន​៣៨​​ពិន្ទុ​ឈរ​លេខ១ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​ ស្រប​​ពេល​​ក្រសួង​ការពារ​ជាតិ​​មាន៣៧​ពិន្ទុ​​​​ដូច្នេះ​​ការ​ប្រកួត​របស់​បឹង​កេត​បើ​ភ្លាត់​ចាញ់​ឬ​ស្មើ​​ ពួក​គេ​​នឹង​អាច​បាត់​បង់​ឱកាស​លើក​ពាន​​រដូវ​កាល​នេះ។ ​​​៣​​ប្រកួត​របស់​បឹង​កេត​​​ដែល​នៅ​សល់​ ​​ជួប​ភ្នំពេញ​ក្រោន​ចុង​​​សប្ដាហ៍​នេះ និង​បន្ត​ប៉ះ​ស្វាយរៀង​សប្ដាហ៍​បន្ទាប់​​​ ហើយ​​សប្ដាហ៍​ចុង​ក្រោយ​​ក្រុម​កំពូល​តារាង​មួយ​នេះ​ ​ជួប​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​