គ្លីនិក​របស់​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ម្នាក់​ត្រូវ​បញ្ជា​ឲ្យ​បិទ​ទាំងស្រុង

ខេត្តមណ្ឌលគិរី ៖ គ្លីនិក​​ឯកជន​មួយ​កន្លែង​ដែល​ជា​កម្ម​សិទ្ធ​របស់​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​ម្នាក់​ត្រូវ​បាន​បិទ​មិន​ឲ្យ​ដំណើរការ​ព្យាបាល​អ្នកជំងឺ​ទាំងស្រុង បន្ទាប់​ពី​រក​ឃើញ​ថា មន្ត្រី​រូប​នោះ​បាន​យក​ទួ​នាទី​របស់​ខ្លួន​រំលោភ​លើ​ច្បាប់​របស់​ក្រសួងសុខាភិបាល ។

ការ​បិទ​ទីតាំង​គ្លីនិក​ឯកជន​មួយ​កន្លែង​ដែល​មិន​ធ្លាប់​មាននៅ​ក្នុង​ខេត្តមណ្ឌលគិរី​នេះ គឺ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​១០ ខែសីហា ឆ្នាំ​២០១៦ ក្រោម​ការ​ចុះហត្ថលេខា​ពី​សំណាក់​លោក ប៊ុ​ន សួរ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តមណ្ឌលគិរី ។

ទីតាំង​គ្លីនិក​មួយ​កន្លែង​ត្រូវ​បាន​បិទទ្វារ​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​សែន​មនោ​រម្យ​ជា​កម្មសិទ្ធិ​របស់​លោក ភោគ វិទូ មន្ត្រី​មន្ទីរ​សុខាភិបាល និង​ជា​បុគ្គលិក​របស់​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនចាញ់ ត្រូវ​បាន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​អះអាង​ថា បាន​បិទ​ជា​ស្ថាពរ​រួចរាល់​ហើយ ក្រោយ​មន្ទីរ​បាន​ហៅ​គ្រូពេទ្យ​ឈ្មោះ ភោគ វិទូ នេះ​មក​ព្រមាន និង​ចាត់វិធានការ​បញ្ឈប់​ដំណើរការ​របស់​គ្លីនិក​ម្តង​រួច​មក​ហើយ ក្រោយ​រក​ឃើញ​ថា គ្លីនិក​បាន​លួច​ព្យាបាល​អ្នកជំងឺ​គ្រុនឈាម​ខុស​ពី​ច្បាប់ ដែល​ក្រសួងសុខាភិបាល​បាន​ចែង​នោះ ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី បាន​ថ្លែងប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​១០​សីហា​នេះ​ថា ការ​បិទ​ទីតាំង​ពិនិត្យ​ព្យាបាល​របស់​មន្ត្រី​របស់​មន្ទីរ​សុខាភិបាល​ខាងលើ​នៅ​ថ្ងៃនេះ គឺ​ដំបូង ទីតាំង​ខាងលើ​បាន​ប្រព្រឹត្ត​នូវ​ទ​ង្វើ​ដែល​ច្បាប់​ហាមប្រាម គឺ​លួច​ព្យាបាល​អ្នកជំងឺ​គ្រុនឈាម ហើយ​មន្ទីរ​បាន​ហៅ​ម្ចាស់​គ្លីនិក​ឈ្មោះ ភោគ វិទូ មក​ព្រមាន​ម្តង​រួច​មក​ហើយ ។ ទោះជា​បែប​នោះ​ក្តី មន្ត្រី​ខាងលើ​មិន​បាន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នោះ​ទេ ថែម​ទាំង​ផ្គើន​ទៅ​នឹង​ច្បាប់​សុខាភិបាល​ម្តងទៀត ពិសេស​គឺ​ខ្លួន​ជា​មន្ត្រី​មន្ទីរ​សុខាភិបាល​ផង​និង​ជា​បុគ្គលិក​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនឈាម​ផង មន្ទីរ​ក៏​សម្រេច​បញ្ឈប់​មិន​ឲ្យ​គ្រូពេទ្យ​ខាងលើ​បន្ត​ពិនិត្យ​ព្យាបាល​ក្នុង​ទីតាំង​របស់​ខ្លួន​ទាំងស្រុង​នៅ​ថ្ងៃ​១០​សីហា​នេះ​តែ​ម្តង ។

នៅ​ល្ងាច​ថ្ងៃ​នៃ​ការ​បិទ​ទីតាំង​ព្យ​បាល​របស់​មន្ត្រី​មន្ទីរ​សុខាភិបាល​ខាងលើ យើង​មិន​អាច​ស្វែងរក​សូម​ការ​បញ្ជាក់​ណាមួយ​ពី​ម្ចាស់​ទីតាំង គឺ​លោក ភោគ វិទូ បាន​ឡើយ ៕