អត់សងលុយហើយសម្តីថ្លោស មានអី…

រាជ​ធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​ជំពាក់​លុយ​២​ម៉ឺន​​រៀល​អត់​ព្រម​សង​ ពេល​​ដែល​ម្ចាស់​លុយ​ទារ​​បាន​និយាយ​នូវ​ពាក្យអសុរោះ​​ទៀត ​ធ្វើឱ្យ​​ម្ចាស់​លុយ​​ខឹង​​បាន​យក​ដប​ស្រា ​ដែល​កំពុង​តែ​ផឹក​វាយ​ពីក្រោយ​បណ្ដាល​អោយ​បែកក្បាល​រង​របួសធ្ងន់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​​យប់​​ថ្ងៃ​ទី​១០ ​សីហា ស្ថិតត្រង់​ចំណុច​​ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ឱ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ​គង់ គួ​ន ហៅ​គាំង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​​សំណង់ ស្នាក់​នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​​ជន​បង្ក​ឈ្មោះ​ដែ​ត ស៊ី​ង ហៅ​ស៊ី​ង ភេទ​ប្រុស អាយុ​២៩​​ឆ្នាំ ជា​សន្តិសុខ ស្នាក់​នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​ភូមិ​បឹង​កេ​ត ឃុំ​ស្ទឹង​ត្រង់ ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម ។

តាម​ប្រភព​​ពី​កន្លែង​កើតហេតុ​​ឱ្យដឹង​ថា ជន​រង​គ្រោះ​ជំពាក់​លុយ​ជន​បង្ក​ចំនួន​២​ម៉ឺន​រៀល​យូរហើយ​អត់​ព្រម​សង ។ មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​ជន​បង្ក​កំពុង​តែ​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​របស់​គេ​ម្នាក់​ទៀត​ នៅ​កន្លែង​គាត់​ស្នាក់​នៅ ស្រាប់តែ​បន្តិច​ក្រោយមក​ជន​រង​គ្រោះ​ បាន​ដើរ​កាត់​កន្លែង​ជន​បង្ក​កំពុង​តែ​ផឹកស៊ី ក៏​ត្រូវ​ជន​បង្ក​ស្រែកសួរ​ថា​​ លុយ​គេ​ពេល​ណា​ទើប​​សង​វិញ ពេល​នោះ​ជន​រង​គ្រោះ​​បាន​ឆ្លើយ​តប​នូវ​ពាក្យអសុរោះ​​វិញ​ថា លុយ​ស្អី​គេ​អាចម៍ក្ត​អញ ហើយក៍បាន​ដើរ​ចេញ​ទៅ​បាន​បន្តិច ជន​បង្ក​ខឹង​​​ទាញ​ដប​ស្រា
​ដែល​ខ្លួន​កំពុង​តែ​ផឹក​នោះ ​យក​ទៅ​វាយ​ក្បាល​ពីក្រោយ​ជន​រង​គ្រោះ ​បណ្ដាល​ឱ្យ​​បែកក្បាល​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើត​ហ​តុ​ ជន​រង​គ្រោះ​បានរ​ត់ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ ដើម្បី​​ឱ្យ​​កម្លាំង​ចុះ​ទៅ​នាំ​ខ្លួន​ជន​បង្ក​យក​មក​សាកសួរ ហើយ​ភ្លាម​ៗ​នោះ​ដោយសារ​តែ​ជន​រង​គ្រោះ​មាន​សភាព​ហូរ​ឈាម​ច្រើន​ពេក​​ក៏​បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ដេរ​មុខរបួស​សិន ។ ចំណែក​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង​ចាំ​ការ​ដោះស្រាយ​ទៅ​តាម​នីតិវិធី ។