Duterte: បើ​មិន​បំផ្លាញ​ក្រុម​ អាប៊ូសាយ៉ាហ្វ​ នៅ​ពេល​នេះ​ទេ​ មេរោគ ​ISIS ​នឹង​ឆ្លង​ចូល​ ហ្វីលីពីន​

Duterte: បើ​មិន​បំផ្លាញ​ក្រុម​ អាប៊ូសាយ៉ាហ្វ​ នៅ​ពេល​នេះ​ទេ​ មេរោគ ​ISIS ​នឹង​ឆ្លង​ចូល​ ហ្វីលីពីន​
ប្រធានាធិបតី ហ្វីលីពីន នៅថ្ងៃពុធនេះ បានបញ្ជាដល់ទាហាន ឲ្យបំផ្លាញក្រុមជីវពល អាប៊ូសាយ៉ាហ្វ (Abu Sayyaf) ដោយលោកបញ្ជាក់ថា ទោះជាក្រុមនេះតូច ប៉ុន្តែឃោរឃៅ ដូច្នេះបើមិនបំផ្លាញវាទាន់ពេលវេលានោះទេ មេរោគ ISIS នឹងឆ្លងដល់ប្រជាជន ហ្វីលីពីន មិនខាន ។

“ត្រូវតែផ្លាញវាចោល, នេះជាបញ្ជា” លោក រ៉ូទ្រីកូ ឌូតឺតេ (Rodrigo Duterte) បានប្រកាសបញ្ជានេះ នៅក្នុងមូលដ្ឋានកងទ័ពខេត្ត សាំបូហ្កា (Zamboanga) នៅលើកោះ មីនដាណាវ ភាគខាងត្បូងប្រទេស ជាកន្លែងដែលត្រូវបានញាំញីដោយការប្រយុទ្ធគ្នារវាងទាហានរដ្ឋាភិបាល និងក្រុមជីវពល ។ កាលពីខែមុន ក្រុម ISIS បានប្រកាសទទួលយកក្រុម អាប៊ូសាយ៉ាហ្វ ជាសម្ព័ន្ធមិត្ត ធ្វើឲ្យអាប៊ូសាយ៉ាហ្វ ក្លាយជាក្រុមជ្រុលនិយមទីមួយនៅអាស៊ីអាគ្នេយ៍ ដែល ISIS ទទួលយកធ្វើជាដៃគូរផ្លូវការ ។

ក្រោយពីសន្យាបំពាក់សម្ភារយោធាទំនើបដល់កងទ័ព, លោកប្រធានាធិបតីបញ្ជាក់ថា “ខ្ញុំមើលឃើញបញ្ហាមួយកំពុងខិតចូលមកកាន់តែជិត យ៉ាងយូរ ៥ ទៅ ៧ ឆ្នាំទៀតប៉ុណ្ណោះ ហ្វីលីពីន នឹងមានបញ្ហាបង្កឡើងដោយ ISIS ” ។

ក្រុម អាប៊ូសាយ៉ាហ្វ ល្បីល្បាញខាងចាប់ជំរិត, បំផ្ទុះគ្រាប់បែក និងកាត់ក្បាលចំណាប់ខ្មាំង ។ ក្រុមនេះ បានកាត់ក្បាលចំណាប់ខ្មាំងជនជាតិ កាណាដា ពីរនាក់ និងបានចាប់ជំរិតទូកសណ្ដោងជាច្រើនគ្រឿងរបស់ប្រទេស ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី ហើយកំពុងឃុំឃាំងចំណាប់ខ្មាំងបរទេសជាច្រើននាក់ ចាប់ពីជនជាតិ ន័រវែស, ហុឡង់ដ៍ និង ម៉ាឡេស៊ី ។

លោក ឌូតឺតេ កំពុងទស្សនកិច្ចទៅកាន់មូលដ្ឋានកងទ័ពជាច្រើនកន្លែងនៅទូទាំងប្រទេស ចាប់តាំងពីឡើងកាន់ដំណែង កាលពី ៥ សប្ដាហ៍មុន ក៏បានប្រកាសផងដែរថា នឹងជ្រើសរើសទាហានបន្ថែមចំនួន ២ ម៉ឺននាក់ ដើម្បីជួយការពារអធិបតេយ្យភាពទឹកដី ។ លោកប្រធានាធិបតី បានលើកឡើងម្ដងទៀត អំពីបំណងជំរុញសម្ពន្ធភាពជាមួយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងជីវពលជ្រុលនិយម និងដើម្បីបុព្វហេតុទំនាស់ដែនសមុទ្រជាមួយប្រទេស ចិន ។

ប្រែសម្រួល៖ kqube
ប្រភព៖ Reuters

  • Duterte: បើ​មិន​បំផ្លាញ​ក្រុម​ អាប៊ូសាយ៉ាហ្វ​ នៅ​ពេល​នេះ​ទេ​ មេរោគ ​ISIS ​នឹង​ឆ្លង​ចូល​ ហ្វីលីពីន​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ជីវិតនិងសង្គម
Tags: