សារ​មន្ទីរ​ទួល​ស្លែង​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ដែល​ចូល​មក​លេង​ល្បែង Pokemon Go

រាជធានីភ្នំពេញ៖ បន្ទាប់ពីក្រុមហ៊ុន Niantic របស់អាមេរិក ដែលបង្កើតល្បែង Pokemonនេះ បានដាក់អនុញ្ញាតឲ្យប្រទេសកម្ពុជា ក៏ដូចជាទ្វីបអាស៊ីទាំងមូលអាចលេងល្បែងនេះបាន គេសង្កេតឃើញថា យុវជនជាច្រើនវក់និងល្បែងនេះ និងបានជ្រើសរើសសារមន្ទីរទួលស្លែង ជាទីតាំងសម្រាប់ការលេងល្បែងនេះរបស់ពួកគេ។ ដោយមើលឃើញពីទង្វើមិនគាប់បីដូចនេះ សារមន្ទីរទួលស្លែងក៏បានដាក់បម្រាម ដោយមិនអនុញ្ញាតឲ្យភ្ញៀវដែលចូលមក លេងល្បែង Pokemon Go ឡើយ។
សារ​មន្ទីរ​ទួល​ស្លែង​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ដែល​ចូល​មក​លេង​ល្បែង Pokemon Go
ក្នុងទំព័រហ្វេសប៊ុក របស់សារមន្ទីរគុកទូលស្លែង បានសរសេរថា “សារមន្ទីរទួលស្លែងមិនស្វាគមន៍ទេសចរណ៍ដែលចូលមកលេងល្បែង Pokemon ឡើយ។ ម្សិលមិញនិងថ្ងៃនេះ មានកាសែតបរទេសក្នុងស្រុកចំនួន៣ សរសេរទាក់ទងនិងល្បែង ផូគេមុន Pokemon Game។

សោកស្ដាយចំពោះក្រុមស្ថាបនិក ដែលសម្រេចបញ្ចូលទីតាំងសោកនាដកម្មនេះ ទៅក្នុងល្បែងរបស់ពួកគេ ដើម្បីប្រយោជន៍សប្បាយ និងចំណូលបុគ្គលរបស់ពួកគេ។ ហេតុអ្វីអ្នកគ្មានសតិយ៉ាងនេះ? ហេតុអ្វីអ្នកគ្មានសីលធម៌ដោយសប្បាយលើគំនរ សោកនាដកម្មនៅទីនេះ? សូមយុវជនខ្មែរភ្ញាក់ឡើងកុំវង្វេង និងល្បែងមួយនេះ ឈាមខ្មែរ ព្រលឹងខ្មែររាប់ម៉ឺននាក់ស្លាប់នៅទីនេះ សូមអ្នកនិយាយថាទេចំពោះការចូលរួមលេងល្បែងមួយនេះ។

សារមន្ទីរក៏សូមអំពាវនាវដល់សារព័ត៌មានទាំងអស់សូមកុំព្យាយាម ពន្យុះទឹកចិត្តយុវជនអោយចូលរួម ត្រូវប្រុងប្រយ័ត្នចំពោះសាររបស់ខ្លួន ឧទាហរណ៍ សារព័ត៌មានក្នុងស្រុកមួយដាក់ចំណងជើងថាមនុស្សជាច្រើនចូលមកលេងPokemon Go នៅគុកទួលស្លែង ចំណងជើងនេះហាក់ជួយជម្រុញអោយយុវជនខ្មែរចូលមកលេងល្បែងនេះបន្ថែម ព្រោះមានមនុស្សមកលេងច្រើន”។

ក្នុងទំព័រហ្វេសប៊ុកនោះសរសេរបន្ថែមជាចុងក្រោយថា “សូមអ្នកកាសែតមេត្តាគោរពវិជ្ជាជីវរបស់ខ្លួន”។

គួរបញ្ជាក់ថា ក្រុមហ៊ុន Niantic របស់អាមេរិកបានដាក់ឲ្យហ្គេម Pokemon Go ដែលប្រើប្រាស់ប្រព័ន្ធ GPS នេះ លេងបានជាផ្លូវការនៅប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍។ វាបានអនុញ្ញាតឲ្យអ្នកលេងធ្វើដំណើរទៅកន្លែងជាក់លាក់ណាមួយក្នុងពិភពពិត ដើម្បីចាប់តួអង្គសត្វ Pokemon ដែលពួកគេអាចមើលឃើញលើទូរស័ព្ទដៃស្មាតហ្វូនរបស់ពួកគេ៕

ប្រភព៖ kqube

  • សារ​មន្ទីរ​ទួល​ស្លែង​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ដែល​ចូល​មក​លេង​ល្បែង Pokemon Go已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ជីវិតនិងសង្គម
Tags: