យុវវ័យ​ខ្លះ​ស្កាត់​ពី​ខេត្ត​ព្រោះ​ចង់​ក្លាយ​ជា​តួ​សម្ដែង​រឿង “ស្រទន់​មន្ត​ស្នេហ៍”

បើ​តាម​អ្នក​ដឹក​នាំ​គម្រោង​លោក មាស រស្មី បាន​និយាយ​ថា មាន​យុវវ័យ​មក​ពី​តាម​បណ្ដា​ខេត្ត​ជា​ច្រើន​នាក់ ក៏​ចាប់​អារម្មណ៍​ចង់​ក្លាយ​ជា​តួ​សម្ដែង​ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍” ដែរ។

 

យុវវ័យ​ខ្លះ​ស្កាត់​ពី​ខេត្ត​ព្រោះ​ចង់​ក្លាយ​ជា​តួ​សម្ដែង​រឿង “ស្រទន់​មន្ត​ស្នេហ៍”បេក្ខនារីដែលបានទៅជួបសម្ភាសន៍ជាមួយក្រុមការងារ

 

លោក​បន្ត​ថា យុវវ័យ​ទាំង​អស់​នោះ​ភាគ​ច្រើន​មិន​ទាន់​មាន​បទ​ពិសោធន៍​សិល្បៈ​កន្លង​មក​ទេ ប៉ុន្តែ​ពួក​គេ​មាន​ចំណាប់​អារម្មណ៍​ចំពោះ​រឿង​វីដេអូ​ទូរទស្សន៍​មួយ​នេះ។ លោក មាស រស្មី និយាយ​ថា៖ “ពួក​គាត់​មួយ​ចំនួន​បាន​ឆាត​មក​តាម​ហ្វេសប៊ុក ហើយ​មួយ​ចំនួន​ទៀត​បាន​មក​ជួប​ក្រុម​ការងារ​ដោយ​ផ្ទាល់​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ពី​ខេត្ត​មក​ក៏​មាន”។

 

ទោះ​បី​ជា​យ៉ាង​ណា សហ​ស្ថាបនិក ស្ទូឌីយោ៤​រូប​នេះ​បាន​បន្ថែម​ថា នៅ​មិន​ទាន់​បាន​សាកល្បង​សមត្ថភាព​បេក្ខភាព​ទាំង​នោះ​នៅ​ឡើយ គ្រាន់​តែ​បាន​ជួប​សួរនាំ​ព័ត៌មាន​មួយ​ចំនួន​ប៉ុណ្ណោះ។ បេក្ខជន​ទាំង​អស់​ត្រូវ​មើល​សាច់​រឿង​ជាមុន​សិន មុន​ពេល​ការ​សម្ដែង​សាកល្បង​នៅ​មុខ​កាមេរ៉ា។ ​បច្ចុប្បន្ន​ក្រុមការងារ​របស់​លោក​នៅ​បន្ត​ជ្រើសរើស​យុវវ័យ​ជា​បន្ត​បន្ទាប់​ទៀត ដើម្បី​ស្វែង​រក​អ្នក​មាន​ទេពកោសល្យ និង​ចំណង់​ចំណូល​ចិត្ត​សម្ដែង។

 

យុវវ័យ​ខ្លះ​ស្កាត់​ពី​ខេត្ត​ព្រោះ​ចង់​ក្លាយ​ជា​តួ​សម្ដែង​រឿង “ស្រទន់​មន្ត​ស្នេហ៍”កែន នីរ៉ូត ស្កាត់មកពីជ្រៃធំ ព្រំប្រទល់វៀតណាម

យុវជន កែន នីរ៉ូត មក​ពី​ព្រំ​ប្រទល់​កម្ពុជា-វៀតណាម បាន​និយាយ​ថា រូប​គេ​មាន​ការ​ចាប់​អារម្មណ៍ និង​ចង់​ក្លាយ​ជា​តួ​សម្ដែង​ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍” ទើប​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​ចំនួន ៨០ ស្កាត់​មក​ជួប​ក្រុមការងារ​។ រូប​គេ​មិន​ទាន់​បាន​សាកល្បង​សមត្ថភាព​នៅ​មុខ​កាមេរ៉ា​នៅ​ឡើយ​ទេ ព្រោះ​មិន​ទាន់​ដល់​ពេល។

 

“ដំបូង​ឡើយ​ខ្ញុំ​បាន​ដាក់​ពាក្យសុំ​សម្ដែង​តាម​ហ្វេសប៊ុក​ទេ តែ​ខាង​ក្រុម​ការងារ​គាត់​បាន​ផ្ដល់​ឱកាស​ហៅ​ខ្ញុំ​មក​ជួប​តែ​ម្ដង”។ នីរ៉ូត ថ្លែង​មក​កាន់ Sabay។ រូប​គេ​បន្ត​ថា មិន​ធ្លាប់​មាន​បទ​ពិសោធន៍​សម្ដែង​ទេ​កន្លង​មក​ ប៉ុន្តែ​ដោយ​សារ​កាស​ស្រលាញ់​វិស័យ​សម្ដែង​រូប​គេ​នឹង​សាកល្បង​ប្រសិន​បើ​មាន​ឱកាស៕

 

អត្ថបទ៖ សំ ជំនាញ