បង់ក្លាដែស៖លោកស្រី​ប្រមុខ​គណបក្សប្រឆាំង​ទទួល​បាន​សេរីភាព​ក្រោម​លក្ខខណ្ឌ

នៅក្នុងប្រទេសបង់ក្លាដែស បន្ទាប់ពីបានបង្ហាញខ្លួននៅមុខតុលាការនាថ្ងៃពុធ ទី១០ សីហាមក លោកស្រីខាលីដា ហ្សា អតីតនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រឆាំងក៏ត្រូវបានចៅក្រមយល់ព្រមប្រគល់សេរីភាពឲ្យ តែស្ថិតក្រោមការតាមដាន។ គួររម្លឹកជូនថា អតីតនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រឆាំងរូបនេះបានជាប់ចោទពីបទបានរៀបចំដុតបំផ្លាញដោយចេតនានាឱកាសបាតុកម្មប្រឆាំងរដ្ឋាភិបាលក្នុងឆ្នាំ ២០១៥ រួមទាំងបទចោទប្រកាន់ជាច្រើនផ្សេងទៀត។

មានអាយុ ៧០ឆ្នាំ និងធ្លាប់កាន់តំណែងនាយករដ្ឋមន្រ្តីចំនួន ២ដង លោកស្រីប្រធានគណបក្សប្រឆាំងខាលីដា ហ្សាបានជាប់ចោទក្នុងសំណុំរឿងតែចំនួន ៩ករណីប៉ុណ្ណោះ។ តែបើគេរាប់បញ្ចូលបន្ថែមនូវបទចោទប្រកាន់ថ្មីៗចុងក្រោយ គឺឡើងដល់ទៅ ៣០ករណី ពិសេសពាក់ព័ន្ធនឹងអំពើពុករលួយ និងអំពើហិង្សា នេះបើយោងតាមមេធាវីរបស់លោកស្រី។ នៅក្នុងថ្ងៃបង្ហាញខ្លួននៅតុលាការនាថ្ងៃពុធ ទី១០ សីហា ក្រុមសកម្មជនគាំទ្រលោកស្រីជាច្រើនរយនាក់ក៏បានទៅជួបជុំគ្នានៅពីមុខតុលាការ និងបាននាំគ្នាស្រែកប្រឆាំងរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្រ្តីឆេក ហាស៊ីណា។

សម្រាប់គណបក្សប្រឆាំង គឺគណបក្សជាតិបង់ក្លាដែសនៅបន្តចាត់ទុកបទចោទប្រកាន់ទាំងអស់លើលោកស្រីប្រធានបក្សថាជារឿងប្រឌិតសុទ្ធសាធក្នុងបំណងគាបសង្កត់ផ្លូវនយោបាយលើបក្សប្រឆាំង ពិសេសលើលោកស្រីខាលីដា ហ្សាដែលជាគូប្រជែងស៊ីសាច់ហុតឈាមនឹងនាយករដ្ឋន្រ្តីបច្ចុប្បន្ន លោកស្រីឆេក ហាស៊ីណា។ គួររម្លឹកជូនថា សង្រ្គាមរវាងឥស្សរជននយោបាយស្រ្តីទាំងពីររូបបានធ្វើឲ្យបង់ក្លាដែសច្របូកច្របល់ និងជាប់គាំងដោយចលនាបាតុកម្មរៀបចំដោយគណបក្សប្រឆាំងនាដើមឆ្នាំ ២០១៥។

ក្រុមបាតុករបានបិទផ្លូវ និងបិទមធ្យោបាយដឹកជញ្ជូននៅទូទាំងប្រទេសក្នុងគោលដៅទាមទារឲ្យលោកស្រីឆេក ហាស៊ីណាចុះចេញពីតំណែង។ តែទីបំផុត លោកស្រីឆេក ហាស៊ីណាបានប្រើកម្លាំងប៉ូលិស និងកម្លាំងទ័ពវាយបំបែកដោយបណ្តាលឲ្យមានមនុស្សស្លាប់ ១២០នាក់។ នៅក្នុងឱកាសនោះដែរ ក៏មានសកម្មជនគាំទ្រលោកស្រីខាលីដា ហ្សា និងថ្នាក់ដឹកនាំគណបក្សប្រឆាំងសរុប ១៥ ០០០នាក់ត្រូវបានចាប់ខ្លួន។ ក្រៅពីជាប់ចោទពីបទបង្កឲ្យមានអំពើហិង្សាក្នុងពេលបាតុកម្ម តុលាការក៏បានស្តីបន្ទោសលោកស្រីខាលីដា ហ្សាពីការនិយាយបំផ្លែងការពិតជុំវិញសង្រ្គាមដណ្តើមឯករាជ្យប្រឆាំងប៉ាគីស្ថានកាលពីឆ្នាំ ១៩៧១ និងការលើកឡើងពីតួលេខនៃចំនួនមនុស្សស្លាប់នៅក្នុងសង្រ្គាមសម័យនោះ៕

ឥឡូវនេះ លោកស្រីខាលីដា ហ្សាបានទទួលសេរីភាពក្រោមលក្ខខណ្ឌ តែរវាងលោកស្រី និងលោកស្រីឆេក ហាស៊ីណា គឺជាខ្លាញីពីរដែលគ្មានថ្ងៃសោយរាជ្យនៅលើភ្នំតែមួយបានទេ៕

ប្រភព៖ RFI


Related Posts