អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ថា​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​វៀតណាម​សង់​ប៉ុស្តិ៍​នៅ​តំបន់​ស

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថាមិនទាន់ទទួលបានព័ត៌មានរឿងទាហានវៀតណាម សង់ប៉ុស្តិ៍ថ្មីចំនួនពីរនៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅឡើយទេ នៅថ្ងៃទី១០ ខែសីហា នេះ។

ទោះបីជាអាជ្ញាធរខេត្តរតនគិរី បានផ្តល់ព័ត៌មានរឿងទាហានវៀតណាម សង់ប៉ុស្តិ៍ថ្មីចំនួនពីរនៅក្នុងស្រុកអូរយ៉ាដាវ មកថ្នាក់ជាតិក្តី ប៉ុន្តែរដ្ឋាភិបាល ឬក្រសួងការបរទេសកម្ពុជា មិនទាន់ឆ្លើយតបជាផ្លូវការទៅភាគីវៀតណាម នៅឡើយទេ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ លោក ជុំ សុន្ទរី បញ្ជាក់ថា ការដែលមិនទាន់ទទួលបានព័ត៌មានរឿងទាហានវៀតណាម សង់ប៉ុស្តិ៍ថ្មីនៅតំបន់ស មិនមែនមានន័យថា ក្រសួងការបរទេស មិនទាន់ទទួលព័ត៌មាននេះទេ ប៉ុន្តែព័ត៌មាននេះស្ថិតក្នុងដៃនាយកដ្ឋានជំនាញណាមួយនៃក្រសួងនេះនៅឡើយ៖ «វាអាចពេលដែលសួរខ្ញុំ ព័ត៌មានហ្នឹងបានមកដល់នាយកដ្ឋានដែលគេកាន់ការងារហ្នឹង ប៉ុន្តែមិនទាន់បានមកដល់ខ្ញុំ ដើម្បីដឹងថាព័ត៌មានបានមកដល់ក្រសួងការបរទេសហើយ ឬនៅ ទាល់តែខ្ញុំផ្ទៀងផ្ទាត់ជាមួយនាយកដ្ឋានពាក់ព័ន្ធ»។

អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បានទេនៅថ្ងៃទី១០ ខែសីហា ដោយលោកបញ្ជាក់ថាកំពុងប្រជុំ។

ដោយឡែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថាប្រសិនការសាងសង់របស់វៀតណាម នោះរំលោភកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ រដ្ឋាភិបាលកម្ពុជា ក្រៅពីផ្ញើកំណត់ទូតប្រឆាំងការសាងសង់ រដ្ឋាភិបាលនឹងចាត់វិធានការណាមួយដើម្បីឆ្លើយតបសកម្មភាពនោះ។

កាលពីថ្ងៃទី៩ ខែសីហា មន្ត្រីតម្រួតព្រំដែនកម្ពុជា ឲ្យដឹងថា កន្លែងដែលទាហានវៀតណាម កំពុងសង់ប៉ុស្តិ៍ឋិតនៅចំណុចអូរកុមារ ជិតបង្គោលព្រំដែនលេខ៣០ ក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។ ប៉ុស្តិ៍នោះមានទំហំជាង ៣០០ម៉ែត្រក្រឡា បានចាក់គ្រឹះ និងសសររួចហើយ។

ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា លោកបណ្ឌិត សុខ ទូច ប្រាប់ថា តំបន់ដែលវៀតណាម សាងសង់ប៉ុស្តិ៍ដែលស្ថិតក្នុងឃុំប៉ក់ញ៉ៃ ជាតំបន់ធ្លាប់មានបញ្ហា ព្រោះវៀតណាម បានជីកស្រះចំនួន ៩កន្លែង ប៉ុន្តែទើបលុបបានតែមួយកន្លែងទេ។ ម្យ៉ាងវិញទៀតលោកថា តំបន់នោះមិនទាន់បានបោះបង្គោលត្រឹមត្រូវនៅឡើយទេ៖ «ម្តុំហ្នឹងមិនទាន់បានបោះបង្គោលទេ ពីបង្គោល៣០ ទៅបង្គោល៤០។ យើងធ្វើដំណើរ ៣ម៉ោងឯណោះ កន្លែងមិនទាន់វាស់វែងនោះ គេហៅថាតំបន់ស មិនឲ្យភាគីណាមួយទៅអាស្រ័យផលទេ បើមានការអាស្រ័យផល នឹងមានការដោះដូរ»។

លោកបណ្ឌិត សុខ ទូច ថានេះការរំលោភនៃកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ និងជាការចាប់ផ្តើមរបស់វៀតណាម ដែលមិនគោរពប្រទេសកម្ពុជា។

រដ្ឋធម្មនុញ្ញមាត្រា២ ចែងថា បូរណភាពទឹកដីកម្ពុជា មិនអាចរំលោភបានជាដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ (មួយលើមួយរយពាន់) ធ្វើនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ហើយត្រូវទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩។

កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ ចែងថា ក្នុងករណីមានការរំលោភ ឬគំរាមរំលោភអធិបតេយ្យ ឯករាជ្យ បូរណភាព ហត្ថលេខីនៃកិច្ចព្រមព្រៀងត្រូវធ្វើការប្រជុំជាបន្ទាន់ ដើម្បីចាត់វិធានការសមស្រប។

កាលពីថ្ងៃទី៩ ខែសីហា ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង ទទួលស្គាល់ថា លោកទើបទទួលបានថា ភាគីវៀតណាម បានសង់ប៉ុស្តិ៍មួយក្នុងចំណោមប៉ុស្តិ៍ទាំងពីរនេះ។ លោកថា រាជរដ្ឋាភិបាលបានផ្ញើកំណត់ទូតជូនភាគីវៀតណាម តាំងពី ២សប្ដាហ៍មុន ប៉ុន្តែមិនទាន់ឃើញការឆ្លើយតបនៅឡើយ៖ «ខ្ញុំដឹងតែមួយកន្លែងទេ អគារដែលគម្រោងធ្វើធំហ្នឹង យើងផ្ញើកំណត់ទូតជិតពីរអាទិត្យហើយ ធ្វើភ្លាម យើងផ្ញើភ្លាម សុំឲ្យបញ្ឈប់ការខុសឆ្គង ការរំលោភកិច្ចព្រមព្រៀងគ្នាថ្ងៃ១៧ មករា ឆ្នាំ១៩៩៥»។

មិនមែនជាលើកទីមួយនៃការរំលោភពីសំណាក់វៀតណាម មកលើតំបន់ស ខណៈប្រទេសទាំងពីរមិនទាន់បានបោះបង្គោលនៅតាមព្រំដែនចប់សព្វគ្រប់នៅឡើយ។ លោកបណ្ឌិត សុខ ទូច ថាករណីវៀតណាម នៅតែបន្តរំលោភបំពានកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរទៀត ភាគីកម្ពុជា អាចស្នើសុំប្រទេសបារាំង ជួយអន្តរាគមន៍ ព្រោះប្រទេសនេះធ្លាប់ធ្វើអាណានិគមលើទឹកដីកម្ពុជា-វៀតណាម ហើយបារាំង ជាអ្នកចងក្រងគូសផែនទីកូសាំងស៊ីនដល់ប្រទេសទាំងពីរ។

អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន ឲ្យដឹងថា លោកបានធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិកិច្ចការព្រំដែនរួចហើយ ប៉ុន្តែមកទល់ពេលនេះ គេមិនឃើញរដ្ឋាភិបាលបញ្ចេញប្រតិកម្មទៅភាគីវៀតណាម នៅឡើយទេ៕

ប្រភព៖ RFA


អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ថា​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​វៀតណាម​សង់​ប៉ុស្តិ៍​នៅ​តំបន់​ស

ភស្តុតាង​ថ្មី​បញ្ជាក់​ថា​បណ្ឌិត កែម ឡី ស្លាប់​នៅ​លើ​កៅអី

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ថា​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​វៀតណាម​សង់​ប៉ុស្តិ៍​នៅ​តំបន់​ស

អ្នក​លេង​ហ្គេម Pokemon Go នៅ​សារមន្ទីរ​ទួល​ស្លែង​ធ្វើ​ឲ្យ​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​មិន​សប្បាយ​ចិត្ត