មិន​ទាន់​លុប​ស្រះ​ចំនួន​៨ ភាគី​វៀតណាម​សង់​ប៉ុស្តិ៍​ព្រំដែន​រំលោភ​ជា​ថ្មី លើ​តំបន់​ស

មិន​ទាន់​លុប​ស្រះ​ចំនួន​៨ ភាគី​វៀតណាម​សង់​ប៉ុស្តិ៍​ព្រំដែន​រំលោភ​ជា​ថ្មី លើ​តំបន់​ស



ខេត្តរតនគិរី ៖ សំណង់​ប៉ុស្តិ៍​ព្រំដែន​ចំនួន​២​របស់​ទាហាន​វៀតណាម កំពុង​ត្រូវ​បាន​រៀប​គ្រឹះ​សាងសង់​នៅ​តំបន់​ស​ នៃ​បន្ទាត់​ព្រំដែន​ជាប់​នឹង​ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀតណាម​ ។ ការ​សង់​ប៉ុស្តិ៍​ថ្មី​នេះ​ ធ្វើ​ឡើងជា​ឯកតោភាគី ខណៈ​ខ្សែបន្ទាត់​ព្រំដែន​នៅ​តំបន់​នោះ​ នៅ​មិនទាន់​មានការ​ឯកភាព​គ្នា​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​វៀតណាម​នៅឡើយ ។

មន្ត្រី​អាជ្ញាធរ​ខេត្ត​ឲ្យ​ដឹង​ថា ទាហាន​វៀតណាម​បាន​រំលោភ​ជា​ថ្មី​ទៀត ​នៅ​លើ​តំបន់​ស​ដែល​ហាមឃាត់​ភាគី​ទាំង​២​ មិន​ឲ្យ​សាងសង់ ឬ​ធ្វើ​អ្វី​នៅ​លើ​ចំណុច​បន្ទាត់​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​គ្នា​វាស់វែង និង​តម្រូវ​ឱ្យ​រក្សា​ស្ថានភាព​ដើម ។

លោក ញ៉ែ​ម សំ​អឿ​ន អ្នកនាំពាក្យ​សាលាខេត្ត និង​ជា​អភិបាលរង​ខេត្ត មាន​ប្រសាសន៍​ថា ទាហាន​ការពារ​ព្រំដែន​កម្ពុជា​តំបន់​ព្រំដែន​ស្រុក​អូ​រយ៉ា​ដាវ បានឃើញ​ទាហាន​វៀតណាម​កំពុង​ចាក់​គ្រឹះ​ និង​សសរ​សាងសង់​ប៉ុស្តិ៍​នៅ​តំបន់​ដែល​ហាមឃាត់​មួយ​កន្លែង ។ ខណៈ​ឃើញ​បែប​នេះ ទាហាន​កម្ពុជា​បាន​ហាមឃាត់​ភ្លាម​ៗ និង​បាន​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​វៀតណាម​ពី​បញ្ហា​ខាងលើ ។

លោក ញ៉ែ​ម សំ​អឿ​ន បន្ត​ថា លោក​បាន​ធ្វើ​របាយការណ៍​ជូន​ក្រសួងមហាផ្ទៃ និង​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​រួច​ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ តាម​មន្ត្រី​ការទូត ប្រសិនបើ​ភាគី​វៀតណាម​នៅ​តែ​បំពាន​សាងសង់​ប៉ុស្តិ៍​បន្ត​ទៀត​។

ជា​ប្រតិកម្ម ក៏​មានការ​ណែនាំ​ពី​ថ្នាក់​ខេត្ត​ដល់​កងកម្លាំង​ឱ្យ​មានការ​ជួប​គ្នា​ដែរ ប៉ុន្តែ​មិន​ទាន់​មានការ​ជួប​គ្នា​រវាង​ថ្នាក់​ខេត្ត​និង​ថ្នាក់​ខេត្ត​ទេ ។ 

មន្ត្រី​យោធា​ព្រំដែន​កម្ពុជា​នៅ​តំបន់​ខាងលើ​ឲ្យ​ដឹង​ថា កន្លែង​ដែល​ទាហាន​វៀតណាម​កំពុង​សាងសង់​ប៉ុស្តិ៍​ស្ថិត​នៅ​ចំណុច​អូរ​កុមារ ជិត​បង្គោល​ព្រំដែន​លេខ​៣០ ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ។ ប៉ុស្តិ៍​នោះ​មាន​ទំហំ​៣០០​ម៉ែត្រក្រឡា បាន​ចាក់​គ្រឹះ​និង​សសរ​រួច​ហើយ ។

មន្ត្រី​ព្រំដែន​ដដែល​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បន្ត​ថា វៀតណាម​សង់​អគារ​ថ្មី​នេះ​ប្រមាណ​ពី​ស​ប្តា​ហ៍​កន្លង​មក​ហើយ ។ បើ​ទោះបី​ទាហាន​ព្រំដែន​បាន​ជួប​ពិភាក្សា ​និង​ហាមឃាត់​ការ​សាងសង់​នេះ​ក៏​ដោយ ក៏​ទាហាន​វៀតណាម​នៅ​តែ​ធ្វើ​មិនដឹងមិនឮដែរ ។ ទោះជា​យ៉ាងណា មន្ត្រី​ព្រំដែន​រូប​នេះ​បាន​បដិសេធ​ថា ​មិន​បានដឹង​ពី​ការ​សង់​ប៉ុស្តិ៍​នៅ​ទីតាំង​ផ្សេង​ៗ​ទៀត​នោះ​ឡើយ ។

ចំណែក​ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ឡំ ដែល​ឆ្លង​ចេញចូល​ភូមិ​វៀតណាម​ជាប់​ព្រំដែន​គ្នា​នោះ​ឲ្យ​ដឹង​ថា ទាហាន​វៀតណាម​បាន​សាងសង់​ប៉ុស្តិ៍​ថ្មី​មួយ​ផ្សេង​ទៀត ក្នុង​តំបន់​ស ជាប់​កន្លែង​វៀតណាម​ជីក​ស្រះ​ចំនួន​៨ នៅ​ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ ជាប់​នឹង​ភូមិ​សេ​សៅ ឃុំ​យ៉ា​ណា​ង ស្រុក​ដាក់​កឺ ខេត្ត​យ៉ា​ឡាយ​ ។ ទាក់ទង​នឹង​ការ​ជីក​ស្រះ​នោះ កម្ពុជា​ក៏​បាន​ធ្វើ​កំណត់​ទូត​ជំទាស់​ដែរ ​និង​ទាមទារ​ឱ្យ​លុប​ស្រះ​ទាំងនោះ​វិញ តែ​រហូត​មក​ដល់​ពេល​នេះ​មិន​មានការ​លុប​ស្រះ​ទាំងនោះ​ទេ ។

អ្នក​ភូមិ​ឡំ លោក រ​ចំ ខាំ និយាយ​ថា ប៉ុស្តិ៍​ថ្មី​នោះ​មាន​ទំហំ​ប្រមាណ​១០០​ម៉ែត្រក្រឡា បច្ចុប្បន្ន​ភាគី​វៀតណាម​បាន​ចាក់​គ្រឹះ និង​ចាក់​សសរ​កម្ពស់​៤​ម៉ែត្រ​កន្លះ ។ គាត់​កត់សម្គាល់​ដែរ​ថា ស្រះ​មួយ​ចំនួន​ដែល​វៀតណាម​ជីក​ក្នុង​តំបន់​ស​កាលពី​ឆ្នាំ​២០១៥ ត្រូវ​បាន​វៀតណាម​ថែទាំ និង​កំពុង​ប្រើប្រាស់​ដោយ​មិន​បាន​លុប​វិញ​តាម​ការ​សន្យា​របស់​ខ្លួន​ឡើយ ។

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​លោក​ទេស​រដ្ឋមន្ត្រី វ៉ា គឹ​ម​ហុង បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​០៩ ខែសីហា ថា​ លោក​ទទួលស្គាល់​ថា​ ភាគី​វៀតណាម​ពិតជា​បាន​សង់​ប៉ុស្តិ៍​ខុស​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​២ មែន ប៉ុន្តែ​លោក​ទទួល​ព័ត៌មាន​តែ​មួយ​ទីតាំង​ទេ​មិន​មាន​២​ទីតាំង​ទេ ។ លោក​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​ផ្ញើ​កំណត់​ទូត​ជូន​ភាគី​វៀតណាម​តាំងពី​២​ស​ប្តា​ហ៍​មុន ប៉ុន្តែ​មិន​ទាន់​ឃើញ​ការ​ឆ្លើយ​តប​នៅឡើយ ។

លោក​ទេស​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា «​ខ្ញុំ​ដឹង​តែ​មួយ​កន្លែង​ទេ អគារ​ដែល​គម្រោង​ធ្វើ​ធំ​ហ្នឹង យើង​ផ្ញើ​កំណត់​ទូត​ជិត​២​អាទិត្យ​ហើយ ធ្វើ​ភ្លាម​យើង​ផ្ញើ​ភ្លាម​សុំ​ឲ្យ​បញ្ឈប់​ការ​ខុសឆ្គង ការ​រំលោភ​កិច្ចព្រមព្រៀង​គ្នា​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​១៩៩៥» ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ខេត្តរតនគិរី​លោក ឆាយ ធី អំពាវនាវ​សុំ​ឲ្យ​គណៈ​ក​មា្ម​ធិ​ការ​ចម្រុះ​កិច្ចការ​ព្រំដែន ចុះ​ពិនិត្យ​បញ្ហា​រំលោភ​តំបន់​ស​នេះ​ឡើង​វិញ ។ ការ​រំលោភ​បំពាន​បែប​នេះ មាន​តែ​ភាគី​កម្ពុជា​ទេ​ដែល​គោរព តែ​ប្រទេស​ជិតខាង​មិន​ដែល​បាន​គោរព​សោះ ។ មាត់​គេ​និយាយ​ថា​ គោរព​តំបន់​ស ជា​តំបន់​ដែល​មិន​ទាន់​កំណត់​បន្ទាត់​ព្រំដែន​ឱ្យ​បាន​ជាក់លាក់​មិន​ត្រូវធ្វើ​អ្វី និង​រក្សា​ស្ថានភាព​ដើម តែ​ផ្ទុយ​ទៅ​វិញ​គេ​រំលោភ ។ បញ្ហា​ព្រំដែន​នេះ បើ​ខ្មែរ​មិន​មូលមាត់គ្នា​តែ​មួយ​ទេ​នោះ ពិតជា​លំបាក​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ហើយ ៕