ពល​​​រដ្ឋ​​​ខ្មែរ៦នាក់​​​​​​​​​ត្រូវបាន​​ជួយ​​​​​​​​​​​​សង្គ្រោះ​​​​​​​​​​​​​​​ បន្ទាប់​​​ពី​​​​​​​​​​​​​​​ត្រូវ​​​ក្រុម​​​​​​​​​ទុច្ចរិត​​​​​​​​​​​​​​​ជំរិត​​​ទារ​​​​​​ប្រាក់​​​​​​​​​​​​នៅ​​​​​​វៀតណាម 

យោងតាមមន្ត្រីនគរបាលខេត្តមួយរូបឲ្យដឹងថា ពលរដ្ឋខ្មែរ៦នាក់ត្រូវបានបញ្ជូនមកប្រទេសកម្ពុជា វិញកាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីមេខ្យល់បោកនាំទៅប្រទេសវៀតណាម ដោយសន្យារកការងារសំណង់ឲ្យធ្វើដែលទទួលបានតម្លៃពលកម្មខ្ពស់ ប៉ុន្តែធាតុពិតត្រូវគេនាំទៅឃុំខ្លួនដើម្បីជំរិតទារប្រាក់សោះ។ លោក កែវ សុថា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តស្វាយរៀង បានមានប្រសាសន៍កាលពីម្សិលមិញថា អាជ្ញាធរកម្ពុជា បានសុំជំនួយពីអាជ្ញាធរវៀតណាម កាលពីសប្តាហ៍មុន បន្ទាប់ពីបុរសទាំងនេះទូរស័ព្ទមកប្រពន្ធរបស់ខ្លួនប្រាប់ថាខ្លួនត្រូវក្រុមទុច្ចរិតចាប់ជំរិតទារប្រាក់លោះខ្លួន។ លោកថ្លែងថា ”ម្នាក់ក្នុងចំណោមបុរសទាំងនោះបានទូរស័ព្ទមកប្រពន្្ធរបស់ខ្លួននៅកម្ពុជា ហើយបានប្រាប់ប្រពន្ធឲ្យទាក់ទងទៅក្រុមគ្រួសាររបស់បុរសផ្សេងទៀតឲ្យផ្ញើប្រាក់ម្នាក់ៗ២០០ដុល្លារឱ្យទៅក្រុមចាប់ជំរិត។ ប៉ុន្តែបន្ទាប់ពីពួកគាត់ប្រមូលប្រាក់លោះខ្លួនបាន ពួកគាត់បានសម្រេចចិត្តថាពួកគាត់មិនទុកចិត្តជនចាប់ជំរិត ហើយក៏រាយការណ៍មកនគរបាលរបស់យើង។ នគរបាលរបស់យើងបានសហការណ៍ជាមួយនគរបាលវៀតណាម ដើម្បីស្វែងរកជនរងគ្រោះ។ នគរបាលវៀតណាម បានរកឃើញពួកគាត់ និងបញ្ជូនពួកគាត់មកកម្ពុជា វិញហើយ”។ លោកបានលើកឡើងបន្ថែមទៀតថា លោកមិនដឹងច្បាស់ថាពលរដ្ឋខ្មែរទាំងនេះត្រូវបានជួយសង្គ្រោះនៅថ្ងៃណាឲ្យប្រាកដទេ ប៉ុន្តែថា ពួកគាត់បានវិលត្រឡប់មកវិញកាលពីថ្ងៃសៅរ៍។ មានការរៀបរាប់ផ្ទុយគ្នាអំពីស្ថានភាពដែលឈានទៅដល់ការចាប់ជំរិតនេះ។ លោក កែវ សុថា មានប្រសាសន៍ថា បុរសទាំង៦នាក់នេះជាកម្មករនៅក្រុងបាវិត ហើយត្រូវមេខ្យល់ជនជាតិវៀតណាម ម្នាក់សន្យានាំឆ្លងដែនរកការងារសំណង់ឱ្យធ្វើដែលផ្ដល់ថ្លៃកម្លាំងពលកម្ម១០ដុល្លារក្នុងថ្ងៃ។ លោកបានបន្ថែមថា ”មេខ្យល់បានប្រាប់ពួកគាត់ថានឹងរកការងារឲ្យពួកគាត់ធ្វើនៅចម្ងាយប្រហែល២០គីឡូម៉ែត្រពីកម្ពុជា ហើយពួកគាត់អាចចេញដំណើរនៅពេលព្រឹកហើយត្រឡប់មកវិញនៅពេលរសៀល។ ប៉ុន្តែមេខ្យល់បានកុហក ហើយនាំពួកគាត់ទៅខេត្តមួយនៅភាគខាងត្បូង កន្លែងដែលជននោះប្រគល់ពួកគាត់ឲ្យទៅជនចាប់ជំរិត។ពួកគាត់សំណាងហើយដែលត្រូវបានជួយសង្គ្រោះទាន់ពេល ម៉្លេះពួកគាត់ត្រូវគេនាំទៅធ្វើជាអ្នកនេសាទទាសករបាត់ហើយ”។ ទោះជាយ៉ាងណា យោងតាមអត្ថបទមួយចុះផ្សាយកាលពីថ្ងៃអង្គារដោយកាសែត Thanh Nien News ដែលគ្រប់គ្រងដោយរដ្ឋរបស់វៀតណាម បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំងនេះកំពុងធ្វើការក្នុងប្រទេសវៀតណាម ស្រាប់ទៅហើយ នៅពេលពួកគាត់ជួបជាមួយមេខ្យល់ដែលបានប្រគល់ពួកគាត់ឲ្យទៅក្រុមចាប់ជំរិតក្នុងក្រុងហូជីមិញ។ អត្ថបទដដែលបញ្ជាក់ថា ពួកគាត់ត្រូវបានឃុំខ្លួនក្នុងបន្ទុបសណ្ឋាគារ បន្ទាប់ពីបដិសេធមិនព្រមទៅធ្វើជាអ្នកនេសាទនៅសមុទ្រ។ នគរបាលវៀតណាម ទទួលបានព័ត៌មាននេះពីអ្នកជិតខាងម្នាក់ដែលមានការសង្ស័យ ហើយចាប់ខ្លួនជនចាប់ជំរិតបាន៣នាក់ ប៉ុន្តែកំពុងស៊ើបតាមចាប់ខ្លួនមេខ្យល់៕ សុខុម © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post ពល​​​រដ្ឋ​​​ខ្មែរ៦នាក់​​​​​​​​​ត្រូវបាន​​ជួយ​​​​​​​​​​​​សង្គ្រោះ​​​​​​​​​​​​​​​ បន្ទាប់​​​ពី​​​​​​​​​​​​​​​ត្រូវ​​​ក្រុម​​​​​​​​​ទុច្ចរិត​​​​​​​​​​​​​​​ជំរិត​​​ទារ​​​​​​ប្រាក់​​​​​​​​​​​​នៅ​​​​​​វៀតណាម  appeared first on The Cambodia Daily.