ណាំ ប៊ុ​ណ្ណា​រ័​ត្ន បាន​តំណែង​តួឯក​លើក​ដំបូង ប្រកាន់​ជំហរ​មិន​សម្តែង​ជា​តួ​រាយរង

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ណាំ ប៊ុ​ណ្ណា​រ័​ត្ន ដែល​ទើបបាន​សម្តែង​ជា​តួឯកភាពយន្ត​ជា​លើក​ដំបូង​ក្នុង​រឿង «​អមតៈ​» របស់​ផលិតកម្ម​ហ្ស៊ី រក្សា​ជំហរ​មិន​សម្តែង​ក្រៅពី​តួឯក​ទេ ។

តារាចម្រៀង​ណាំ ប៊ុ​ណ្ណា​រ័​ត្ន ក្នុង​ពិធី​សម្ពោធ​ភាពយន្ត​រឿង «​អមតៈ​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា «​ការ​សម្តែង​គឺ​ខ្ញុំ​ចាត់​ទុក​ថា​ពិបាក ប៉ុន្តែ​ភាពយន្ត​ពិបាក​តែបើ​យើង​អាច​ធ្វើ​បាន​រឹតតែ​ល្អ ។  ប្រសិនបើ​ផលិតកម្ម​ផ្សេង​ហៅ​ខ្ញុំ​ទៅ​ថត​សម្តែង​ដោយ​មិនមែន​ជា​តួឯក គឺ​ខ្ញុំ​មិន​សម្តែង​ទេ ។ ដំបូង​ជា​តួឯក តែបើ​ថត​តួឯក​ហើយ​គឺ​គេ​មិន​អាច​វិល​មក​ថត​ជា​តួ​រាយរង​បាន​នោះ​ទេ ។ បើ​ទោះជា​រឿង​នោះ​មាន​តួអង្គ​សុទ្ធតែ​ប្រជុំ​ដោយ​តារា ល្បី​ៗ​ពេញ​ពិភព​សិល្បៈ​បែប​ណា​ក៏​ខ្ញុំ​មិន​សម្តែង​ជូន​ដែរ ឱ្យ​តែ​មិន​មានការ​ចេញ​មុខមាត់​ខ្ញុំ​ជា​តួ​សំខាន់​ម្នាក់ ។ ការ​ប្រកាន់​ជំហរ​នេះ​ខ្ញុំ​គិត​ថា ប្រសិនជា​ខ្ញុំ​មិនមែន​ជា​តួឯក​គឺ​ខ្ញុំ​សុំ​ដកឃ្លា » ។

ចំពោះ​អាជីព​ចម្រៀង​វិញ លោក​ណាំ ប៊ុ​ណ្ណា​រ័​ត្ន និយាយ​ថា បើ​ផលិតកម្ម​ឱ្យ​លោក​ធ្វើ​បទ​ចម្លង​ក៏​លោក​ធ្វើ​ដែរ ប៉ុន្តែ​លោក​កែ​សាច់ភ្លេង ។ អាស្រ័យ​លើ​ផលិតកម្ម​តម្រូវ​ឱ្យ​លោក​និពន្ធ មិន​អាច​ប្រកែក​ឡើយ ពោល​មិន​មាន​គោលការណ៍​មិន​ចម្លង​បទ​គេ​ទេ ។ «​ខ្ញុំ​ធ្លាប់​ចម្លង​តាំងពី​ចេះ​ធ្វើ តិច​ៗ​តែ​ខ្ញុំ​កែ​ភ្លេង ប្រសិនបើ​ផលិតករ​ឱ្យធ្វើ​បទ​ចម្លង ព្រោះ​ខ្ញុំ​ក៏​ត្រូវការ​ជីវភាព​រស់នៅ​ឱ្យ​សមរម្យ ខ្ញុំ​មិនមែន​ជា​សេដ្ឋី​ឯណា​គ្រាន់តែ​ធ្វើ​កុំឱ្យ​ហួសហេតុ ការ​កូ​ពី​គេ​ឱ្យ​សុំ​សិទ្ធិ​ពី​ប្រទេស​គេ ហើយ​ប្រទេស​ណា​ក៏​គេ​លួច​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ។

បើ​ទោះបីជា​ខ្ញុំ​មាន​ជំហរ​យក​បទ​គេ​មក​ថត​ក៏​ខ្ញុំ​មាន​ទស្សនៈ​ឱ្យ​តម្លៃ​នូវ​បទ​ចម្រៀង​ដែល​កើត​ចេញពី​ស្នាដៃ​កូន​ខ្មែរ​ដែរ ព្រោះ​ជា​ការ​ល្អ​មួយ​ដែល​យើង​មានការ​រីក​ចម្រើន​ចំពោះ​បទ​ចម្លង មាន​អារម្មណ៍​សប្បាយចិត្ត​ដែល​បងប្អូន​យល់​ច្រើន ។ ខ្ញុំ​រីករាយ​ប្រសិនបើ​ផលិតករ ឬ​ផលិតកម្ម​ឱ្យ​យើង​ធ្វើ​បទ​ថ្មី​គឺ​ពេញចិត្ត ព្រោះ​មិនមែន​ជា​លើក​ដំបូង​នោះ​ទេ​ដែល​ធ្វើ​បទ​ថ្មី​ដូច​ជា​ក្នុង​ផលិតកម្ម​អឹ​ម​មាន​បទ «​មួយ​នាទី​» ដែល​ជា​បទ​ស្នាដៃ​របស់ខ្ញុំ​។ ដោយសារ​តែ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទើប​ឱ្យ​មានការ​គាំទ្រ​បទ​ចម្រៀង​ស្នាដៃ​ខ្លួនឯង ពិត​ៗ ហើយ​យើង​ជា​អ្នកនិពន្ធ​ម្នាក់​សប្បាយចិត្ត​ដែល​អ្នក​ស​ស្តាប់​មិន​ចូល​ចិត្ត​បទ​កូ​ពី​។ បើ​ផលិតករ​នាំ​គ្នា​ធ្វើ​បាន គឺ​រឹតតែ​ល្អ  ទោះជា​បទ​ថ្មី​ពិបាក​បែប​ណា​ក៏​ប្រទេស​យើង​មានការ​រីក​ច្រើន​ទៅ​មុខ ហើយ យូរ​ៗ​ទៅ​បទ​ចម្រៀង​ថ្មី​អាច​ពេញ​និយម​ដូច​បទ​បរទេស​ដែរ យើង​ធ្វើ សន្សឹម​ៗ​តាម​ដំណើរ​» ៕