បុរសមហាសំណាងឈ្នះឆ្នោត ១លានដុល្លារ ក្រោយពីផ្ទុះឆេះយន្ដហោះ

អារ៉ាប់រួម៖ នេះជាសំណាងមួយក្នុងមួយលាន ដែលបុរសជនជាតិឥណ្ឌាម្នាក់ បានឈ្នះប្រាក់ ១លានដុល្លារ បន្ទាប់ពី ៦ថ្ងៃក្រោយពីរស់រាន ក្នុងការធ្លាក់យន្ដហោះក្នុងឌូបៃ កាលពីពេលកន្លងទៅនេះ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ Mohammad Basheer Abdul Khadar អាយុ ៦២ឆ្នាំ គឺជាអ្នកដំណើរម្នាក់ក្នុងជើងហោះហើរ EK521 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលបានរត់ប្រាសអាយុ ជាមួយនឹងមនុស្ស៣០០នាក់ ចេញពីយន្ដហោះ មុននឹងវាផ្ទុះឡើង។ យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍អាក្រក់បែបនេះកើតឡើង រូបគាត់បែរជាជួបនឹងមហាសំណាង ដោយឈ្នះប្រាក់ ១លានដុល្លារ ក្រោយពីទិញឆ្នោតឡូតូដែលមានលេខ ០៨៤៥។ គាត់បានប្រាប់អ្នកសារព័ត៌មានថា រូបគាត់ធ្វើការនៅឌូបៃនេះអស់ពេល ៣៧ឆ្នាំហើយ តែគាត់មានអារម្មណ៍ថា កន្លែងនេះដូចជាផ្ទះរបស់គាត់ និងគាត់រស់នៅដោយជីវភាពសាមញ្ញ។ សម្រាប់ពេលនេះ គាត់សុំចូលនិវត្ដន៍ហើយ និងគាត់សូមអរគុណដល់ព្រះជាម្ចាស់ ដែលបានផ្ដល់ជីវិតទី២ឲ្យគាត់ នៅពេលយន្ដហោះឆេះ និងអ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឹផ្ដល់ប្រាក់មួយចំនួនដល់រូបគាត់ទៀត

គួរបញ្ជាក់ថា លោក Khadar ដែលធ្វើការនៅក្នុងក្រុមហ៊ុនលក់រថយន្ដមួយកន្លែងក្នុងឌូបៃនេះ បានទិញឆ្នោត មុននឹងធ្វើដំណើរកម្សាន្ដ ជាមួយនឹងក្រុមគ្រួសារទៅកាន់ ទីក្រុង Thiruvananthapuram ភាគខាងជើងឥណ្ឌា ក្នុងរដ្ឋ Kerala។ ក្រោយត្រលប់ពីដំណើរកម្សាន្ដវិញ គាត់ក៏ជួបហេតុការណ៍ផ្ទុះឆេះយន្ដហោះនេះតែម្ដង នៅក្នុងអាកាសយានដ្ឋានឌូបៃ តែអ្វីដែលជាសំណាងល្អ ទាំងរូបគាត់ និងអ្នកដំណើេទាំងអស់គ្នា បាននាំគ្នារត់ទាន់ពេល មុននឹងយន្ដហោះនោះផ្ទុះឆេះយ៉ាងសន្ធោរសន្ធៅ៕

 | 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា ហេតុការណ៍យន្តហោះជើងហោះហើរ EK521 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ខាងលើ។ ក្រោយពីដឹងសភាពការណ៍មិនស្រួល ភ្លាមៗអ្នកដំណើរជាច្រើន បាននាំគ្នាស្រែកឈូឆរពេញយន្តហោះ ហើយក៏បាននាំគ្នា ប្រវេប្រវ៉ាទាញយកអីវ៉ាន់ វ៉ាលី ដើម្បីរត់ចុះ ជាហេតុធ្វើឲ្យអាកាសយានិក បង្ខំចិត្តបើកច្រកចេញចូល ពេលមានអាសន្ន ដើម្បីឲ្យអ្នកដំណើរទាំងអស់នោះ លោតចុះចេញពីលើយន្តហោះដោយសុវត្ថិភាពផងដែរ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក អង្គុយនៅជួរខាងមុខ នៃយន្តហោះ លោក Ibrahim Thomas មកពីទីក្រុង Trivandrum ប្រទេសឥណ្ឌានិយាយថា «ខ្ញុំអង្គុយនៅកៅអីជួរខាងមុខ ហើយខ្ញុំពិតជាសំណាងណាស់ ដែលនៅរស់។ ខ្ញុំបានឃើញម៉ាស៊ីនខាងស្តាំរបស់យន្តហោះឆាបឆេះ បន្ទាប់មកក៏រាលដាលដល់កាប៊ីនអង្គុយ របស់អ្នកបើកបរតែម្តង។ ហើយប្រហែលជា ៥នាទីក្រោយមក ទើបអាកាសយានិក បានបើកច្រកទ្វារ ចេញចូលពេលមានអាសន្ន ដើម្បីឲ្យពួកយើងលោតចុះផងដែរ។ ក្នុងគ្រានោះ ខ្ញុំគិតថា ខ្ញុំប្រហែលជាមិនរស់ទេមើលទៅ» ។

ដោយឡែក សាក្សីផ្សេងទៀត បានលើកឡើងថា ឃើញផ្សែងខ្មៅហុយទ្រលោម មុនពេលជើងយន្តហោះ ចុះចតប៉ះដី នៅអាកាសយាន្តដ្ឋានដែរ។

ទោះបីជាយ៉ាងណា ខាងក្រុមហ៊ុនអាកាសចរណ៍ បានអះអាងថា ក្រុមអ្នកពន្លត់អគ្គីភ័យ បានពន្លត់អណ្តាតភ្លើង ដែលឆាបឆេះនេះបានសម្រេចជាស្ថានពរផងដែរ។

បើតាមការឲ្យដឹងពីខាងក្រុមហ៊ុនអាកាសចរណ៍ និយាយថា យន្តហោះនេះបានផ្ទុកអ្នកដំណើរទាំងអស់ចំនួន ២៨២នាក់ ក្នុងនោះមានដូចជា ជនជាតិអង់គ្លេស ២៤នាក់ ជនជាតិអាមេរិក ៦នាក់ ជនជាតិអូស្រ្តាលី ២នាក់ ជនជាតិ អៀរឡង់ ៤នាក់ និងក្រុមអាកាសយានិកចំនួន ១៨នាក់ផងដែរ ដែលត្រូវបានជម្លៀសចេញ បានដោយសុវត្ថិភាព ហើយគ្មាននរណាម្នាក់ រងរបួសនោះឡើយ។

គួរឲ្យដឹងថា ស្ថិតក្នុងហេតុការណ៍នេះ អ្នកពន្លត់អគ្គីភ័យម្នាក់ឈ្មោះ Jasim Issa Mohammed Hassan ត្រូវបានស្លាប់ ខណៈអ្នកដំណើរប្រមាណជា ១០នាក់ទៀត ដែលបានរងរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ ៕

ទស្សនាវីដេអូខាងក្រោម បង្ហាញពីអ្នកដំណើរនាំគ្នាជ្រួលច្របល់ រត់ចេញពីយន្ដហោះ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសមហាសំណាងឈ្នះឆ្នោត ១លានដុល្លារ ក្រោយពីផ្ទុះឆេះយន្ដហោះ
រូបភាពលោក Mohammad Basheer Abdul Khadar

ទិដ្ឋភាពថ្ងៃកើតហេតុផ្ទុះយន្ដហោះ នៅក្នុងអាកាសយានដ្ឋានឌូបៃ
បុរសមហាសំណាងឈ្នះឆ្នោត ១លានដុល្លារ ក្រោយពីផ្ទុះឆេះយន្ដហោះ

បុរសមហាសំណាងឈ្នះឆ្នោត ១លានដុល្លារ ក្រោយពីផ្ទុះឆេះយន្ដហោះ

បុរសមហាសំណាងឈ្នះឆ្នោត ១លានដុល្លារ ក្រោយពីផ្ទុះឆេះយន្ដហោះ

បុរសមហាសំណាងឈ្នះឆ្នោត ១លានដុល្លារ ក្រោយពីផ្ទុះឆេះយន្ដហោះ