ស៊ី​ម៉ាក់​ចុះ​ទៅ​ស្រុក​មេមត់​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​៩​គ្រាប់​ទៅ​កម្ទេច​ចោល

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោយ​ពី​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ភ្លើងសង្គ្រាម​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​១៩៧០​មក គេ​សង្កេត​ឃើញ​គ្រាប់​គ្រប់​ប្រភេទ​បាន​សេសសល់​នៅ​លើ​ដី និង​កប់​ក្នុង​ដី ហើយ​បាន​បង្ក​ឲ្យ​ផ្ទុះ​ស្លាប់ និង​របួស​ប្រជាពលរដ្ឋ​ជា​ហូរហែរ ។ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៦ ត្រូវ​បាន​កម្លាំង អង្គការ​ស៊ី​ម៉ាក​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ទៅ​កាន់​ភូមិ​លាជ​ក្រោម ភូមិ​លា​ច​លើ ភូមិ​ព​ភ្លាំ ភូមិ​ងៀវ ឃុំ​ជាំ ស្រុក​មេមត់ ប្រមូល​បាន​គ្រាប់​ជា​ច្រើន​ប្រភេទ​បាន​ចំនួន​៩​គ្រាប់ ដែល​នៅ​គុណភាព​ល្អ​នៅឡើយ ។

តាម​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ភូមិ​នានា​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន​ផ្ទុះ​នោះ ក៏​បាន​រាយការណ៍​ទៅ​មេ​ភូមិ និង​បាន​រាយការណ៍​បន្ត​មក​ប៉ុស្តិ៍​នគរបាល​ដើម្បី​ប្រាប់​កម្លាំង​អង្គការ​ស៊ី​ម៉ាក់​ឲ្យ​មាន​វិធានការ​ចុះ​ប្រមូល​យក​ទៅ​កម្ទេច​ចោល ។

នគរបាល​មូលដ្ឋាន​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា បន្ទាប់​មក​នៅ​រសៀល​ថ្ងៃ​ខាងលើ ក្រោម​កិច្ចសហការ​រវាង​សមត្ថកិច្ច​និង​អង្គការ​ស៊ី​ម៉ាក់ បាន​ចុះ​មក​កាន់​ភូមិ​លាជ​ក្រោម យក​គ្រាប់​បាន​២​គ្រាប់ មាន​អឹ​ម​១​គ្រាប់ គ្រាប់បែក​១​គ្រាប់ ចុះ​មក​ភូមិ​លាជ​លើ យក​គ្រាប់​បាន​៤​គ្រាប់ ក្នុង​នោះ​មាន​ប្រភេទ​៦០​មី​លី​ម៉ែត្រ​១​គ្រាប់ គ្រាប់​បេ​១​គ្រាប់ គ្រាប់​អឹ​ម​១​គ្រាប់ និង​ប៊ុ​ម​ប៊ី​១​គ្រាប់ នៅ​ភូមិ​ព​ភ្លាំ​យក​គ្រាប់​បាន​២​គ្រាប់ ក្នុង​នោះ​មាន​គ្រាប់​ប្រភេទ​៦០​មី​ល្លី​ម៉ែត្រ​១​គ្រាប់ គ្រាប់​អឹ​ម​១​គ្រាន់ ទៅ​ភូមិ​ងៀវ​យក​គ្រាប់បែក​បាន​១​គ្រាប់ សរុប​ទាំងអស់ ចំនួន​៩​គ្រាប់ ។

ក្នុង​ការ​ប្រគល់​គ្រាប់ នេះ​គឺ​មានការ​ឯកភាព​ពី​លោក​អធិការ​នគរបាល​ស្រុក​មេមត់ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ផង​ដែរ ។

លោក គី​ម ហ៊ា​ង នាយ​ផ្នែក​ត្រួតពិនិត្យ​គុណភាព​អង្គការ​ស៊ី​ម៉ាក ប្រចាំ​កងឯកភាព​ទី​៥ ខេត្ត​ត្បូងឃ្មុំ ឲ្យ​ដឹង​ដែរ​ថាបើ​តាម​ការ​វាយតម្លៃ គ្រាប់​ដែល​នៅ​សេសសល់​កប់​ក្នុង​ទឹកដី​ស្រុក​មេមត់ ដែល​ត្រូវ​បាន​កម្លាំង​របស់​លោក​ទៅ​យក​នោះ ត្រូវ​បាន​បន្សល់​ទុក​ចាប់តាំងពី​ក្រោយ អំឡុង​ឆ្នាំ​១៩៧១ ដែល​គុណភាព​នៅ​ល្អ​១០០​ភាគរយ អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ។ ហេតុ​ដូច្នេះ​ហើយ ទើប​នៅ​រសៀល​ថ្ងៃ​ទី​៩​សីហា កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​កាន់​ឃុំ​ជាំ ស្រុក​មេមត់ យក​គ្រាប់​ជា​ច្រើន​សរុប​៩​គ្រាប់ ដើម្បី​យក​មក​កម្ទេច​ចោល ។

ជាមួយ​គ្នា​នោះ​ដែរ អង្គការ​ស៊ី​ម៉ាក់​ក៏​បាន​ណែនាំ​ដល់​ពលរដ្ឋ​ណា​ដែល​បាន​ប្រទះ​ឃើញ​វត្ថុ​ចម្លែក មិន​ត្រូវ​ប៉ះពាល់​នោះ​ទេ ប្រញាប់​រាយការណ៍​មក​មេ​ភូមិ និង​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ឲ្យ​ជំនាញ​ស៊ី​ម៉ាក់​ទៅ​យក ៕