​មិនឃើញចេញពី​បន្ទប់​ដូចរាល់ដង ទៅ​អើត​មើល​ផ្អើល​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ដោយសារ​បុរស​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួននៅ​ក្នុង​បន្ទប់​ជួល ជាន់​​​ទី​១ កាលពីវេលា​​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​១១ សីហា ២០១៦ ស្ថិត​នៅ​ក្នុង​បុរី​ប៊ុ​ន​​ហួ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​លាភ វណ្ណៈ អាយុ​ប្រហែល​៣០​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ម្នាក់ឯង​ក្នុងផ្ទះ​​ជួល​ភូមិ​​កើត​ហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា មុន​ពេល​ភ្ញាក់ផ្អើល​នេះ ដោយសារ​តែ​អ្នក​ជិតខាង​​ឆ្ងល់ អត់ឃើញ​​បុរស​រូប​នោះ​​​​ចេញពី​បន្ទប់​​ដូច​​សព្វ​ដង ក៏​អើត​​មើល​តាម​​បង្អួច ស្រាប់តែ​ឃើញ​បុរស​នោះ​​ស្លាប់​បាត់​​ទៅ​ហើយ ដោយ​បាន​​យក​ក្រណាត់ចង.ក​​ភ្ជាប់​​ជាមួយ​ឥដ្ឋ​ខ្យល់​​​បន្ទប់ ។ ចំពោះ​មូលហេតុ​ គេ​មិន​ទាន់​ដឹង​ច្បាស់​នោះ​​ទេ តែ​សង្ស័យ​ថា អាច​តូច​ចិត្ត​ជាមួយ​ជីវិត​ខ្លួន​ឯង ព្រោះ​ត្រូវ​គេ​​ដឹង​​ថា បុរស​នោះ​បាន​លែង​លះ​ជាមួយ​​ប្រពន្ធ​ជិត​១​ឆ្នាំ​មក​​ហើយ ដោយ​មានកូន​ម្នាក់​​នៅ​ខាង​ប្រពន្ធ ។