កម្ពុជា​ហាម​សមាជិក​សភា​ខ្មែរ-​អូស្ត្រាលី លោក ហុម លីម មិន​ឲ្យ​ចូល​ស្រុក

សមាជិកសភា​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria)  លោក ហុង លីម ត្រូវ​បាន​រដ្ឋាភិបាល​ខ្មែរ​ប្រកាស​ចាត់​ទុក​ជា​ជន​មិន​ត្រូវ​បាន​ស្វាគមន៍ ក្រោយ​ពេល​លោក​រក្សា​ជំហរ​លើ​មតិ​របស់​លោក​ថា របប​របស់​លោក ហ៊ុន សែន ជា​របប​តិរច្ឆាន។

​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​រដ្ឋាភិបាល​កម្ពុជា ហាម​សមាជិក​សភា​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា គឺ​លោក ហុង លីម មិន​អោយ​ចូល​ប្រទេស​កំណើត​របស់​ខ្លួន។ ​ក្រសួង​ការបរទេស​សម្រេច​បែប​នេះ បន្ទាប់​ពី​លោក ហុង លីម នៅ​ប្រកាន់​ជំហរ​ហៅ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​ថា ជា​របប​តិរច្ឆាន។

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ហៅ​សម្ដី​របស់​លោក ហុង លីម ថា​ជា​ពាក្យ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ ធ្វើ​អោយ​ក្រសួង​រំជួល​ចិត្ត​ជា​ខ្លាំង ហើយ​ជំរុញ​អោយ​សម្រេច​ចិត្ត​ដាក់​តំណាងរាស្ត្រ​អូស្ត្រាលី រូប​នេះ ជា​ជន​មិន​ត្រូវ​បាន​ស្វាគមន៍​របស់​កម្ពុជា។ នៅ​ក្នុង​លិខិត​ដដែល​បញ្ជាក់​ថា ក្រសួង​សង្ឃឹម​ថា ពាក្យ​សម្ដី​របស់​លោក ហុង លីម មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​យល់​ឃើញ​របស់​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ឡើយ។

ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ស្ថានទូត​អូស្ត្រាលី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ក្នុង​ថ្ងៃ​ទី​១០ ខែ​សីហា ដដែល​ថា ពាក្យសម្ដី​របស់​លោក ហុង លីម មិន​តំណាង​អោយ​រដ្ឋាភិបាល ឫ​ស្ថានទូត​អូស្ត្រាលី​ទេ។ ស្ថានទូត​អូស្ត្រាលី បាន​បន្ថែម​ទៀត​ថា ធាតុ​សំខាន់​មួយ​របស់​របប​ប្រជាធិបតេយ្យ​របស់​ខ្លួន គឺ​ស្ថិត​លើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​មតិ​ផ្ទុយ​គ្នា។

លោក ឡុង គឹមឃន អ្នក​ស្រាវជ្រាវ​នយោបាយ​ការបរទេស និង​ច្បាប់​អន្តរជាតិ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ក្នុង​ប្រទេស​នីមួយៗ មាន​សិទ្ធិ​អាច​ដាក់​ឈ្មោះ​បុគ្គល​ណា​ម្នាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ មិន​អោយ​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន ប៉ុន្តែ​បុគ្គល​ទាំង​នោះ​ភាគ​ច្រើន​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ភេរវកម្ម រឿង​លាង​លុយ​កខ្វក់ ឫ​ជួញដូរ​មនុស្ស​ជាដើម។ ករណី​របស់​លោក ហុង លីម វិញ ប្រសិនបើ​ការ​មិន​ត្រូវ​បាន​ស្វាគមន៍​នេះ ស្មើ​នឹង​ការ​ត្រូវ​បាន​ចុះ​ចូល​ក្នុង​បញ្ជី​ខ្មៅ វា​នឹង​បង្ហាញ​ពី​នយោបាយ​ការបរទេស​បែប​ប្រតិកម្ម​និយម និង​ក្មេង​ខ្ចី​របស់​កម្ពុជា៖ «ខ្ញុំ​យល់​ថា ការ​ប្រើ​ពាក្យសម្ដី​ហៅ​ឈ្មោះ​ប្រទេស​នេះ​វា​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ដាក់​សមាជិក​សភា​មួយ​រូប​របស់​អូស្ត្រាលី ដាក់​ចូល​បញ្ជី​ខ្មៅ ហើយ​ហាម​មិន​អោយ​ចូល​ប្រទេស​កម្ពុជា នោះ​ទេ។ ជា​ការ​ពិត​ណាស់​ការ​ហៅ​របស់​គាត់​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ តែ​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ហ្នឹង​ទេ។ អ៊ីចឹង​វា​បង្ហាញ​ថា ការ​ដឹកនាំ និង​នយោបាយ​ការបរទេស​របស់​យើង​ហ្នឹង​នៅ​មិន​ទាន់​មាន​ភាព​ចាស់​ទុំ​ក៏​ថា​បាន។ នេះ​បើ​តាម​ខ្ញុំ​យល់»

​អាស៊ីសេរី​មិន​អាច​ទំនាក់ទំនង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ដើម្បី​បំភ្លឺ​ពី​ពាក្យ​មិន​ត្រូវ​បាន​ស្វាគមន៍​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។

​លោក ហុង លីម ដែល​សមាជិកសភា​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ធ្លាប់​ត្រូវ​បាន​អាស៊ីសេរី សម្ភាស​នៅ​ថ្ងៃ​៣ ខែ​សីហា ២០១៦ ជុំវិញ​រឿង​ឃាតកម្ម​របស់​លោក​បណ្ឌិត កែម ឡី។ អំឡុង​ពេល​សម្ភាសន៍​នោះ លោក ហុង លីម បាន​ហៅ​របប​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ថា​ជា​របប​តិរច្ឆាន។

នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ២០១៦ រដ្ឋសភា​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ថា ទស្សនៈ​របស់​លោក ហុង លីម មាន​ភាព​ខ្មៅ​ងងឹត ផ្ទុយ​ពី​ការពិត​គឺ​របប​កម្ពុជា​ក្រោម​លោក ហ៊ុន សែន បាន​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ខ្ជាប់ខ្ជួន​តាំង​តែ​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ។ សភា​ទាមទារ​អោយ​លោក ហុង លីម សុំទោស​ជា​សាធារណៈ តែ​ត្រូវ​បាន​លោក​បាន​បដិសេធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។