អ្នកលេង​ហ្គេម Pokemon Go នៅ​សារមន្ទីរ​ទួលស្លែង​ធ្វើ​ឲ្យ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​មិន​សប្បាយចិត្ត​ និពន្ធដោយ : VOA       August-11-2016, 10:56 am         238

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកលេង​ហ្គេម Pokemon Go នៅ​សារមន្ទីរ​ទួលស្លែង​ធ្វើ​ឲ្យ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​មិន​សប្បាយចិត្ត​​អ្នក​នៅ​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម បាន​វាយប្រហារ​បែប​ពាក្យសម្តី​ដល់​អ្នកលេង​ហ្គេម Pokemon Go នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​អ្នកលេង​ហ្គេម​ទាំង​នោះបាន​លេង​ហ្គេម​ក្នុង​បរិវេណ​សារមន្ទីរ​គុក​ទួលស្លែង​ដើម្បី​តាម​ចាប់​តុក្កតា Pokemon របស់​ពួកគេ​នៅក្នុង​ទូរស័ព្ទដៃ​។​

​កម្មវិធី​ហ្គេម​តាម​ទូរស័ព្ទដៃ​នេះ ត្រូវ​គ​អាច​ទាញយក​មកលេង​បាន​ដំបូងបង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពីថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ដោយមាន​អ្នកលេង​ហ្គេម​នេះ​សំរុក​ទៅកាន់​កន្លែង​សំខាន់ៗ​ជាច្រើន​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។​

​ហ្គេម​នេះ​តម្រូវ​ឲ្យ​អ្នកលេង​ដើរ​នៅតាម​ផ្លូវ ឬ​តាម​ចិញ្ចើមថ្នល់​ដើម្បី​ស្វែងរក​តុក្កតា​នៅតាម​តំបន់​ជាក់ស្ដែង​ពិតៗ​។ អ្នក​ដែល​លេង​ហ្គេម​នេះ​នៅក្នុង​បរិវេណ​សារមន្ទីរ​គុក​ទួលស្លែង បានធ្វើ​ឲ្យ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ខឹងសម្បារ​នឹង​ពួកគេ​។​

​លោក ប៊ូ ម៉េង វ័យ ៧៦ ឆ្នាំ ដែលជា​អ្នក​រស់រានមានជីវិត​ម្នាក់​ពី​គុក​ទួលស្លែង បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា សារមន្ទីរ​គុក​ទួលស្លែង​ជា​កន្លែង​ឈឺចាប់ ដូច្នេះ​វា​មិន​សមរម្យ​ទេ​ដែល​អ្នកលេង​ហ្គេម Pokemon នេះ លេង​នៅ​កន្លែង​នេះ​។​

​លោក ឆាង យុគ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ធ្វើការ​ស្រាវជ្រាវ​លើ​របប​ខ្មែរក្រហម បាន​លើកឡើងថា សារមន្ទីរ​គុក​ទួលស្លែង​មិនមែនជា​កន្លែង​ដើរ​ទិញ​ទំនិញ​សម្រាប់​ឲ្យ​អ្នកលេង​ហ្គេម​នេះ​ដើរ​ចាប់​តុក្កតា Pokemon របស់ខ្លួន​នោះទេ ដោយសារ​កន្លែង​សារមន្ទីរ​នេះ​ជា​កន្លែង​សម្រាប់​រំលឹក​ការឈឺចាប់​។​

​លោក ឆាយ វិសុទ្ធ ប្រធាន​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​បាន​អះអាងថា ពិតជា​មាន​អ្នកទស្សនា​សារមន្ទីរ​នេះ​មួយចំនួន​លេង​ហ្គេម​នេះ​នៅក្នុង​បរិវេណ​សារមន្ទីរ​ទួលស្លែង​មែន​។​

​លោក​បន្ថែមទៀតថា សារមន្ទីរ​កំពុង​ចាត់វិធានការ​ដើម្បី​បញ្ឈប់​អ្នកទស្សនា​កុំ​ឲ្យ​លេង​ហ្គេម​នេះ​នៅក្នុង​បរិវេណ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​នេះ ដោយសារ​សារមន្ទីរ​នេះ​ជា​កន្លែង​លោក​សង្រេង ឬ​ជា​កន្លែង​សម្រាប់​រំឭក​រឿង​ឈឺចាប់​៕