ស្វាមី កាតុ ត្រូវ​ប្រើ​ថ្នាំ​១​ជីវិត ហើយ១ខែ​មិន​ក្រោម ៥០០ ដុល្លារ

លោក ខ្យង ប្ដី​អ្នក​នាង សុខ ចាន់ធីតា ហៅ កាតុ មាន​ជំងឺ​ត្បៀត​សរសៃ​ឈាម​ក្នុង​បេះដូង​ជា​ច្រើន​ខែ​មក​ហើយ​នោះ បច្ចុប្បន្ន​​បាន​ធូរ​ស្រាល​ជាង​មុន​បន្តិច​ ប៉ុន្តែ​​លោក​​ត្រូវ​ប្រើប្រាស់​ថ្នាំ​មួយ​ជីវិត ហើយ​​ក្នុង​មួយ​ខែ​ចំណាយ​ប្រាក់​មិន​ក្រោម​៥០០ ដុល្លារ​ឡើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីភរិយា។

 

 

ស្វាមី កាតុ ត្រូវ​ប្រើ​ថ្នាំ​១​ជីវិត ហើយ១ខែ​មិន​ក្រោម ៥០០ ដុល្លារ
ស្រីតុ បាន​រៀបរាប់​ឲ្យ​ដឹង​ថា សុខភាព​ស្វាមី​​​ខ្លួន​ បាន​ប្រសើរ​ជាង​មុនបណ្ដើរៗ​ហើយ ប៉ុន្តែ​មិន​អាច​ធ្វើ​ការ​ងារ​ធ្ងន់​ដូច​មុន​​ឡើយ ប្រហែល​ត្រូវ​សម្រាក​១ឆ្នាំ ទើប​អាច​ធ្វើ​ការ​ដូច​ដើម​បាន។ ទោះបី​ជា​​មាន​​សញ្ញា​វិជ្ជមាន​បែប​នេះ​ក្ដី តែ​លោក ​ខ្យង​​ មិន​អាច​កាត់​ផ្ដាច់​​ថ្នាំ​ពេទ្យ​បាន​ឡើយ ពោល​ គឺ​លោក​នៅ​តែ​លេប​ថ្នាំ​ជា​ប្រចាំ ហើយ​ត្រូវ​បន្ត​មួយ​ជីវិត​តែ​ម្ដង។
លោក ខ្យង​​​មាន​អាជីព​ជា​អ្នក​លេង​ភ្លេង​នៅ​ទូរទស្សន៍​បាយ័ន បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ភ្លាមៗ ដោយ​ជំងឺ​ត្បៀត​សរសៃ​ឈាម​ក្នុង​បេះដូង​កាល​ពី​ដើម​ខែ មិថុនា​កន្លង​ទៅ។ បន្ទាប់​ពី​ព្យាបាល​​ពេទ្យ​​ក្នុង​ស្រុក លោក​​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាម​ចំនួន២លើក​មក​ហើយ។
ស្វាមី កាតុ ត្រូវ​ប្រើ​ថ្នាំ​១​ជីវិត ហើយ១ខែ​មិន​ក្រោម ៥០០ ដុល្លារ
តាម​ការ​ឲ្យ​ដឹង​ពីស្រី តុ ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​សរុប​ទាំង​អស់ ប្រហែល​ជាង​២ម៉ឺន​ដុល្លារ ហើយ​ បច្ចុប្បន្ន​​​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែតបន្ត​ទៀត។
តារា​កំប្លែង​ស្រី​រូប​នេះ ​បាន​ថ្លែង​ថា ប្រហែល​ជា​លែង​បញ្ជូន​ស្វាមី​ទៅ​ព្យាបាល​នៅ​​ក្រៅ​ប្រទេស​ទៀត​ហើយ ព្រោះ​រាល់​ថ្ងៃ​នេះ មន្ទីរ​ពេទ្យ​កាល់ម៉ែត​ ក៏​មាន​ឧបករណ៍​ទំនើបៗ និង​វេជ្ជបណ្ឌិត​ជំនាញ​ៗ​ជា​ច្រើន​ផង​ដែរ។ តែ​បែប​នេះ​ក្ដី នាង​ត្រូវ​ចំណាយ​ប្រាក់​​ក្នុង​ការ​ទិញ​ថ្នាំ​ពេទ្យ ឲ្យ​ស្វាមី​មិន​ក្រោម​ ៥០០ ដុល្លារ​ឡើយ​ក្នុង​មួយ​ខែ៕

អត្ថបទ៖ ខុត សីហា ​​​​​