ស្អប់​សំលេង​រំខាន​ពេក​! បុរស​ម្នាក់​គប់​គ្រាប់បែក​ចូល​ហ្វូងមនុស្ស​កំពុង​ដង្ហែ​ក្បូន បណ្តាល​ឲ្យ​របួស​១៥​នាក់ រួច​សម្លាប់​ខ្លួនឯង

មនុស្សយ៉ាងតិច ១៥ នាក់ រងរបួស ក្នុងអំឡុងពេលដង្ហែក្បូនមួយ ក្រោយបុរសម្នាក់ដែលស្អប់ភាពសំលេងរំខាន បានគប់គ្រាប់បែកចូលហ្វូងមនុស្ស មុនពេលសម្លាប់ខ្លួនឯង ។

ប៉ូលីសក្នុងទីក្រុងតូក្យូ និយាយថា បុរសអាយុ ៦៨ ឆ្នាំ ដែលមិនត្រូវបានកំណត់អត្តសញ្ញាណបាន បានត្អួញត្អែរអំពីសម្លេងអ៊ូអរចេញពីក្បូនដង្ហែបុណ្យមួយ មុនពេលគប់គ្រាប់បែក ។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ៧ និង ៣០ នាទី យប់ថ្ងៃអាទិត្យ ។ មនុស្ស ១៥ នាក់ ក្នុងនោះរួមមានៈ ក្មេងស្រីអាយុ ១ ឆ្នាំ បានរងរបួសធ្ងន់ធ្ងរពីការវាយប្រហារនេះ ។

មនុស្សនៅកន្លែងបានប្រាប់ប៉ូលីសថា គ្រាប់បែកត្រូវបានគប់ចេញពីបង្អួចផ្ទះល្វែងមួយ ។ ប៉ូលីស និងក្រុមពន្លត់អគ្គីភ័យ ដែលបានបំបែកចូលផ្ទះល្វែងនោះ បានរកឃើញជនសង្ស័យចងកនឹងខ្សែពួរពីពីពិដានផ្ទះ ។

អ្នកជិតខាងម្នាក់បានប្រាប់ពួកអ្នកស៊ើបអង្កេតថា ជនសង្ស័យបានកំពុងមានបញ្ហាខូចចិត្ត ក្រោយបាត់បង់ប្រពន្ធរបស់គាត់កាលពីឆ្នាំមុន ។ គាត់ក៏បានត្អូញត្អែរថា សម្លេងរំខានពីហ្វូងដង្ហែក្បូន គឺឮខ្លាំងណាស់សម្រាប់គាត់ ។

គ្រាដំបូង មនុស្សទាំងឡាយបានគិតថា គ្រាប់បែកនេះត្រូវបានគប់ដោយជនភេរវកម្ម, ប៉ុន្តែ ប៉ូលីសបានអះអាងធានាជូនសាធារណៈជនថា វាពុំមែនជាករណីនេះឡើយ ៕


Related Posts