ភរិយា​សព​លោក កែម ឡី ហាក់​គ្មាន​សង្ឃឹម​នឹង​ទទួលបាន​យុត្តិធម៌​

ភ្នំពេញ៖ លោកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ពុំមានសង្ឃឹមថា សមត្ថកិច្ចនឹងរកវែកមុខឃាតករនៅពីក្រោយរឿងស្វាមីលោកស្រីដែលត្រូវបានឃាតកបាញ់សម្លាប់ នៅក្នុងស្តាម៉ាតមួយ (Star Mart) ស្ថិតនៅជាប់ស្តុបបូកគោ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ឡើយ។

លោកស្រី ប៊ូ រចនា និងកូនៗ បានរង់ចាំយុត្តិធម៌នៃឃាតកម្មលើស្វាមី និងឪពុករបស់ពួកគេ អស់រយៈពេល ១ខែ មួយថ្ងៃហើយ គិតចាប់ពីថ្ងៃទី១០ ខែកក្កដា រហូតមកដល់ថ្ងៃនេះ ។ បើទោះបីជាពេលវេលា កន្លងទៅ១ខែហើយក៏ពិតមែន ប៉ុន្តែទិដ្ឋភាពនៃការបាញ់សម្លាប់លោក កែម ឡី នៅតែដក់ជាប់ក្នុងកែវភ្នែករបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសាច់ញាតិរបស់លោកបណ្ឌិត កែម ឡី ។ លោកស្រី ប៊ូ រចនា នៅតែរង់ចាំយុត្តិធម៌ ខណៈរឿងរ៉ាវទាំងអម្បាលម៉ាន ដែលជាប់ពាក់ព័ន្ធនឹងឃាតកម្មដ៏សាហាវមួយនេះ នៅតែត្រូវបានគេលើកមកជជែកជារៀងរាល់ថ្ងៃ។

តែយ៉ាងណា លោកស្រីពុំ ប៊ូ រចនា មិនមានសង្ឃឹមថា នឹងទទួលយុត្តិធម៌ឡើយ។ លោកស្រី រចនា ដែលនៅតែសោកសង្រេង និងនឹករលឹកដល់ស្វាមីរបស់ខ្លួនយ៉ាងខ្លាំងផងនោះ បាននិយាយប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លី តាមទូរសព្ទយ៉ាងនេះថា៖«ខ្ញុំគ្មានសង្ឃឹមនឹងទទួលយុត្តិធម៌នោះទេ»។

សូមបញ្ជាក់ថា ក្រោយទទួលមរណភាព សពលោក កែម ឡី ត្រូវបានដង្ហែទៅតម្កល់ទុកនៅវត្តពោធិយារាម ហៅវត្តចាស់ ដែលស្ថិតនៅខណ្ឌជ្រោយចង្វា អស់រយៈពេល១៥ថ្ងៃ។ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ក្រុមគ្រួសារ និងគណៈកម្មការរៀបចំបុណ្យ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានរួមគ្នាដង្ហែសពលោក កែម ឡី យកទៅបញ្ចុះនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋតាមបណ្តាខេត្តផ្សេងៗ នៅតែបន្តនាំគ្នា ទៅគោរពវិញ្ញាណក្ខន្ធ លោក កែម ឡី ដល់ផ្នូររបស់លោក៕

ប្រភព៖ thmeythmey


Related Posts