ចែ​រតនៈ នៅតែ​ប្រើប្រាស់​អំណាច​ប្ដី​ហើយ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​

ប្រជាពលរដ្ឋនៅក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​អ្នកស្រី ពែ​ក រតនៈ ហៅ​ចែ​រតនៈ ដែលជា​ភរិយា​លោក យឹម ផេង ស្នងការរង​នគរបាល​ខេត្តកោះកុង ទទួលបន្ទុក​ផែន​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច នៅតែ​ប្រើប្រាស់​អំណាច​ប្ដី​ធ្វើជា​បង្អែក​ដើម្បី​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​។ ជាមួយគ្នានេះ​លោក យឹម ផេង ហៅ​រស្មី ស្នងការរង​នគរបាល​ខេត្តកោះកុង ត្រូវបាន​មន្ត្រីរាជការ​ក្នុង​ខេត្ត​នេះ រិះគន់ថា​កំពុង​ធ្វើជា​ខ្នងបង្អែក​ប្រពន្ធ​របស់ខ្លួន​ដែលជា​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ក្រអឺតក្រទម​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គួរពិនិត្យមើល​បញ្ហា​នេះ​ផងដែរ ព្រោះ​ករណី​ចែ​រតនៈ នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ផ្លូវទឹក​និង​ផ្លូវគោក​ក្នុង​ខេត្តកោះកុង បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

​សមត្ថកិច្ច​តូចតាច​នៅក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​លោក យឹម ផេង ហៅ​រស្មី ស្នងការរង​នគរបាល​ខេត្តកោះកុង ទទួលបន្ទុក​ផែន​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច បាន​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ប្រពន្ធ​របស់ខ្លួន​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ ការដែល​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ចែ​រតនៈ ដែលជា​ប្រពន្ធ​របស់លោក យឹម ផេង គឺ​មកពី​លោក យឹម ផេង ចេះ​បែងចែក​ផលប្រយោជន៍​ជា​ប្រព័ន្ធ ដើម្បី​សម្រួល​ដល់​មុខរបរ​ប្រពន្ធ​របស់ខ្លួន​។ ហេតុនេះហើយ​ទើប​ចែ​រតនៈ អាច​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ទាំង​តាមផ្លូវ​ទឹក ក៏ដូចជា​តាមផ្លូវ​គោក យកមក​ចែកចាយ​ក្នុង​ខេត្តកោះកុង ក៏ដូចជា​ដឹកជញ្ជូន​យកទៅ​ចែកចាយ​ដល់​រាជធានី​ភ្នំពេញ​ផងដែរ​។​

ឈ្មួញ​តូចតាច​មួយចំនួន​នៅក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា នៅពេលដែល​ពួកគាត់​នាំចូល​ទំនិញ​បន្តិចបន្តួច​ត្រូវបាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មន្ត្រី​គយ និង​គយ​ចល័ត​ជាដើម ចាត់វិធានការ​បង្ក្រាប​ដោយ​ពុំមាន​យោគយល់​ឡើយ​។ ប៉ុន្តែ​នៅពេល​ចែ​រតនៈ ភរិយា​លោក យឹម ផេង ស្នងការរង​នគរបាល​ខេត្តកោះកុង នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ក្នុង​មួយថ្ងៃៗ​រាប់សិប​តោន​មិនដែល​ឃើញ​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​តាម​តួនាទី​របស់​ពួកគេ​នោះទេ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ពិនិត្យមើល​ភាពមិនប្រក្រតី​នៃ​ការ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​របស់​ចែ​រតនៈ ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​រូបនេះ​នៅតែ​បន្តសកម្មភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

yoem-phengលោក យឹម ផេង ស្នងការរងនគរបាលខេត្តកោះកុង KA-08-07-2016-05