មាន​ករណី​នាំចូល​ប្រហុក​ខូចគុណភាព​ពី​ប្រទេស​យួន​ចូល​កម្ពុជា​តាម​ស្រុក​ទ្រាំង ខេត្តតាកែវ​

ក្នុងភូមិ​សាស្ត្រ​ស្រុក​ទ្រាំង ខេត្តតាកែវ មិន​ត្រឹម​តែមាន​ករណី​នាំចូល​ទំនិញគេចពន្ធ​នោះទេ តែ​សព្វថ្ងៃនេះ​ក៏មាន​ករណី​នាំចូល​ប្រហុក​ត្រី​សាច់​ពី​ប្រទេស​យួន​ចូលមក​លក់​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។ ប្រជាពលរដ្ឋ​ស្រុក​ទ្រាំង បាន​រាយការណ៍​មក​ថា ប្រហុក​ដែល​ឈ្មួញ​ជនជាតិខ្មែរ​នាំចូល​យកមក​លក់​នៅ​ខេត្តតាកែវ​មិនត្រូវ​បាន​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​គុណភាព​តាម​លក្ខណៈ​បច្ចេកទេស​នោះទេ ហើយ​មួយចំនួន​ក៏ត្រូវ​បាន​គេ​ដឹក​យកមក​លក់​បន្ត​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។​

ចំពោះមុខ​បញ្ហា​ប្រហុក​ខូចគុណភាព​នេះ លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា រឿង​ប្រហុក​ត្រី​រ៉ស់​នាំចូល​ពី​ប្រទេស​យួន​មិនមែន​ភារកិច្ច​របស់លោក​ទេ ព្រោះ​ជា​បន្ទុក​របស់​មន្ត្រី​សាខា​កាំកុងត្រូល​ជា​អ្នកទទួលខុសត្រូវ​។ តែ​ការលើកឡើង​របស់លោក ឡាយ វណ្ណៈ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​បង្ហាញ​ពី​ការមិន​ទទួលខុសត្រូវ​របស់​អា​ជ្ញា​ធរ​ខេត្ត ព្រោះ​អាជ្ញាធរខេត្ត​គួរតែ​ធ្វើ​កិច្ចសហការ​ជាមួយ​មន្ត្រី​ជំនាញ​ដោះស្រាយ​ពី​ភាព​អសកម្ម​នៅក្នុង​ខេត្ត  ហើយ​មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​បញ្ហា​ចេះតែ​អូសបន្លាយ​បន្តទៀត​ឡើយ​។​

​ចំណែក លោក លៀង ប៉ោ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ថ្លែង​ការពារ​ខ្លួន​ថា លោក​មិន​បានដឹង​រឿង​មានការ​នាំចូល​ប្រហុក​ត្រី​រ៉ស់​ផ្ទុក​សារធាតុ​គីមី​ពី​ប្រទេស​យួន​ចូលមក​លក់​ក្នុងប្រទេស​កម្ពុជា​នោះទេ​។ លោក លៀង ប៉ោ បាន​បន្តទៀតថា បើ​មានការ​នាំចូល​ប្រហុក​តាម​ច្រក​អន្តរជាតិ​ភ្នំ​ដិ​ន គឺ​ក្រុមមន្ត្រី​កាំកុងត្រូល​ឈរជើង​នៅ​ច្រក​នោះ​ជា​អ្នកទទួលខុសត្រូវ មិនមែន​តួនាទី​របស់លោក​នោះទេ​។ ការឆ្លើយ​យករួចខ្លួន​របស់ លោក លៀង ប៉ោ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ដូច​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ​ផងដែរ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ក្នុងភូមិ​សាស្ត្រ​ស្រុក​ទ្រាំង ខេត្តតាកែវ  មន្ត្រី​ជំនាញ​បាន​ប្រចាំការ​បំពេញការងារ​ដូច​នៅ​បណ្តា​ស្រុក​ផ្សេងៗ​ជាប់​ព្រំដែន​ផងដែរ តែ​មន្ត្រី​ជំនាញ​ហាក់​មិនបាន​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​នោះទេ​។ ជាក់ស្តែង​ប្រហុក​ខូចគុណភាព​ត្រូវបាន​នាំ​ពី​ប្រទេស​យួន​ចូលមក​លក់​នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការត្រួតពិនិត្យ និង​ទប់ស្កាត់ ចំណែក​មន្ត្រី​ជំនាញ និង​អាជ្ញាធរខេត្ត មាន​លោក លៀង ប៉ោ និង​លោក ឡាយ វណ្ណៈ បាន​ត្រឹម​រុញ​បញ្ហា​ឲ្យ​ឆ្ងាយ​ពី​ខ្លួន ទុក្ខ​ឲ្យ​ប្រជាពលរដ្ឋ និង​សង្គមជាតិ​បន្ត​រងគ្រោះ​៕

08_11_2016_08_38_56tt