មានការ​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់

ថ្មីៗ​នេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​នៃ​ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ នៅក្នុង​តំបន់​ព្រៃ​អភិរក្ស​ជួរ​ភ្នំក្រវាញ បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បន្ត​កើតឡើង​ឥតឈប់ឈរ ហើយ​មន្ត្រី​បរិស្ថាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា​ជា​អ្នក​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ហើយ​គួរតែ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ប្រកបដោយ​ប្រសិទ្ធភាព​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ និង​ភ្នំ​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យកទៅលក់​នៅ​ស្រុក​យួន​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ ហើយ​ឈ្មួញ​មួយចំនួន​ជាម​ន្ត្រី​យោធា​យោធភូមិភាគ​៣ ដែលមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​បរិស្ថាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​។ បច្ចុប្បន្ន​បទល្មើស​បំផ្លាញ​ព្រៃឈើ​កំពុងតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់ភ្នំ​ដោះ​ក្រមុំ តំបន់​ចម្លង​សៀម តំបន់​ឆែ​រៀប តំបន់ភ្នំ​ខ្នង​សា តំបន់ភ្នំ​ខ្នង​ក្រពើ តំបន់ភ្នំ​ខ្នង​ស្រល់ ជាប់​ព្រំប្រទល់​ខេត្តកោះកុង និង​ខេត្តកំពង់ស្ពឺ​។ ចំណែក​នៅ​តំបន់​ច្រក​ច្រ​ងាំ ភ្នំ​ម៉ាង​ក្រ​លៀង អូរ​ល្ហុង អូរ​ទឹក​ក្រហម ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៏ដូចជា​តំបន់​មួយចំនួន​នៅ​ស្រុក​ទឹកផុស ក៏មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដែរ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ស្រុក​ទឹកផុស ខេត្ត​កំពង​ឆ្នាំង ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​ក្រុម​ជនល្មើស​នៅតែ​ប្រើប្រាស់​ម៉ាស៊ីន​អារឈើ​ត្រង់​ស៊ី​ន័​រ ម៉ាស៊ីន​រ៉ៃ និង​រទេះគោ​ក្របី ចូលទៅ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​យ៉ាង​អនាធិបតេយ្យ​។ ចំណែក​ឈ្មួញ​ឈើ​ធំៗ​ដែលជា​មន្ត្រី​យោធា​យោធភូមិភាគ​៣ និង​ឈ្មួញ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​បាន​ប្រមូល​ទិញ​ឈើ​ទាំងនោះ​ដឹកចេញទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក ច្រក​តន់​ហន់ ស្រុក​កំពង់ត្រាច ខេត្តកំពត និង​ច្រក​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ យ៉ាង​រលូន​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​លើ​ភាព​អសកម្ម​របស់​មន្ត្រី​បរិស្ថាន ដែលមាន​តួនាទី​ការពារ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ពុំមាន​ការថយចុះ​ឡើយ​៕

saysamal-620លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន  KA-09-08-2016-11-1