កម្ពុជា​ខាតបង់​200​ទៅ​300​លាន​ដុល្លារ​លើ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​ជិតខាង

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រទេស​កសិកម្ម​មួយ​នៅ​ក្នុង​តំបន់ តែ​បច្ចេកវិទ្យា​ក្នុង​ការ​ផលិត​នូវ​ផលិតផល​ពី​កសិកម្ម ហាក់ដូចជា​នៅ​មិន​ទាន់​រីក​ចម្រើន​ខ្លាំង​ប៉ុន្មាន​ទេ បើ​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​ជិតខាង ហើយ​បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម​បញ្ជាក់​ថា កម្ពុជា​បាន​ខាតបង់​ទឹកប្រាក់​ប្រមាណ​ពី​២០០​លាន​ទៅ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​មក​កាន់​ប្រទេស​កម្ពុជា ។

លោក ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​តាំងពិព័រណ៍ ស្តី​ពី​កសិកម្ម បសុសត្វ និង​វារីវប្បកម្ម ថា កម្ពុជា​មាន​ផលិតផល​កសិកម្ម​ជា​ច្រើន ពេល​ខ្លះ​ផលិតផល​ទាំងនោះ​វា​លើស​នឹង​តម្រូវការ​ទៅ​ទៀត ក៏​ប៉ុន្តែ​បែរជា​យើង​ត្រូវការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ទៅ​វិញ ។ ជាក់ស្ដែង កម្ពុជា​បាន​ផលិត​ស្រូវ​ប្រមាណ​៤​លាន​តោន​ក្នុង​មួយ​ឆ្នាំ តែ​កម្ពុជា​បែរជា​នាំ​អង្ករ​ពី​ប្រទេស​ជិតខាង​មក​ផ្គត់ផ្គង់​ទីផ្សារ​ទៅ​វិញ​។ លោក​មាន​ប្រសាសន៍​ថា ៖ « ស្រូវ យើង​អាច​ផលិត​បាន​៤​លាន​តោន​ក្នុង​មួយ​ឆ្នាំ តែ​យើង​បែរជា​នាំ​ចូល​អង្ករ​ពី​ប្រទេស​ជិតខាង​វិញ​។ មាន​ក្រុមហ៊ុន​មួយ បាន​នាំ​ស្រូវ​ចេញពី​កម្ពុជា​ទៅ​ឱ្យ​វៀតណាម រួច ហើយ​វៀតណាម​កិន​ជា​អង្ករ និង​នាំ​អង្ករ​នោះ​មក​កាន់​ប្រទេស​កម្ពុជា​វិញ ។ នេះ​គឺជា​ការ​ខាតបង់​មួយ​ទៅ​ហើយ » ។

លោក​បន្ត​ថា ចំពោះ​បញ្ហា​ត្រី ក៏​ដូច​គ្នា​ដែរ កម្ពុជា​មាន​ទីតាំង និង​កន្លែង​ចិញ្ចឹម​ត្រី​ច្រើន តែ​កម្ពុជា​នៅ​តែ​មានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិតខាង​ដដែល ។ លោក​ថា ៖ « ប្រសិនបើ​យើង​ពង្រឹង​ការ​ចិញ្ចឹម​ត្រី វា​ជា​ការ​ល្អ​សម្រាប់​យើង និង​អាច​កាត់​បន្ថយ​ការ​នាំ​ចូល ថែម​ទាំង​បង្កើន​ការ​នាំ​ចេញ តែ​អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​យើង​នៅ​ខ្វះ​កូន​ត្រី​សម្រាប់​ចិញ្ចឹម ដោយ​ក្នុង​១​ឆ្នាំ យើង​នាំ​ចូល​ប្រមាណ​២០០​ទៅ​៣០០​លាន​កូន​ត្រី​។ ម្យ៉ាងទៀត កូន​ត្រី​ដែល​យើង​នាំ​ចូល​មក​ក៏​មិនល្អ​ប៉ុន្មាន​ដែរ ខាងគេ​ចម្រាញ់​យក​អា​លេខ​១​បាត់​ទៅ​ហើយ ទុក​អា​លេខ​២​ឱ្យ​យើង ដែល​ធ្វើ​ឱ្យ​កូន​ត្រី​នោះ​ចិញ្ចឹម​មិន​ងាយ​ធំ និង​ត្រូវ​ចំណាយ​ច្រើន​លើ​ការ​ចិញ្ចឹម​ទម្រាំ​បាន​ផល​។ ដូចនេះ គ្រាន់តែ​ការ​នាំ​ចូល​កូន​ត្រី​មក​ចិញ្ចឹម យើង​ខាតបង់​ប្រមាណ​៤​លាន​ទៅ​៥​លាន​ដុល្លារ​ទៅ​ហើយ » ។

លោក​បន្ថែម​ថា ក្រៅពី​ស្រូវ ត្រី កម្ពុជា​ក៏​មានការ​នាំ​ចូល​បន្លែ​ពី​ក្រៅ​ដែរ ហើយ​បន្លែ​នេះ មិនមែន​នាំ​ចូល​មក​តែ​ពី​ប្រទេស​វៀតណាម​ទេ តែ​វា​បាន​នាំ​ចូល​មក​តាំងពី​ប្រទេស​ចិន​ផង​ដែរ ខណៈ​ដែល​កម្ពុជា​នៅ​មាន​ដី​ទូលាយ​ច្រើន​សម្រាប់​បង្កបង្កើន​ផលិតផល​បន្លែ ។ ក្រៅពី​នោះ​ទៀត ក៏​មានការ​នាំ​ចូល​សាច់​គោ ផ្លែ​ឈើ ហើយ​បើ​សរុប​ជា​ទឹកប្រាក់​វិញ​មាន​រហូត​ដល់​រាប់រយ រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ លោក​និយាយ​ទៀត​ថា ៖ « តាម​ខ្ញុំ​ចាំ​បាន គ្រាន់តែ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​ខេត្ត​ណា​ន​នី​ង​របស់​ចិន មាន​ប្រមាណ​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ខេត្ត​ណា​ន​នី​ង មាន​តែ​ជាង​២០០​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​យើង​នាំ​ពី​គេ​វិញ​មាន​ជាង​៣០០​លាន​ដុល្លារ ។ ដូចនេះ វា​មានការ​ខាតបង់​ច្រើន​ណាស់ » ។

លោក ណៅ ធួ​ក បាន​លើក​ឡើង​ផង​ដែរ​ពី​ការ​តាំង​បង្ហាញ​ពិព័រណ៍​ស្តី​ពី​កសិកម្ម បសុសត្វ និង​វារីវប្បកម្ម ថា​វា​ជា​ការ​ល្អ​ណាស់ និង​ជា​ឱកាសល្អ​មួយ​សម្រាប់​ឱ្យ​កម្ពុជា សិក្សា​ពី​បច្ចេកវិទ្យា​ទំនើប​ៗ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​រីក​ចម្រើន ។

លោក​បាន​បញ្ជាក់​ថា ទាក់ទង​នឹង​ការ​ខាតបង់​ចំនួន​ជាក់លាក់​ណាមួយ​ពី​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​ជិតខាង​មក​កម្ពុជា មិន​មាន​តួលេខ​ច្បាស់លាស់​ណាមួយ​ទេ ។ ប៉ុន្តែ​បើ​តាម​ការ​ប៉ាន់ស្មាន ការ​នាំ​ចូល​ផលិតផល​កសិកម្ម មាន​ប្រមាណ​ពី​២០០​លាន​ទៅ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ៕