មុនស្លាប់តារា​សម្ដែង​ជើងចាស់ ឈុន ណារី នៅសល់បំណងចុងក្រោយមួយ

បើ​តាម​អ្នក​ដឹក​នាំ​រឿង ផាត់ យុទ្ធ បាន​និយាយ​ថា តារា​សម្ដែង​ជើង​ចាស់ ឈុន ណារី នៅ​មាន​បំណង​មួយ​ទៀត​មិន​ទាន់​បាន​សម្រេច នោះ​គឺ​យាយ​ចង់​មើល​រឿង​ចុង​ក្រោយ​របស់​ខ្លួន​មាន​ចំណង​ជើង​ថា “ផ្កា​បួន​ទង” ដែល​ត្រៀម​ចាក់​បញ្ចាំង​ឆាប់ៗ នេះ។

 

មុនស្លាប់តារា​សម្ដែង​ជើងចាស់ ឈុន ណារី នៅសល់បំណងចុងក្រោយមួយ

 

“រឿង​ហ្នឹង​គាត់​មក​សម្ដែង​ទាំង​ឈឺ​ពោះ​ធំ ហើយ​គាត់​តែង​និយាយ​ថា ចង់​មើល​រឿង​ដែល​គាត់​មក​សម្ដែង​ទាំង​ឈឺ​ទាំង​ជា​ហ្នឹង យ៉ាង​ម៉េច​វិញ?”។ លោក ផាត់ យុទ្ធ ថ្លែង​មក​កាន់​មក​កាន់ Sabay។ លោក​បន្ត​ថា នៅ​ក្នុង​រឿង​នេះ​តារា​សម្ដែង ឈុន ណារី ដើរតួ​ជា​ម្ដាយ​របស់​តួ​ឯក​ស្រី ដែល​មាន​ជំងឺ​ប្រចាំ​កាយ ត្រូវ​នឹង​សាច់​រឿង​ពិត​របស់​អ្នក​ស្រី​តែ​ម្ដង។

ប្រភព​ដដែល​រំលឹក​ថា ស្ថានភាព​ជំងឺ​របស់​តារា​សម្ដែង ឈុន ណារី មិន​អនុញ្ញាត​ឱ្យ​អ្នក​ស្រី​បន្ត​ថត​រឿង “ផ្កា​បួន​ទង” បាន​ចប់​នោះ​ទេ ដោយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​រហូត​ក្រោក​ពី​កន្ទេល​មិន​រួច។ លោក​បន្ត​ថា ប៉ុន្តែ​ទោះ​បី​តារា​សម្ដែង​រូប​នេះ​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ណា​ក្ដី ក៏​យាយ​នៅ​តែ​ទូរសព្ទ​សួរ​នាំ​លើក​ជារឿយៗ​ពី​ការ​ចាក់​បញ្ចាំង​រឿង​ចុង​ក្រោយ​របស់​គាត់។

ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​រឿង លោក​សម្ដែង​ការ​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​សិល្បករ​មាន​ទេព​កោសល្យ​រូប​នេះ។ លោក​អះអាង​ថា ស្នាដៃ​សម្ដែង​ចុង​ក្រោយ​របស់​អ្នក​ស្រី ឈុន ណារី មាន​ចំណង​ជើង​ថា “ផ្កា​បួន​ទង” នឹង​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី ២៥ សីហា​នេះ​ហើយ៕

 

អត្ថបទ៖ សំ ជំនាញ