ចេហ្សេ រ៉ូឌ្រីហ្គេ នាំ​មិត្ត​ស្រី​មក​បង្អើល​ថ្ងៃ​ដំបូង នៅ PSG

ថ្ងៃដំបូងរបស់អតីតកីឡាករ រៀលម៉ាឌ្រីត (Real Madrid) នៅក្នុងក្រុមប៉ារីសសាំងហ្សែម៉ាំង (Paris Saint Germain) បាន​បង្ក​ចំណាប់​អារម្មណ៍ ទៅដល់បណ្ដាអ្នកគាំទ្រ រួចជាស្រេចហើយ។ តែមិនមែន​ជា​ចំណាប់​អារម្មណ៍ ទៅ​លើ​កីឡាករ​ខ្លួន​ឯង​ទេ ព្រោះអ្នកគាំទ្រ បែរជាភ្ញាក់ផ្អើលខ្លាំង នឹងការបង្ហាញខ្លួនយ៉ាងរំពើតរំពើន របស់​មិត្ត​ស្រី​របស់​កីឡាករ​ឯណោះ​ទៅ​វិញ​។
ចេហ្សេ រ៉ូឌ្រីហ្គេ នាំ​មិត្ត​ស្រី​មក​បង្អើល​ថ្ងៃ​ដំបូង នៅ PSG

កីឡាករ ចេហ្សេ រ៉ូឌ្រីហ្គេ និងមិត្តស្រីរបស់ខ្លួន នាង អូរ៉ាហ៍ រីស៍។ (រូបថតលើទ្វីសធើរ)

មកដល់ក្រុមបារីស ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ តែកញ្ញា អូរ៉ាហ៍ រីស៍ (Aurah Ruiz) មិត្តស្រីរបស់កីឡាករ ចេហ្សេ រ៉ូឌ្រីហ្គេ (Jesé Rodri­guez) ដែលទើបនឹងត្រូវបានផ្ទេរ ពីក្រុម រៀលម៉ាឌ្រីត (Real Madrid) របស់​អេស្ប៉ាញ​ បានទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រ របស់ក្រុមបាល់ទាត់ នៃនៅរដ្ឋធានីប៉ារីស របស់​បារាំង​រួច​ជា​ស្រេចហើយ។

តាមពិតទៅ ប្រសិនជាកីឡាករ ចេហ្សេ រ៉ូឌ្រីហ្គេ ត្រូវបានក្រុមប៉ារីស ទិញក្នុងទឹកប្រាក់ ២៥លានអ៊ឺរ៉ូ ពីក្រុម​រៀល​ម៉ាឌ្រីតនោះ គឺដោយសារកីឡាករមានសក្ដានុពល ដោយរកគ្រាប់បាល់បានច្រើនគួរសម នៅក្នុងរដូវ​កាល​កន្លង​មក។ ប៉ុន្តែសម្រាប់សាធារណមតិទូទៅ ជាពិសេសសម្រាប់អ្នកគាំទ្រវិញ មិនសូវមាន​នរណា​ស្គាល់​កីឡាករ ចេហ្សេ រ៉ូឌ្រីហ្គេ វ័យ ២៣ឆ្នាំ នេះ ប៉ុន្មានទេ។ ហើយវត្តមានរបស់កីឡាករ នៅក្នុងក្រុមប៉ារីស ក៏ត្រូវ​បាន​គេ​គិត​ថា កីឡាករទំនងជាមកអង្គុយ ចាំចូលទាត់ជំនួសខ្សែប្រយុទ្ធ កីឡាករ អេឌីនសុន កាវ៉ានី (Edin­son Cavani) តែប៉ុណ្ណោះ។

តែផ្ទុយទៅវិញ វត្តមានដំបូងរបស់កីឡាករ នៅថ្ងៃទី៨ ខែសីហានេះ នៅលើវាលស្មៅរបស់ក្រុមប៉ារីស កីឡាករ​បានបង្ក ឲ្យមានចំណាប់អារម្មណ៍មកលើខ្លួន តាមរយៈ... «មិត្តស្រី»របស់ខ្លួន គឺតារាទូរទស្សន៍ជាតិ​អេស្ប៉ាញ ដ៏ស៊ិចស៊ី វ័យ២៤ឆ្នាំ គឺនាងកញ្ញា អូរ៉ាហ៍ រីស៍ នេះតែម្ដង។ ហើយរហូតមកដល់ថ្ងៃនេះ ក្រុមអ្នកគាំទ្រ និង​សារព័ត៌មាន​នានា​របស់បារាំង បានយកនាង អូរ៉ាហ៍ រីស៍ មកជជែកវែកញែក​មិនឈប់មិនឈរ។

នាង អូរ៉ាហ៍ រីស៍ បានអមដំណើរមិត្តប្រុសរបស់ខ្លួន នៅពេលចេញបង្ហាញខ្លួន របស់កីឡាករ កាលពីថ្ងៃចន្ទ ក្នុង​កីឡាដ្ឋាន «Parc des Princes» របស់រដ្ឋធានីប៉ារីស ហើយគេក៏ឃើញនាងមានវត្តមាន អមកីឡាករ ចេហ្សេ រ៉ូឌ្រីហ្គេ ទៅកាន់ឧទ្យានហ្វឹកហាត់ របស់ក្រុមប៉ារីស នៅឯតំបន់ជាយក្រុងដែរ។ រូបភាពនៅក្នុងវីដេអូផ្លូវការ របស់​ក្រុម​ប៉ារីស ដែលបង្ហោះនៅលើគេហទំព័រ យូធូប បានបង្ហាញពីភាពរំពើតរំពើន របស់តារាស្រី នៅ​ពេល​ពួកគេ​ចូល​ទៅ​ឧទ្យានហ្វឹកហាត់ដំបូង (វីដេអូដាក់ជូន នៅខាងក្រោមអត្ថបទ)៕

Une photo publiée par Aurahruiz (@aurah.ruiz) le 22 Janv. 2016 à 19h09 PST