លោក ហាក់ បូរ៉ា ប្រធានការិយាល័យ​ភូមិបាល​ក្រុង​ខេមរភូមិន្ទ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ខុសច្បាប់​

ប្រជាពលរដ្ឋ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បាន​រាយការណ៍​មក​ថ្មីៗ​នេះ​ថា លោក ហាក់ បូរ៉ា ប្រធានការិយាល័យ​ភូមិបាល​ក្រុង​ខេមរភូមិន្ទ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ខុសច្បាប់​។ អំពើ​ល្មើសច្បាប់​របស់លោក ហាក់ បូរ៉ា ត្រូវគេ​ដឹងថា​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក មាស សុភាព អតីត​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​ដែល​រង​ការចោទប្រកាន់ថា​កាត់​ដី​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​យកទៅលក់​ឲ្យ​ឈ្មួញ​ឯកជន ហើយ​ត្រូវបាន​ថ្នាក់លើ​ដកចេញ​ពីមុខ​តំណែង​កាលពី​ខែកក្កដា កន្លងទៅនេះ​។​

រឿងអាស្រូវ​ខាងលើនេះ លេច​ធ្លាយ​ក្រោយពី ស្ដ្រី​ចំណាស់​ម្នាក់​ឈ្មោះ កែម ឡា អាយុ​៦៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ចេញមុខ​ដាក់ពាក្យ​បណ្ដឹង​ជា​ចំហ​ចំពោះមុខ​ច្បាប់​ចោទ​ទៅលើ​លោក ហាក់ បូរ៉ា ប្រធានការិយាល័យ​ភូមិបាល​ក្រុង​ខេមរភូមិន្ទ​ទៅលើ​ពីរ​ចំណុច​ផ្សេងគ្នា​។ ពាក្យបណ្ដឹង ត្រូវបាន​លោកស្រី កែម ឡា ដាក់​ចូលទៅ​សាលាក្រុង​ខេមរភូមិន្ទ​មួយច្បាប់ និង​ដាក់​ចូលទៅ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តកោះកុង​មួយច្បាប់​ដើម្បីឱ្យ​ស្ថាប័ន​ទាំងពីរ​ចាត់វិធានការ​លើ​ជនល្មើស​តាម​នីតិវិធី​ច្បាប់ ។​

​តាម​ខ្លឹមសារ​ពាក្យបណ្តឹង​របស់​លោកស្រី កែម ឡា ប្តឹង​លោក ហាក់ បូរ៉ា ដែលមាន​តួនាទី​ជា​ប្រធានការិយាល័យ​ភូមិបាល​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បាន​បង្ហាញថា ដើមបណ្តឹង ប្តឹង​ករណី​ទីមួយ​ដោយ​ចោទថា លោក ហាក់ បូរ៉ា និង​បក្ខពួក បាន​យកឈ្មោះ រូបថត និង​អត្តសញ្ញាណប័ណ្ណ​របស់លោក​ស្រី កែម ឡា មក​ធ្វើលិខិត​បញ្ជាក់​កាន់កាប់​ដីធ្លី ដោយ​លោកស្រី កែម ឡា មិនបាន​ផ្ដិតមេដៃ​ដែលមាន​លិខិតបញ្ជាក់​ដីធ្លី​លេខ​៤០/១៥ ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ ។ ករណី​ទី​ពីរ​ចោទថា លោក ហាក់ បូរ៉ា បាន​ក្លែងបន្លំ​យកឈ្មោះ​លោកស្រី កែម ឡា មក​ធ្វើ​កិច្ចសន្យាលក់​-​ទិញ​ដីធ្លី​ឱ្យទៅ​ឈ្មោះ ជា លាង​ហុង ភេទ​ប្រុស មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​១៦ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ខណៈ​លោកស្រី កែម ឡា មិនបាន​ដឹង​អ្វី​ទាំងអស់​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ក្រុង​ខេមរភូមិន្ទ បាន​រិះគន់ថា លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គប្បី​ត្រួតពិនិត្យ និង​ជំរុញ​ឲ្យ​ស្ថាប័ន​ជំនាញ​ផ្សេងទៀត​សហការគ្នា​ដោះស្រាយ​ភាពមិនប្រក្រតី និង​ជា​ការរក​យុត្តិធម៌​ជូន​ភាគី​ពាក់ព័ន្ធ​ជុំវិញ​ករណី​លោកស្រី កែម ឡា ប្តឹង លោក ហាក់ បូរ៉ា ដែលមាន​តួនាទី​ជា​ប្រធានការិយាល័យ​ភូមិបាល​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។ គួរ​បញ្ជាក់ថា កន្លងទៅ​ថ្មីៗ​នេះ នៅ​ខេត្តកោះកុង ក៏មាន​ករណី​លេច​ធ្លាយ​រឿងអាស្រូវ​មន្ត្រី​ជំនាញ​ឃុបឃិត​គ្នា​លក់​ដី​មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង​ផងដែរ​៕

ffa55d77-af8d-4d9b-9d1c-473cab50f6a9 19fa1d57-137e-42f0-8121-25ef7ab9a39e 6781ad23-2b17-4b78-aebe-ff03d3ce9c89