បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រំប្រទល់​ស្រុក​កោះ​ញែក និង​ស្រុក​លំផាត់ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

ថ្មីៗ​នេះ​មានការ​រកឃើញ​ឈើ​ប្រណីត​រាប់ពាន់​កំណាត់​ត្រូ​ឈ្មួញ​យកទៅ​លាក់ទុក​នៅ​ចំណុច​អូ​ររ​វ៉ា​ក់ ជាប់​ព្រំប្រទល់​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និង​ស្រុក​លំផាត់ ខេត្តរតនគិរី​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ទាំង​២ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​នោះទេ ហើយ​ពួកគេ​ឃុបឃិត​គ្នា​ដើម្បី​ផលប្រយោជន៍​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងស្រុក​កោះ​ញែក និង​ស្រុក​លំផាត់ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ចាត់វិធានការ​ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក និង​ស្រុក​លំផាត់​ជាបន្ទាន់​។

ទាក់ទង​ទៅនឹង​ករណី​ឈ្មួញ​ស្តុក​ឈើ​រាប់ពាន់​កំណាត់​នៅ​ចំណុច​អូរ​រ​វ៉ា​ក់ ត្រូវបាន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ផ្ទះ​ទីតាំង​ស្តុក​ឈើ​រៀបរាប់ថា ឈើ​ទាំងនោះ​ឈ្មួញ​ដឹក​មកពី​ស្រុក​កោះ​ញែក ហើយ​ជួល​ដី​គាត់​ដាក់​ក្នុង​មួយខែ​តម្លៃ​២០​ម៉ឺន​រៀល ប៉ុន្តែ​គាត់​មិន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ទេ​។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​លំផាត់ ជាប់​ប្រទល់​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​យ៉ាងតិច​មាន​រថយន្ត​ដឹកឈើ​១០​គ្រឿង​ឆ្លងកាត់​ផ្លូវជាតិ​មុខ​លំនៅដ្ឋាន​របស់​ពួកគាត់ ហើយ​មិនដែល​ឃើញ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក លោក ឈួន សិរី​វ​ឌ្ឍ បាន​រក្សា​ភាពស្ងប់ស្ងាត់​ក្នុងខណៈដែល​បទល្មើស​កា​ប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឈួន សិរី​វ​ឌ្ឍ ទេនោះ​គឺ​ឈ្មួញ​មិនអាច​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ​។ ចំណែក​មេ​រដ្ឋបាល​ព្រៃឈើ​ស្រុក​លំផាត់ ខេត្តរតនគិរី ឈ្មោះ ហុង សុវណ្ណ​រាន ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផងដែរ ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ឆ្លងកាត់​ស្រុក​លំផាត់ ចូលទៅ​ក្រុង​បាន​លុង ខេត្តរតនគិរី យ៉ាង​រលូន​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ ក៏ដូចជា​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក និង​ស្រុក​លំផាត់​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក ដោយសារតែ​មានការ​ឃុបឃិត​ពី​មន្ត្រី​ពុករលួយ​៕

13894984_1086491538111102_9147655985732740920_n 13903395_1086491601444429_2142071866465508981_n 13681000_1086491551444434_491626401570722306_n 13906737_1086491574777765_95877153983439180_n 13907166_1086491611444428_920533005952167555_n