ក្តី​សុបិន​ចង់​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិច្រើន ជា​រឿង​ដែល​អ្នក​គ្រប់​គ្នា​ប្រាថ្នា

មាន​មូលហេតុ​ជា​ច្រើន ដែល​នាំ​ឲ្យ​មនុស្ស​មិន​អាច​ក្លាយជា​អ្នកមាន ។ ខាងក្រោម​នេះ គឺជា​ចំណុច​សំខាន់​ៗ​មួយ​ចំនួន ដែល​អ្នក​គួរតែ​ចៀសវាង ប្រសិនបើ​ចង់​ក្លាយជា​អ្នកមាន៖

១-​ចាយ​ច្រើន​ជាង​ចំណូល ៖
ទោះបីជា​អ្នករក​ចំណូល​បាន​ច្រើន​ប៉ុនណា​ក៏​ដោយ តែបើ​ចាយ​ច្រើន​ជាង​ចំណូល​ទៅ​ហើយ​នោះ លទ្ធផល​ចុង​ក្រោយ គឺ​ប្រាកដជា​វេទនា​។ ដូច្នេះ​ហើយ អ្នក​គួរតែ​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់ រាល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ដើម្បី​ប្រាកដ​ថា អ្នក​អាច​សល់​ប្រាក់​កាស​ខ្លះ​ដើម្បី​សន្សំទុក ។

២-​ទិញ​របស់​ប្រើប្រាស់​ដែល​មិនមែន​ជា​តម្រូវការ ៖
អ្នក​គួរ​ទិញ​របស់របរ​ទាំងឡាយ​ដែល​ចាំបាច់​សម្រាប់​សេចក្តី​ត្រូវការ និង​មាន​ប្រយោជន៍​សម្រាប់​ការ​ប្រើប្រាស់ ជា​ជាង​ការ​ទិញ​មក​គ្រាន់ តែ​ដើម្បី​បំពេញ​ចំណង់​របស់​ខ្លួន ត្រូវ​ដឹង​ថា អ្នក​គ្មាន​ថ្ងៃ​អាច​បំពេញ​ចំណង់​របស់​ខ្លួន​បាន​គ្រប់​ឡើយ តែ​បែរជា​ត្រូវ​ចាយ​លុយ​ច្រើន​អត់​ប្រយោជន៍​ទៅ​វិញ ។ បើ​មិនដឹង ឬ​មិន​អាច​បែងចែក​អ្វី​ដែល​សំខាន់​បាន​នោះ​ទេ ប្រាកដ​ណាស់ ការ​ចំណាយ​របស់​អ្នក គឺ​មិន​ចំ​ខ្ទង់​នោះ​ទេ ឬ​អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា ចាយ​អត់​ប្រយោជន៍​។

៣-​គ្មាន​គម្រោង​ច្បាស់លាស់ ៖
ការ​រៀបចំ​ផែនការ ឬ​គម្រោង ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ដើម្បី​កំណត់​ទិស​ដៅ​ឲ្យ​ច្បាស់​ថា អ្វី​ដែល​អ្នក​ចង់​សម្រេច​នៅ​ពេល​ខាង​មុខ ហើយ​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​អ្វីខ្លះ​ដើម្បី​សម្រេច​គោលដៅ​នោះ ។ ដូច្នេះ​ហើយ ដើម្បី​ក្លាយជា​អ្នកមាន​ទ្រព្យសម្បតិ្ត​ស្តុកស្តម្ភ​ម្នាក់ ការ​រៀបចំ​គម្រោង ឬ​ផែនការ គឺជា​រឿង​ដែល​មិន​អាច​មើល​រំលង​ឡើយ ។

៤-​មិន​ព្យាយាម​បង្កើន​ប្រាក់​ចំណូល​របស់​ខ្លួន ៖
បើ​អ្នក​មិន​ខិតខំ​រិះរក​វិធី​ដើម្បី​បង្កើត​ប្រាក់​ចំណូល​ឲ្យ​បាន​ច្រើន​នោះ​ទេ វា​ពិតជា​ពិបាក​សម្រាប់​ការ​ក្លាយទៅជា​អ្នកមាន ។ ដូច្នេះ ត្រូវ​រក​ឱកាស ហើយ​ប្រសិនបើ​មិន​មានឱកាស គឺ​ត្រូវ​តែ​ចេះ​បង្កើត​ឱកាស​ដោយ​ខ្លួនឯង ដើម្បី​អាច​មាន​ប្រាក់​ចំណូល​ច្រើន​ឡើង​ៗ ៕

ដកស្រង់​ពី​ហ្វេ​ស​ប៊ុ​ក​លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី