2ក្រុមផ្ទុះជម្លោះ​ផ្អើល​ទាំង​យប់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ជម្លោះ​មិន​ទាន់​ដឹង​មូលហេតុ​មួយ​ បង្ក​​ឱ្យ​​មនុស្ស​៣​នាក់​រងរបួស​​ដោយសារ​ការ​វាយតប់​គ្នា​ កាលពី​វេលា​ម៉ោង​ជាង​១១​យប់​ថ្ងៃ​ទី​១០ ​សីហា​ ២០១៦ ស្ថិតនៅ​មុខ​ក្លិបកម្សាន្ត​​បឹង​ស្តា​រ ទឹកដី​កាស៊ីណូ​ផ្កាយ​5 ​ក្នុងភូមិ​ក្បាលស្ពាន១ ​សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

ប្រភព​ឱ្យ​ដឹងថា ​ហេតុ​ការ​ណ៍​ផ្ទុះ​​ជម្លោះ​នោះ​ គឺមានការ​ដេញ​វាយតប់​គ្នា​ដោយ​ដៃ​ និង​ខ្សែ​ក្រ​វ៉ា​ត់ ​ដូច​រឿង​ភាគ​ចិន​ ​បណ្តាល​ឱ្យ​​មនុស្ស​៣​នាក់​​រង​របួស​ ក្រុម​ម្ខាង​របួស២​នាក់ ​ម្នាក់​ត្រូវ​ក្បាល ​និង​ម្នាក់​ត្រូវ​ដៃ​ ឯ​ក្រុម​ម្ខាង​ទៀត​ របួស​ក្បាល​ម្នាក់​ ។

ប្រភព​បន្ត​ថា ​ក្នុង​ហេតុ​ការ​ណ៍​ខាងលើ​ កង​សន្តិសុខ​របស់​កាស៊ីណូ​ឃាត់ខ្លួន​ម្នាក់ ​ប្រគល់​ឱ្យ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ​ហើយ​ដក​ហូត​បាន​ម៉ូតូ​២​គ្រឿង​ ដែល​អ្នកបើកបរ​រត់​ចោល​បន្សល់​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ​។ ​​នៅ​កន្លែង​កើតហេតុ​ គេ​ឃើញ​មាន​កាំភ្លើង​ជ័រ​ខ្លី​១ដើម​ សង្ស័យ​ជា​របស់​ក្រុម​ណាមួយ​ដាក់ ​ដើម្បី​បង្អួត​ឬ​សំ​ញ៉ែង​​តែ​ប៉ុណ្ណោះ​ ។

ជុំវិញ​បញ្ហា​ខាងលើ ​លោក​ជា​ ដា​ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ​មិន​បាន​ប្រាប់​លម្អិត​ពី​ដើមចម ​ដែល​កើត​ជម្លោះ​រវៀង​ភាគី​ទាំង​២​ខាងលើ​ទេ​ ដោយ​គ្រាន់តែ​ប្រាប់​ថា ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ​និង​ម៉ូតូ​២គ្រឿង​ ហើយ​ពេល​នេះ​កំពុងធ្វើការ​សួរនាំ​នៅ​ឡើយ​ ។