សង្គ្រាម​ពាក្យ​សម្ដី​ សុភ័ណ្ឌ ឡារី និង​ ចន ច័ន្ទ​លក្ខិណា កើន​កម្ដៅ

ភ្នំពេញ: ដោយបង្កការភ្ញាក់ផ្អើលផ្ទុះឡើងកក្រើកពិភពសិល្បៈជាមួយឆន្ទៈគាំទ្រមុតមាំពី «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន បានប្រតិកម្មសមាជិកសភាខ្មែរ-អូស្រ្តាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម និងបានចេញមុខធ្វើញត្តិថ្កោលទោសនោះ ដែលបញ្ឆេះឡើងជាសង្គ្រាមពាក្យសម្ដីផ្ញើឆ្លងឆ្លើយក្នុងបណ្តាញសង្គមហ្វេសប៊ុក រវាងរូបនាង និងអតីតតារាសម្តែងបាត់បង់ឱកាសការងារសិល្បៈព្រោះគាំទ្របក្សសង្គ្រោះជាតិ លោក សុភ័ណ្ឌ ឡារី ដែលបានស្នើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា បញ្ឈប់ការយកឈ្មោះអ្នកសិល្បៈ និងប្រជាពលរដ្ឋទាំងមូលមកធ្វើសកម្មភាពថ្កោលទោសនោះ។

នៅក្នុងគណនីហ្វេសប៊ុក «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» អមដោយរូបថតឈររួមជាមួយមន្រ្តីនាំពាក្យនៅទីស្តីការគណៈរដ្ឋមន្ត្រី និងមន្ត្រីទូត នៅស្ថានទូតអូស្ត្រាលីនោះ ក៏បានបរិយាយសារបង្ហាញបន្ថែមថា នាព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៦ នេះ ៖ «ខ្ញុំបាទតំណាងសមាគមមិត្តសិល្បៈ រួមជាមួយនឹងអ្នកតវ៉ាមួយចំនួនទៀត បានដាក់ញតិ្តស្នើសុំការអន្តរាគមន៍ និងថ្កោលទោស ជូនរដ្ឋសភាជាតិ ព្រឹទ្ធសភា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ ថ្វាយព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្នុងករណី លោក ហុង លីម តំណាងរាស្ត្រខ្មែរ-អូស្ត្រាលី ដែលបានប្រមាថ មាក់ងាយ មកលើរបបកម្ពុជាបច្ចុប្បន្ន»។

បន្ថែមពីលើការរិះគន់បែបចែវទូកបណ្តោយទឹកចំអកមកលើប្រធានសមាគមអ្នកនាងចន ច័ន្ទលក្ខិណា ដែលអះអាងថាកំពុងស្វែងរកយុត្តិធម៌ ថ្វាយព្រះមហាក្សត្រ នោះលោក សុភ័ណ្ឌ ឡារី ក៏បានចេញសារបង្ហោះជាសាធារណៈ ស្នើដល់សមាគម អ្នកនាង ចន ច័ន្ទលក្ខិណា ឲ្យបញ្ឈប់យកឈ្មោះអ្នកសិល្បៈ និងឈ្មោះប្រជាពលរដ្ឋទាំងមូលបែបនេះទៀតទៅ ដោយលោកលើកហេតុផលថា សកម្មភាពនេះមិនមែនជារឿងសំខាន់ដែលប្រជាពលរដ្ឋចង់បានឡើយ ហើយបញ្ឈប់ការយករូបលោក និងគ្រួសារទៅបូកជាមួយក្រុមមួយក្ដាប់តូចរបស់អ្នកនាងជាបន្ទាន់។

ប៉ុន្តែសំណើនេះត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណា ចំអកទៅវិញថា៖ «ឆ្លើយតបទៅនឹងការលើកឡើងដោយគ្មានមូលដ្ឋាន និងភ័ស្តុតាងច្បាស់លាស់ របស់បុគ្គលសកម្មជនគណបក្ស CNRP នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន គឺគ្រាន់តែជាការឆ្លៀតឱកាសកេងចំណេញនយោបាយ។ សម្រាប់គណបក្សនយោបាយរបស់ខ្លួន និងផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីភាពគ្មានឆន្ទ: និងសតិសម្បជញ្ញៈជាពលរដ្ឋខ្មែរឡើយ»។

អ្នកនាង ចន ច័ន្ទលក្ខិណា ច្រានចោលទៀតថា លោក សុភ័ណ្ឌ ឡារី ពុំមែនជាអ្នកសិល្បៈទេ ដូច្នេះសុំកុំភ្ជាប់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងផលប្រយោជន៍ផ្ទាល់ខ្លួនឲ្យសោះ ហើយលោក និងក្រុមគ្រួសារលោក ពុំមែនតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋកម្ពុជាទាំងមូលនោះទេ។

សំណេររបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ច្រានចោលថា លោក សុភ័ណ្ឌ ឡារី ពុំមែនជាអ្នកសិល្បៈនោះ តារាសិល្បៈគាំទ្របក្សសង្គ្រោះជាតិរូបនេះក៏បានធ្វើការចោទទៅវិញថា ៖ «ខ្ញុំសុំសួរទៅសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធាន និងបានលើកឡើងក្នុងគណនីសមាគម ថាខ្ញុំមិនមែនជាអ្នកសិល្បៈនោះទេ និងចោទខ្ញុំថា ការបង្ហោះក្នុងគណនីរបស់ខ្ញុំគឺជាការកេងចំណេញនយោបាយ តើប្រធានសមាគមមួយនេះ មានអ្វីជាភ័ស្តុតាងដែលថា ខ្ញុំមិនមែនជាអ្នកសិល្បៈ? តើអ្នកណាជាអ្នកកេងចំណេញនយោបាយពិតប្រាកដ?»។

លោកក៏ប្រកាសថា៖ «បន្តិចទៀតខ្ញុំនឹងបង្ហាញឯកសារជាច្រើនដែលបញ្ជាក់ថា ខ្ញុំគឺជាអ្នកសិល្បៈ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts