ភាព​មិន​ច្បាស់លាស់​ពី​សេដ្ឋកិច្ច​សកល​កាន់តែ​ច្រើន​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ថៃ

ប្រទេស​ថៃ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ចំនួន​តួលេខ​ជា​ច្រើន​នៃ​សេដ្ឋកិច្ច​សកល​បង្ហាញ​ថា ភាព​មិន​ប្រាកដប្រជា​កាន់តែ​ច្រើន​នឹង​ព័ទ្ធ​ជុំវិញ​សេដ្ឋកិច្ច​ថៃ នា​ពាក់កណ្តាល​ចុងឆ្នាំ​នេះ។

១-​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត Brexit នៅ​ចក្រភព​អង់គ្លេស មិន​ត្រឹមតែ​បន្ថែម​ហានិភ័យ​ដល់​ផ្សារ​ហិរញ្ញវត្ថុ​ជាស​កល​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អូស​បន្លាយ​ដំណើរការ​ទីផ្សារ ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ទាំង​នៅ​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប ។ វា​មាន​ន័យ​ថា ក្រុមហ៊ុននាំចេញ​របស់​ថៃ នឹង​មានការ​លំបាក​ក្នុង​ការ​បង្កើន​ការ​នាំ​ចេញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ហើយ​ស្ថានភាព​នេះ​អាច​នឹង​កាន់តែ​អាក្រក់​ឡើង ប្រសិនបើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នៅ​អឺរ៉ុប និង​ជម្លោះ​នយោបាយ​នៅ​តែ​បន្លាយពេល​យូរ​ទៅ​មុខ​ទៀត ។

២-​មាន​លំហូរ​ចូល​ធំ​ថ្មី និង​រយៈពេល​ខ្លី​នៃ​មូលធន​ពី​សេដ្ឋកិច្ច​ជឿនលឿន​ចូល​ទៅ​ក្នុង​តំបន់​អាស៊ី និង​ប្រទេស​ថៃ ដែល​មិន​ត្រឹមតែ​ជំរុញ​ឱ្យ​តម្លៃ​ភាគហ៊ុន​ទីផ្សារ​ក្នុងស្រុក​កើនឡើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជំរុញ​អត្រា​ប្តូរ​ប្រាក់​រវាង​ប្រាក់​បាត និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ទៀត​ផង ។

ការ​កើនឡើង​នៃ​តម្លៃ​រូបិយប័ណ្ណ​ក្នុងស្រុក អាច​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ ដែល​នេះ​មិន​ទាន់​បាន​រួម​បញ្ចូល​ពី​ហានិភ័យ​នៃ​ការ​ផ្លាស់​ប្តូរ​មូលធន​ក្នុង​រយៈពេល​ភ្លាម​ៗ​ទេ ។

៣-​កំណើនសេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក នៅ​ត្រីមាស​ទី​២​នេះ​មាន​ត្រឹមតែ​១,២% បើ​ធៀប​នឹង​ការ​ព្យាករ​កាលពីមុន​មាន​ចំនួន​២,៥%​។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​បាន​ចុះ​ខ្សោយ​ច្រើន​ជាង​ការ​រំពឹង​ទុក ។ វា​ក៏​បង្កើន​លទ្ធភាព​ដែល​ថា ធនាគារកណ្តាល​អា​មេ​រិ​ក​អាច​នឹង​មិន​កែតម្រូវ​គោលនយោបាយ​នៃ​អត្រា​ការ​ប្រាក់​របស់​ខ្លួន​នៅ​ពេល​ណាមួយ​ក្នុងឆ្នាំនេះ ។

ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​អា​មេ​រិ​ក​អាច​មិន​មាន​ភាព​ខ្លាំង​គ្រប់គ្រាន់ ដើម្បី​ទាញ​សេដ្ឋកិច្ច​សកល​ចេញពី​ការ​គំរាមកំហែង​នៃ​បរិត្តផរណា និង​ការ​កើនឡើង​នៃ​បំណុល​ជាស​កល​ក្នុង​ពេល​ឆាប់​ៗ​ទេ ។ នេះ​ពិតជា​ដំណឹង​មិនល្អ​សម្រាប់​ក្រុមហ៊ុននាំចេញ​របស់​ថៃ ព្រោះ​អា​មេ​រិ​ក​គឺជា​ទីផ្សារ​សំខាន់​មួយ​សម្រាប់​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ ។

៤-​កម្មវិធី​នៃ​ការ​ផ្តល់​ប្រាក់​លើកទឹកចិត្ត​ដល់​អ្នក​ស្ម័គ្រចិត្ត​លែង​ធ្វើការ ដែល​បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ ដើម្បី​បញ្ឈប់​កម្មករ​បណ្តោះអាសន្ន​រាប់រយ​នាក់​នៅ​ក្នុង​វិស័យ​រថយន្ត និង​គ្រឿងបន្លាស់​រថយន្ត​ក្នុង​ប្រទេស​ថៃ គឺជា​សញ្ញា​ដ៏​ច្បាស់លាស់​មួយ​នៃ​ការ​ធ្លាក់​ចុះ​ការ​លក់​ក្នុងស្រុក និង​ការ​នាំ​ចេញ​ក្នុង​វិស័យ​ទាំងនេះ ។

ការ​ដាក់​ដើមទុន​ច្រើន​ពេក មាន​ន័យ​ថា បាន​ដាក់​កម្រិត​ទៅ​លើ​ការ​វិនិយោគ​ថ្មី ដូច​ជា រោងចក្រ​ផលិតកម្ម​ថ្មី​មាន​ចំនួន​តិច​ជាង​មុន ។

ក្រៅពី​កត្តា​សកល​ទាំងនេះ ការ​ធ្វើ​ប្រជាមតិ​រដ្ឋធម្មនុញ្ញ​របស់​ថៃ​នៅ​ថ្ងៃ​ចន្ទ​នេះ អាច​នឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កត្តា​ក្នុងស្រុក​មួយ​ដែល​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ទិដ្ឋភាព​មួយ​ចំនួន ។ ទោះជា​យ៉ាងណា យោង​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​បាន​បង្ហាញ​ថា លទ្ធផល​នៃ​ការ​ធ្វើ​ប្រជាមតិ​រដ្ឋធម្មនុញ្ញ​នេះ គ្មាន​ផល​ប៉ះពាល់​ណាមួយ​លើ​កំណើនសេដ្ឋកិច្ច​រយៈពេល​ខ្លី​របស់​ប្រទេស​នេះ​ទេ ។

តាម​ទស្សនៈ​គោលនយោបាយ ជម្រើស​គោលនយោបាយ​ដែល​នៅ​សល់​នា​ពេល​នេះ គឺ​ចាប់ផ្តើម​ដំណើរការ​គម្រោង​នៃ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ធំ​ៗ​មួយ​ចំនួន ព្រមទាំង​កម្មវិធី​ដែល​ទាក់ទង​នឹង​សុខុមាលភាព​សង្គម ក្នុង​គោលបំណង​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​ថៃ​រយៈពេល​ខ្លី និង​ផលិតភាព​រួម​ក្នុង​រយៈពេល​វែង តាម​រយៈ​ការ​វិនិយោគសាធារណៈ​ថ្មី និង​បណ្តាញ​ប្រើប្រាស់​ឯកជន ៕