ជនដៃដល់​ប្លន់​បាញ់​ម្ចាស់​ម៉ូតូ​ចំនួន​២​គ្រាប់​ឲ្យ​របួសធ្ងន់​នៅមុខ​ហាង​កាហ្វេ​ដេលី ខណ្ឌចំការមន​នគរ​បាល​ចាប់ខ្លួនបាន​ម្នាក់​

​ភ្នំពេញ​៖ ក្រុមចោរប្លន់​ប្លន់ ដែល​បាន​បាញ់​ម្ចាស់​ម៉ូតូ​ចំនួន​២​គ្រាប់ ឲ្យ​របួសធ្ងន់ នៅមុខ​ហាង​កាហ្វេ​ដេលី ខណ្ឌចំការមន នា​ម៉ោង ១ និង​៣០ នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃ ទី​១០ ខែសីហា ឆ្នាំ​២០១៦ នោះ ត្រូវបាន​ចាប់ខ្លួនបាន​ម្នាក់​ហើយ នៅ​ខណ្ឌដូនពេញ នា​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦​នេះ ។​មន្ត្រីនគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦​នេះ កម្លាំង​ផ្នែក​យុត្តិធម៌ ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​អន្តរាគមន៍​ពិសេស បាន​ចាប់ខ្លួន​ជនដៃដល់ នៅ​ម្តុំ​លក់​ផ្កា ផ្លូវ​លេខ​៥៩៨ ក្រោយពី​បើក​ម៉ូតូ​គេចខ្លួន​ពី​ម្តុំ​ស្ពាន​នាគ ខណ្ឌដូនពេញ​។​

​ជនដៃដល់​រូបនេះ​មានឈ្មោះ ខាត់ សុ​ឃីម ហៅ​កូ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​លេខ ៣០E ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ ខណ្ឌ​ពោធ​សែន​ជ័យ​។ ជន​រូបនេះ​បាន​បាញ់​ជនរងគ្រោះ​មានឈ្មោះ ប៊ិន ថា​រ៉ាត់ អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រម​ហ៊ុន ស្នាក់នៅ​ផ្ទះជួល ម្តុំ​ត្រឡោកបែក ខណ្ឌទួលគោក រងរបួស​ត្រង់​ក្រោម​ស្មា​ខាងឆ្វេង​ធ្លាយ ដោះ​ខាងស្តាំ និង​ភ្លៅ​ខាងស្តាំ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ក្រោយ​ការចាប់ខ្លួន​កម្លាំង​នគរបាល បាន​ដកហូត​ម៉ូតូ​មួយគ្រឿង ម៉ាក​C125 ពណ៌​ខ្មៅ ឆ្នាំ​២០១៦ គ្មាន​ស្លាក​លេខ​។ នគរបាល​កំពុង​សួរចម្លើយ និង​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ក្នុង​អ​ពើ​ប្លន់​នេះ ។

​សូមបញ្ជាក់ថា យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ ដោយ​ត្រូវ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម​បាញ់ប្រហារ​ចំនួន​២​គ្រាប់​ប្លន់​យក​ម៉ូតូ Dream សេរី​ឆ្នាំ​២០១៦ មួយគ្រឿង​ទៅ​បាត់ ។​ហេតុការណ៍​បាញ់​ប្លន់​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ខាងលើនេះ គឺ​បាន​កើតឡើង​តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ កែង​និង​ផ្លូវ​១១៣​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២​ខណ្ឌចំការមន នា​ម៉ោង ១ និង​៣០ នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃ ទី​១០ ខែសីហា ឆ្នាំ​២០១៦ ។​

​នៅ​ម៉ោង​ខាងលើ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​តែម្នាក់ឯង​តាម​មហាវិថី​ព្រះសីហនុ លុះ​ជិះ​មកដល់​ចំណុចកើតហេតុ​ត្រង់​មុខ​ហាង ដេលី​កាហ្វេ ជនរងគ្រោះ​បាន​ឈប់​ម៉ូតូ បម្រុង​បត់ជើងតូច ភ្លាមនោះៗ ក៏បាន​លេខ​មុខ​ក្រុម​ប្លន់​ប្រដាប់អាវុធ​មួយក្រុម​ភ្ជុង​កាំភ្លើង ហើយ​បាន​ប្រតាយ​គ្នា ខ្មាន់កាំភ្លើង​បាន បាញ់​សំដៅ​មកលើ​ជនរងគ្រោះ​ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ប្រកាច់​ដេក​ដួល​នៅក្នុង​ថ្លុកឈាម​របួសធ្ងន់​។ បន្ទាប់មក​ក្រុមចោរប្លន់​នោះបាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ ជិះ​ចេញ ទៅដោយ​សុវត្ថិភាព​៕

KA-11-08-2016-03

​ជនដៃដល់​ឈ្មោះ ខាត់ សុ​ឃីម ហៅ​កូ អាយុ​១៨​ឆ្នាំ

KA-11-08-2016-04 KA-10-08-2016-07 KA-10-08-2016-08 KA-10-08-2016-09 KA-10-08-2016-10