លោក យឹម សុវណ្ណ បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​បង្កើត​រដ្ឋាភិបាល​ស្រមោល​

នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន និង​សមាជិក​-​សមាជិកា​គាំទ្រ នា​ព្រឹក​ថ្ងៃទី ១១ ខែសីហា ឆ្នាំ​២០១៦ នេះ​ថា អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បញ្ជាក់​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​បង្កើត​រដ្ឋាភិបាល​ស្រមោល​ដូច​ការចោទប្រកាន់​មួយចំនួន​នោះទេ ។​

​លោក យឹម សុវណ្ណ ក្នុងនាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​នាពេល​កន្លងមក​នោះ មិនមែនជា​រដ្ឋាភិបាល​ស្រមោល​នោះទេ  តែ​ជា​គណៈកម្មការ​ទាំង​១០ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ការងារ​ក្នុង​ក្របខ័ណ្ឌ ក្នុង​គណៈកម្មាធិការ​នា​យក​បក្ស ។ លោក យឹម សុវណ្ណ បាន​បន្តថា នេះ​ជា​ស្ថាប័ន​របស់​គណបក្ស​ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ស្រាវជ្រាវ​នូវ​គំនិតល្អ ដើម្បី​បញ្ជូន​គំនិត​ទៅ​ថ្នាក់ដឹកនាំ​គណបក្ស និង​ជូនទៅ​គណៈកម្មការ​ចំនួន​៥​របស់​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។

​ចំពោះមុខ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា​ស្ថានភាព​គោលនយោបាយ​ឆ្នាំ​២០១៣ មកដល់​ស្ថានភាព​ឥឡូវ​វា​ខុសគ្នា​។ គណបក្ស​សង្គ្រោះ​ជាតិ​យកតាម​គោលនយោបាយ​ឆ្នាំ​២០១៣​វា​អត់​ត្រូវ ដូចនេះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​កែលម្អ តែ​យើង​មិនទាន់បាន​ជជែក​គ្នា​នោះទេ តែ​យ៉ាងហោចណាស់​យើង​នឹងធ្វើ​យ៉ាងណា​ឲ្យ​មានការ​ឆ្លើយតប​នឹង​តម្រូវការ​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គឺ​ធ្វើ​យ៉ាងណាក្តី​ស្របតាម​សេដ្ឋកិច្ច​ជាដើម​។​

លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​វិសោធនកម្ម​គោល នយោបាយ​របស់ខ្លួន​នៅពេល​ខាងមុខ ដើម្បី​ស្របតាម​ស្ថានភាព​ជាក់ស្តែង​។ លោក យឹម សុវណ្ណ ក្នុងនាម​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា យើង​មិនទាន់​ឈានដល់​យក​ការដឹកនាំ​តាម​ប្រព័ន្ធ​អង់គ្លេស និង​អូស្ត្រាលី​នោះទេ​។ ទន្ទឹមនឹងនេះ មាន​អ្នកវិភាគ​មួយចំនួន បាន​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់មាន​គោលនយោបាយ នោះ​ជាការ​យល់​ខុស គឺ​ផ្ទុយស្រឡះ ព្រោះថា​គណបក្ស​សង្គ្រោះ​ជាតិ បង្កើតឡើង​ដោយ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស គឺមាន​គោលនយោបាយ​រួចហើយ​ពោល គឺ​តាំងពី​មិនទាន់​បញ្ចូល​គ្នា​មកម្ល៉េះ​៕

fn-2016-08-11-12-03-12-0