ប្រតិកម្ម​នានា ​បន្ទាប់​ពី​ការ​ដោះ​លែង​ឈ្មួញ​ដឹក​ជញ្ជូន​សត្វព្រៃ​2​នាក់

ប្រតិកម្ម​នានា ​បន្ទាប់​ពី​ការ​ដោះ​លែង​ឈ្មួញ​ដឹក​ជញ្ជូន​សត្វព្រៃ​2​នាក់



ខេត្តមណ្ឌលគិរី ៖ លោក ឌិន ប៊ុ​ន​ធឿ​ន នាយក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ត្រូវ​បាន​មហាជន​និង​មន្ត្រី​នានា​រិះគន់ ក្រោយ​ពី​លោក​សម្រេច​ឲ្យ​មានការ​ដោះ​លែង​ជន​ជួញដូរ​សត្វព្រៃ​២​នាក់ កាលពី​ថ្ងៃ​ទី​៧ ខែសីហា បន្ទាប់​ពី​ឃាត់ខ្លួន​បាន​២៤​ម៉ោង ខណៈ​បទល្មើស​ជាក់ស្តែង​ត្រូវ​បាន​បង្ក្រាប​នា​ល្ងាច​ថ្ងៃ​ទី​៦ ខែសីហា  ។

មហាជន​បាន​រង់ចាំ​មើល​ចំណាត់ការ​របស់​មន្ត្រី​ជំនាញ​លើ​ជន​ជា​មេ​ឈ្មួញ​សត្វព្រៃ​យ៉ាង​សកម្ម​ទាំង​២​នាក់​ឲ្យ​ទៅ​ខាង​អយ្យការ ដើម្បី​ចាត់ការ​តាម​ច្បាប់​យ៉ាង​អន្ទះសា ប៉ុន្តែ​អ្វី​ដែល​មហាជន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​នោះ គឺ​ជនល្មើស​ទាំង​២​នាក់​រួម​នឹង​រថយន្ត​១​គ្រឿង ដែល​សមត្ថកិច្ច​ចាប់​បាន ដោយ​មាន​ភ័ស្តុតាង​ជាក់ស្តែង បែរជា​ត្រូវ​គេ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ទៅ​វិញ ។

ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​ជន​ជា​មេ​ឈ្មួញ​សត្វព្រៃ​ខាងលើ​នេះ អ្នកឆ្លើយឆ្លង​ព័ត៌មាន​យើង បាន​សុំ​ការ​បំភ្លឺ​ពី​លោក ឌិន ប៊ុ​ន​ធឿ​ន នាយក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៅ​រសៀល​ថ្ងៃ​ទី​៧ សីហា ហើយ​លោក​បញ្ជាក់​ថា ជន​២​នាក់​នេះ ពិតជា​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ គឺ​ដោះ​លែង​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​មែន ដោយសារ​យល់​ឃើញ​ថា សត្វព្រៃ​ខាងលើ​នេះ មិនមែន​ជា​ប្រភេទ​សត្វព្រៃ​កម្រ​នោះ​ទេ ។ ដូច្នេះ​មានការ​ផាកពិន័យ​អន្តរការណ៍​យក​ថវិកា​បង់​ចូល​រដ្ឋ និង​ណែនាំ​ឲ្យ​បញ្ឈប់​ការ​ជួញដូរ​សត្វព្រៃ​តទៅ​ទៀត ។ រឿង​ហ្នឹង​មាន​តែ​ប៉ុណ្ណឹង ។

ចំពោះ​ការ​លើក​ឡើង​របស់​លោក ឌិន ប៊ុ​ន​ធឿ​ន នាយក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​និយាយ​ថា បើ​បទល្មើស​ជាក់ស្តែង​ចាប់​បាន​សត្វព្រៃ​រស់​គ្រប់​ប្រភេទ មាន​ចំនួន​រហូត​ដល់​១០៣​គីឡូក្រាម​ហើយ នៅ​តែ​គ្មាន​ទោស តើ​បទល្មើស​ក្នុង​ទំហំ​បែប​ណា​គួរតែ​មានទោស ? ក្រុម​អ្នក​ច្បាប់​បាន​បន្ត​ថា តាម​ចាំ កាល​ពេល​ដែន​ជម្រក​មួយ​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី កុំ​ថា​ឡើយ​បទល្មើស​សត្វព្រៃ​មាន​ចំនួន​ជាង​១០០​គីឡូក្រាម​បែប​នេះ សូ​ម្បី​១០​គីឡូក្រាម​ក៏​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដែរ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

លោក មូល ផាត ប្រធាន​គម្រោង​អភិរក្ស​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត នៅ​រសៀល​ថ្ងៃ​ទី​៧ ខែសីហា លោក​បាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់បង់​សត្វព្រៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​អាច​បង្ក​ឡើង​ដោយ​អ្នក​ជួញដូរ​សត្វព្រៃ ដែល​ចេះ​តែ​កើនឡើង និង​មាន​អ្នក​ញៀន​នឹង​ការ​ប្រមាញ់​សត្វព្រៃ​ប្រដាប់​ដោយ​អាវុធ​បាញ់ប្រហារ​សត្វព្រៃ​ធំ​ៗ ។ ចំណែក​អ្នក​ដាក់​អន្ទាក់​ក៏​គ្មាន​ការ​ថមថយ​សោះ កត្តា​ទាំងនេះ​ហើយ ដែល​ធ្វើ​ឲ្យ​សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​តំបន់​មណ្ឌលគិរី​ទាំង​តូច ទាំង​ធំ ប្រឈម​ទៅ​នឹង​ការ​បាត់បង់​ជា​បណ្តើរ​ៗ ។

លោក មូល ផាត បាន​សំណូមពរ​និង​ស្នើ​ឲ្យ​អាជ្ញាធរ​តាំងពី​មូលដ្ឋាន​ភូមិ ឃុំ ស្រុក និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំ​អស់ រួម​សហការ​គ្នា​ឲ្យ​បាន​ជិត​ស្និទ្ធ ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​សកម្មភាព​នេះ​ពី​មូលដ្ឋាន និង​ឈាន​ទៅ​ទប់ស្កាត់​និង​ធ្វើការ​បង្ក្រាប ។ លោក​ថ្លែង​ថា មាន​តែ​មូលដ្ឋាន​ផ្ទាល់​ទេ​ដែល​បានដឹង​រឿង​នេះ​ច្បាស់​បំផុត ដូច្នេះ​សូម​ជួយ​ផ្តល់​ព័ត៌មាន​នេះ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដើម្បី​ឈាន​ទៅ​ទប់ស្កាត់ ។ មិនតែប៉ុណ្ណោះ លោក​ក៏​បាន​សំណូមពរ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់ មេត្តា​ដាក់ទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​ដល់​ជន​ដែល​បាន​ប្រព្រឹត្ត ។

ចំណែក​ព័ត៌មាន​ពី​សាលាដំបូង​ខេត្ត​បាន​ឲ្យ​ដឹង​ថា មន្ត្រី​សាលាដំបូង​នៅ​មិន​ទាន់​ទទួល​របាយការណ៍​ណាមួយ​ពី​មន្ត្រី​ជំនាញ​បញ្ជូន​មក​ទេ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សត្វព្រៃ​ចំនួន​១០៣​គីឡូក្រាម ដឹក​តាម​រថយន្ត​កាម​រី​មួយ​គ្រឿង បាន​ត្រូវ​មន្ត្រី​គ្រប់គ្រង​ដែន​ព្រៃ​ហាមឃាត់ និង​រឹបអូស​បាន​ទាំង​វត្ថុ​តាង និង​ជនល្មើស នៅ​ស្រុក​កោះ​ញែក ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាល​ល្ងាច​ពី​ថ្ងៃ​ទី​៦ ខែសីហា នៅ​ភូមិ​ឈួ​ល ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ។

ជន​ប្រព្រឹត្ត​បទល្មើស​ដែល​មន្ត្រី​ការពារ​សត្វព្រៃ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​នៅ​ស្រុក​កោះ​ញែក​មាន​៣​នាក់ តែ​មាន​ម្នាក់​ជា​អនីតិជន​ត្រូវ​បាន​ដោះ​លែង​វិញ ។ ចំណែក​ជន​២​នាក់​ដែល​ឃាត់ខ្លួន ម្នាក់​ឈ្មោះ សម្បត្តិ វុ​ទ្ធ​ថា និង​ម្នាក់​ទៀត​ឈ្មោះ ស​ម្បិ​ត្ត វុ​ទ្ធី  ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​រឹបអូស​រថយន្ត​កាម​រី​គូទ​ស្វិត​មួយ​គ្រឿង ពណ៌​ទឹក​ប៊ិក រួម​នឹង​សត្វព្រៃ​ចំនួន​១០៣​គី​ទ្បូ​ក្រាម ក្នុង​នោះ​មាន​ត្រកួត​ចំនួន​៤០​ក្បាល ស្វា​១​ក្បាល ពពេច​១ ក្បាល ពស់វែក​ក្បាល​៦​ក្បាល អណ្ដើក​៨​ក្បាល និង​សំពោច​១​ក្បាល ៕