Donald Trump ចោទ​ប្រកាន់​ អូបាម៉ា ថា​ជា​អ្នក​បង្កើត​ក្រុម ISIS

បេក្ខភាព​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត ឆ្នាំ២០១៦ នៅ​សហរដ្ឋអាមេរិក មក​ពី​គណបក្ស​សាធារណរដ្ឋ លោក Donald Trump បាន​ចោទប្រកាន់​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃ​ពុធ ទី១០ ខែ​សីហា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ​ថា លោក​គឺ​ជា​អ្នក​បង្កើត​ក្រុម​រដ្ឋ​អ៊ីស្លាម «ISIL» (Islamic State of Iraq and the Levant) ឬ «ISIS» (Islamic State of Iraq and Syria) ដែល​បាន​និង​កំពុង​បង្ក​ការ​បំផ្លិចបំផ្លាញ ពី​មជ្ឈិមប្បទេស​ទៅ​បណ្តា​ទីក្រុង​ជាច្រើន​នៅ​អឺរ៉ុប។

 

Donald Trump ចោទ​ប្រកាន់​ អូបាម៉ា ថា​ជា​អ្នក​បង្កើត​ក្រុម ISIS

 

បន្តិច​ក្រោយ​មក​ប្រធាន​បទ​មួយ​ទៀត​ក៏​បាន​ផុស​ឡើង ដោយ​លោក Trump បាន​សង្កត់ធ្ងន់​លើ​ឈ្មោះ​ពេញ​ស្រប​ច្បាប់​របស់​លោក អូបាម៉ា គឺ «បារ៉ាក់ ហូសេន អូបាម៉ា» (Barack Hussein Obama)។

 

«មនុស្ស​ជាច្រើន​គោរព​លោក​ប្រធានាធិបតី អូបាម៉ា ណាស់ តែ​គាត់​គឺ​ជា​អ្នក​បង្កើត​ក្រុម ISIS»។ លោក Trump បាន​និយាយ​ក្នុង​អំឡុង​យុទ្ធនាការ​មួយ នៅ​ខាងក្រៅ​ទីក្រុង Fort Lauderdale រដ្ឋ Florida សហរដ្ឋអាមេរិក។ លោក Trump បាន​និយាយ​ចោទ​ប្រកាន់​លោក អូបាម៉ា ចំនួន៣ដង ជាប់ៗ​គ្នា​ថា «គាត់​គឺ​ជា​អ្នក​បង្កើត​ក្រុម ISIS, អូខេ? គាត់​គឺ​ជា​អ្នក​បង្កើត។ គាត់​បាន​បង្កើត​ក្រុម ISIS»។

 

គួរ​បញ្ជាក់​ថា លោក Trump បាន​រិះគន់​ទៅ​លើ​លោក អូបាម៉ា និង​អតីត​រដ្ឋមន្ត្រី​ការបរទេស លោកស្រី ហ៊ីលឡារី គ្លីនតុន យូរ​ណាស់​មក​ហើយ ដោយសារ​ការ​បន្ត​គោលនយោបាយ ដែល​បាន​បង្កើត​ការ​ខ្លះ​ចន្លោះ​អំណាច នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ បណ្តាល​ឲ្យ​ក្រុម ISIS ធ្វើការ​កេង​ប្រវ័ញ្ច​បាន។ លោក​ក៏​បាន​រិះគន់​លោក អូបាម៉ា យ៉ាងខ្លាំង​ទៀត​ផងដែរ ចំពោះ​ការ​ប្រកាស​ថា​នឹង​ដក​កង​ទាហាន​អាមេរិក ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់។ ជាង​នេះ​ទៅ​ទៀត លោក Trump ថែម​ទាំង​បាន​ចោទប្រកាន់​ទៅលើ លោកស្រី គ្លីនតុន ថា​ជា​អ្នក​ចូលរួម​សហការ​បង្កើត​ក្រុម ISIS ទៀតផង។

 

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក អូបាម៉ា បាន​បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ ចំពោះ​ការ​ចោទប្រកាន់​របស់​លោក Donald Trump ឡើយ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ aljazeera