យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​45.000​នាក់​ស្លាប់​រយៈពេល​2​ឆ្នាំ​ចុង​ក្រោយ​នេះ

មេបញ្ជាការ​កងទ័ព​អា​មេ​រិ​កមួយ​រូប​អះអាង​កាលពី​ថ្ងៃ​ទី​១០ សីហា ថា យុទ្ធ​ជន​ក្រុម​អ៊ិ​ស្លា​ម​ប្រមាណ​ជា​៤៥.០០០​នាក់​បាន​ត្រូវ​ស្លាប់​នៅ​អីុ​រ៉ា​ក់​និង​នៅ​ស៊ី​រី ចាប់តាំងពី​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ចាប់ផ្តើម​វាយប្រហារ​ពួក​គេ​រយៈពេល​២​ឆ្នាំ​មក ។

ឧត្តមសេនីយ៍  SEAN MACF ARLAND មេបញ្ជាការ​ក្រុមចម្រុះ​អន្តរជាតិ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អះអាង​ថា យើង​វាយតម្លៃ​ថា​រយៈពេល​១១​ខែ​ចុង​ក្រោយ​នេះ យើង​បាន​សម្លាប់​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រមាណ​ជា​២៥.០០០​។ បើ​បូក​នឹង​យុទ្ធ​ជន​២០.០០០​នាក់​ទៀត ដែល​ស្លាប់​មុន​នេះ នោះ​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​យ៉ាងតិច​ដល់​ទៅ​៤៥.០០០​នាក់​ស្លាប់​លើ​ទីលានប្រយុទ្ធ ។

ឧត្តមសេនីយ៍​រូប​នោះ​ប៉ាន់​ប្រមាណ​ថា​ក្រុម​រដ្ឋ​អ៊ិ​ិ​ស្លា​ម​បច្ចុប្បន្ន​មាន​យុទ្ធ​ជន​រវាង​ពី​១៥.០០០​ទៅ​៣០.០០០​នាក់ ក៏​ប៉ុន្តែ​លោក​គិត​ថា ក្រុម​នោះ​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​មនុស្ស​បញ្ចូល​ក្នុង​ជួរ​និង​យក​មក​បំពេញ​កម្លាំង​ដែល​ត្រូវ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ ។

ឧត្តមសេនីយ៍​រូប​នេះ​បន្ត​ថា ចំនួន​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​លើ​រណសិរ្ស​ប្រយុទ្ធ​មានការ​ចុះ​ថយ ។ ពួក​គេ​ចុះ​ថយ​ពុំ​ត្រឹមតែ​បរិមាណ​ទេ ក៏​ប៉ុន្តែ​ទាំង​គុណភាព​ផង​ដែរ ព្រោះ​យើង​សង្កេត​ឃើញ​ពួក​គេ​ធ្វើ​ប្រតិបត្តិការ​លែង​មាន​ប្រសិទ្ធភាព​ដូច​កាលពីមុន ។ បែប​នេះ​នាំ​ឱ្យ​ពួក​គេ​ក្លាយទៅជា​គោលដៅ​ងាយ​វាយប្រហារ​សម្រាប់​យើង ៕