Cellcard ឈ្នះ​ពាន​ជា​ក្រុមហ៊ុន​ឆ្នើម​មួយ​ដែល​គួរ​ឲ្យ​ចង់​បម្រើ​ការងារ​បំផុត​នៅ​អាស៊ី

សែលកាត (Cellcard) អបអរ​ការ​ឈ្នះ​ជយលាភី​ក្រុមហ៊ុន​ឆ្នើម​បំផុត​នៅ​អាស៊ី​លើក​ទី​៥ ដែល​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​វាយ​តម្លៃ​ពាណិជ្ជ​នាម​ក្រុមហ៊ុន សហគ្រាស​ឧស្សាហកម្ម World HRD Congress and Stars និង​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​ពាណិជ្ជកម្ម​អាស៊ី (Asian Confederation of Businesses) ។

 

ការ​ឈ្នះ​ជយលាភី​របស់ Cellcard ក្នុង​ព្រឹត្តិការណ៍​ប្រគល់​រង្វាន់​ប្រចាំ​ឆ្នាំ​២០១៦ កាល​ពី​ថ្ងៃ​ទី​៤ សីហា ក្នុង​ចំណោម​បណ្ដា​ក្រុមហ៊ុន​ឆ្នើម​នៅ​អាស៊ី ជា​ជយលាភី​ដែល​ទទួល​បាន​រយៈ​ពេល​ ៥ឆ្នាំ​ជាប់ៗ​គ្នា​ដែល​អាច​ធ្វើ​បាន​ក្នុង​តួនាទី​ជា​ក្រុមហ៊ុន​មួយ​នៅ​តំបន់​អាស៊ី​ ក៏​ដូចជា​បាន​ទទួល​ស្គាល់​សម្រាប់​ការ​ប្រកាន់​ខ្ជាប់​នូវ​ភាព​ល្អ​ឥត​ខ្ចោះ​ក្នុង​វិស័យ​អភិវឌ្ឍ​ធនធាន​មនុស្ស។ វា​ជា​សក្ខីភាព​ដែល​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​របស់​ក្រុមហ៊ុន​ក្នុង​ការ​បង្កើត និង​រក្សា​បាន​នូវ​បរិយាកាស​ការងារ និង​វប្បធម៌ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​កិច្ច​អភិវឌ្ឍ​ជំនាញ និង​ផ្ដល់​ឱកាស​រីក​ចម្រើន​សម្រាប់​ការងារ​ផង​ដែរ។

 

Cellcard ឈ្នះ​ពាន​ជា​ក្រុមហ៊ុន​ឆ្នើម​មួយ​ដែល​គួរ​ឲ្យ​ចង់​បម្រើ​ការងារ​បំផុត​នៅ​អាស៊ី

 

ក្នុង​ឆ្នាំ​នេះ ក្រៅ​ពី​ពាន​រង្វាន់​ខាង​លើ Cellcard ក៏​មាន​មោទនភាព​នាំ​យក​នូវ​ពាន​រង្វាន់​បន្ថែម​ទៀត​ពី​ក្នុង​ព្រឹត្តិការណ៍​ដ៏​នក្ខត្តឫក្ស​នេះ​មក​កាន់​មាតុ​ប្រទេស​វិញ​ផង​ដែរ។ នោះ​គឺ​ការ​ទទួល​ស្គាល់ Cellcard ជា​ក្រុមហ៊ុន​ដែល​មាន​នាយកដ្ឋាន​ធនធាន​មនុស្ស​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ព្រម​ទាំង​ទទួល​ស្គាល់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​អនុវត្ត​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ដោយ​ឡែក និង​ការ​ផ្សារ​ភ្ជាប់​ គំនិត​ផ្ដួចផ្ដើម​ដែល​ផ្ដោត​សំខាន់​លើ​និយោជិក។

 

អ្នកស្រី នីគី អេនរីគេ្វស្ស នាយក​ប្រតិបត្តិ​ធនធាន​មនុស្ស​ក្រុមហ៊ុន Cellcard បាន​ថ្លែង​ថា បុគ្គលិក​ Cellcard មាន​ការ​ពេញ​ចិត្ត​ខ្ពស់​ចំពោះ​ការងារ។ អ្នកស្រី​ក៏​បាន​បន្ថែម​ថា៖ “យើង​ក៏​បន្ត​ស្វែង​រក​មធ្យោបាយ​អភិវឌ្ឍ​កែ​លម្អ​ដើម្បី​រួម​ចំណែក​ចំពោះ​សុខុមាលភាព​ និង​ការងារ​បុគ្គលិក​របស់​យើង​តាម​រយៈ​ឱកាស​បណ្ដុះ​បណ្ដាល​ផ្សេងៗ​ដែល​អាច​ឲ្យ​ពួក​គាត់​ដុស​ខាត់​ជំនាញ​ ក៏​ដូចជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បរិយាកាស​មួយ​ដែល​អាច​ឲ្យ​ពួកគាត់​សិក្សា និង​អនុវត្ត​តួនាទី​ភាព​ជា​អ្នក​ដឹកនាំ ការ​ទទួល​ខុស​ត្រូវ និង​ការងារ​ក្រុម។ ក្រៅ​ពី​នេះ​យើង​បាន​គាំទ្រ​ និង​ធានា​ចំពោះ​តុល្យភាព​ជីវិត​ការងារ​ដ៏​ប្រសើរ​ជាមួយ​សកម្មភាព​ទូទៅ​នានា​ដែល​ជា​ការ​លើក​កម្ពស់​ការ​បំពេញ​ការងារ​ដោយ​រីករាយ”។

 

Cellcard ឈ្នះ​ពាន​ជា​ក្រុមហ៊ុន​ឆ្នើម​មួយ​ដែល​គួរ​ឲ្យ​ចង់​បម្រើ​ការងារ​បំផុត​នៅ​អាស៊ី

 

ការ​ប្រគល់​ជយលាភី​ក្រុមហ៊ុន​ឆ្នើម​នៅ​អាស៊ី​ ២០១៦ ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ Pan Pacific ផ្សារ​ទំនើប Marina Square ប្រទេស​សិង្ហបុរី ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ពាណិជ្ជកម្ម​ជាន់​ខ្ពស់​រាប់​រយ​នាក់​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ មាន​វត្ត​មាន​ក្នុង​ព្រឹត្តិការណ៍​ដ៏​មហោឡារិក​នេះ លោក ជរ សុជាតិ ប្រធាន​គ្រប់គ្រង​ផ្នែក​សេវាកម្ម​បុគ្គលិក លោក ចាន់ វិបុល ប្រធាន​ផ្នែក​ជ្រើស​រើស​បុគ្គលិក និង​អ្នកស្រី ម៉ារីណា ពីខាទីវ៉ា ប្រធាន​គម្រោង​ពិសេស បាន​ចូលរួម​ទទួល​ពាន​រង្វាន់​ដ៏​មហា​កិត្តិយស​នេះ​ក្នុង​តំណាង​ក្រុមហ៊ុន Cellcard។

 

អ្នកស្រី នីគី អេនរីគេ្វស្ស ក៏​បាន​ថ្លែង​ពី​ចំណាប់​អារម្មណ៍​ដោយ​ក្ដី​រំភើប​ថា៖ “ការ​នាំ​យក​នូវ​ពាន​រង្វាន់​លើក​ទី​៥​នេះ​មក​កាន់​មាតុ​ប្រទេស​យើង គឺ​ជា​និមិត្ត​រូប​នៃ​ការ​ទទួល​ស្គាល់​រយៈ​ពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា​ក្នុង​នាម​ក្រុមហ៊ុន​មួយ​ក្នុង​តំបន់​ដែល​បុគ្គលិក​ប្រាថ្នា​​ចង់​បម្រើ​ការងារ​ គឺ​ជា​មហា​កិត្តិយស​ដ៏​ថ្លៃថ្លា​មួយ​សម្រាប់​យើង។ យើង​ក៏​មាន​មោទនភាព​ដែល​អាច​រក្សា​បាន​នូវ​ស្តង់ដារ​លំដាប់​អន្តរជាតិ​សម្រាប់​កន្លែង​ការងារ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។ ជ័យជម្នះ​នេះ កាន់​តែ​ជំរុញ​ឲ្យ​យើង​ ខិតខំ​ប្រឹង​ប្រែង​ធ្វើ​បន្ថែម​ទៀត​ឲ្យ​កាន់​តែ​ប្រសើរ ហើយ​យើង​នឹង​អាច​ធ្វើ​បាន។ យើង​ក៏​សូម​ថ្លែង​អំណរគុណ​ដ៏​ជ្រាល​ជ្រៅ​ផង​ដែរ​ចំពោះ​ម្ចាស់​ភាគ​ហ៊ុន​អ្នក​ឧកញ៉ា​ គិត ម៉េង​ ឯកឧត្ដម​ឧកញ៉ា​ គិត​ ធាង​ និង​​នាយក​ប្រតិបត្តិ​របស់​យើង​គឺ​លោក អៀន វ៉ាត់សុន ចំពោះ​កិច្ច​គាំទ្រ​ឥត​ឈប់​ឈរ​ក្នុង​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​យើង​ខ្ញុំ”។

 

Cellcard ឈ្នះ​ពាន​ជា​ក្រុមហ៊ុន​ឆ្នើម​មួយ​ដែល​គួរ​ឲ្យ​ចង់​បម្រើ​ការងារ​បំផុត​នៅ​អាស៊ី

 

Cellcard ជា​ក្រុមហ៊ុន​ទូរ​គមនាគមន៍​ខ្មែរ​សុទ្ធ​សាធ​ និង​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរសព្ទ​ចល័ត​ឈាន​មុខ​គេ​នៅ​កម្ពុជា។ Cellcard បាន​សម្ពោធ​ដំណើរ​ការ​នៅ​ឆ្នាំ​១៩៩៨ ហើយ​បាន​ក្លាយ​​​ជា​ក្រុមហ៊ុន​ស្តង់ដារ​មួយ​នៅ​កម្ពុជា​ដែល​ផ្ដល់​នូវ​គុណភាព អត្ថប្រយោជន៍ និង​សេវាកម្ម​ឈាន​មុខ​គេ ​និង​បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ច​អភិវឌ្ឍ​មធ្យោបាយ​ថ្មីៗ ដើម្បី​គាំទ្រ និង​លើក​កម្ពស់​មធ្យោបាយ​ទំនាក់​ទំនង​របស់​អតិថិជន​ខ្លួន​ផង​ដែរ។ ស្ថិត​ក្នុង​ទីផ្សារ​ទូរ​គមនាគមន៍​មួយ​ដែល​តែង​មាន​ការ​ប្រែប្រួល Cellcard នៅ​តែ​ប្ដេជ្ញា​ធ្វើអ្វីៗ​ដើម្បី​កម្ពុជា និង​ប្រជាជន​កម្ពុជា៕

 

អត្ថបទ៖ ពាណិជ្ជកម្ម