ឡុ​ង សុវណ្ណ​ឌឿ​ន និង ឡេះ តើក ជួប​កីឡាករ​ថៃ​ថ្ងៃអាទិត្យ​នេះ សង្ឃឹម​ឈ្នះ​ច្រើន​ជាង​ចាញ់

រាជធានី​ភ្នំពេញ ៖ ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ PNN ថ្ងៃអាទិត្យ​ទី ​១៤ សីហា ខាង​មុខ​នេះ សុទ្ធតែ​មាន​ជំនឿ​ចិត្ត​ថា​ឈ្នះ​ច្រើន​ជាង​ចាញ់​ដូច​គ្នា ។

ឡុ​ង សុវណ្ណ​ឌឿ​ន នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Insee-daeng Bangfarm Gym ឯ​ឡេះ តើក ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Thilek Emier-Air​។ ឡុ​ង សុវណ្ណ​ឌឿ​ន ប្រកួត​លើក​នេះ​មាន​ជំនឿ​ចិត្ត​ឈ្នះ​មិន​ក្រោម​៩០%​នោះ​ទេ ។ ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​អាច​ទុកចិត្ត​បាន ទាំង​ស្នៀត​កែង និង​ជង្គង់​សុទ្ធតែ​អាច​ប្រើ​ការ​បាន​យ៉ាង​ល្អ​បំផុត ។ ឡុ​ង សុវណ្ណ​ឌឿ​ន នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ប្រកួត​បាន​២​លើក​ឈ្នះ​ទាំង​២​លើក​ក្នុង​នោះ​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១​លើក ទើប​លើក​នេះ​គេ​សង្ឃឹមថា​អាច​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ណាមួយ​ទៀត​មិន​ខាន ។ គួរ​រំលឹក​ថា រូបមន្ត​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​PNN ខុស​ប្លែក​ពី​គេ​នៅ​ត្រង់​ថា​មិន​មាន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទេ​។ ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៤​រូប គេ​យក​តែ​ម្នាក់​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​សម្រាប់​ឡើង​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ​កីឡាករ​ថៃ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ដែរ ។ ដូច្នេះ​ទាំង​ឡុ​ង សុវណ្ណ​ឌឿ​ន​ក៏​ដូច​ជា​ឡេះ តើក សុទ្ធតែ​ត្រូវការ​ពិន្ទុ​ខ្ពស់​ដូច​គ្នា ដើម្បី​ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ​កីឡាករ​ថៃ ។

ឡេះ តើក ប្រកួត​បាន​២​លើក​ឈ្នះ​ពិន្ទុ​ទាំង​២​លើក ។ ដូច្នេះ​បើ​ប្រៀបធៀប​រវាង​កីឡាករ​កម្ពុជា​ទាំង​២​ឃើញ​ថា ឡុ​ង សុវណ្ណ​ឌឿ​ន មាន​ក្រេ​ឌី​ត​ល្អ​ជាង ។ ឡេះ តើក ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​លើក​នេះ​អាច​ឈ្នះ​ពិន្ទុ ប៉ុន្តែ​បើ​ចង់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នោះ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ។ អ្នក​ណា​ក៏​ដឹង​ថា ឡេះ តើក អត់​មាន​ក្បាច់​អី​ដែល​ពិសេស​​ទេ បើ​មើល​លើ​ស្នៀត​កែង​និង​ជង្គង់​វិញ​នោះ​គឺ​នៅ​អន់​ខ្សោយ​ខ្លាំង​ណាស់ ។ ទោះបី​យ៉ាងណា ការ​យកឈ្នះ​គូប្រកួត​ទាំង​២​លើក​កន្លង​មកនេះ​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត​យ៉ាង​ខ្លាំង​ព្រោះតែ​គេ​ហ៊ាន​ចូល​វាយ​ប្ដូរ​មិន​ខ្លាច​គូប្រកួត​នោះ​ឡើយ​។

ចំណែក​គូប្រកួត​ជា​លក្ខណៈ​ម៉ា​រ៉ា​តុ​ន នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​កីឡាករ ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ជួប​ប្រកួត​ជាមួយ​កីឡាករ​ខុន បូ​ឡា មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ និង​កីឡាករ ម៉​ន លី​ហួរ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ជួប​ប្រកួត​ជាមួយ​កីឡាករ ជឹ​ម សា​រ៉ា​យ មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ៕