យុទ្ធសាស្ត្រថ្មី! ប្រទេសរុស្ស៊ីនឹងយកទីក្រុងមួយរបស់ស៊ីរី ធ្វើជាមូលដ្ឋានទ័ពអចិន្ត្រៃយ៍ទ្រង់ទ្រាយធំរបស់ខ្លួនតែម្តង

(មូស្គូ)៖ មន្ត្រីជាន់ខ្ពស់ផ្នែកការពារជាតិរបស់ប្រទេសរុស្ស៊ី បាននិងកំពុងតែរៀបចំគំរោងក្នុងការកែប្រែមូលដ្ឋាន ទ័ពអាកាស Hmeymim នៅក្នុងប្រទេសស៊ីរី ឲ្យទៅជាមូលដ្ឋានទ័ពទ្រង់ទ្រាយធំរបស់រុស្ស៊ី ដើម្បីរក្សាវត្តមានយោធា និងសព្វាវុធនៅទីនោះជាអចិន្ត្រៃយ៍តែម្តង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦។

លោក Frants Klintsevich អនុប្រធានទីមួយនៃគណកម្មាធិការសន្តិសុខ និងក្រុមប្រឹក្សាសហព័ន្ធការពាររបស់រុស្ស៊ី បានថ្លែងប្រាប់សារព័ត៌មានរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះថា «នៅពេលដែលមូលដ្ឋាន Hmeymim ត្រូវបានរដ្ឋាភិបាល ទាំងពីរព្រមព្រៀងគ្នាទៅតាមគំរោងនោះ វានឹងក្លាយជាមូលដ្ឋានទ័ពពេញលេញរបស់កងកម្លាំងយោធារុស្ស៊ី ហើយដោយឡែកហេដ្ឋរចនាសម្ព័ន្ធនានា ក៏នឹងចាប់ផ្តើមធ្វើការអភិវឌ្ឍផងដែរ។ ប្រសិនបើបណ្តាប្រទេសលោកខាង លិចមិនចង់ចូលរួមទេនោះ យើងនឹងពង្រីកទំនាក់ទំនងជាមួយស៊ីរី អ៊ីរ៉ង់ និង អ៊ីរ៉ាក់ ថែមទៀត»។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានគាំទ្រស៊ីរីជានិច្ច ទៅលើការជួយជាកម្លាំងដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក បាហ្សា អាល់ អាស្សាដ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម ព្រមទាំងក្រុមភេរវករ IS។ ចំពោះយន្តហោះទម្លាក់គ្រាប់បែក និង អាវុធនុយក្លេអ៊ែរ នឹងមិនត្រូវយកមកបំពាក់នៅមូលដ្ឋានទ័ពខាងលើនេះឡើយ ពីព្រោះច្បាប់អន្តរជាតិមិនបាន អនុញ្ញាតឲ្យរុស្ស៊ីធ្វើបែបនេះឡើយ៕

ប្រភព៖ freshnewsasia


Related Posts