ប្រទេស​ថៃ​ ​ផ្ដើម​ប្រើ​ស៊ីមកាត​តាម​ដាន​អ្នក​ទេសចរណ៍​

រដ្ឋាភិបាលយោធាថៃទើបបញ្ចេញស៊ីមកាតប្រភេទថ្មីដែលអាចដឹងបានច្បាស់ពីទីតាំងរបស់អ្នកប្រើប្រាស់ ហើយស៊ីមប្រភេទនេះគឺសម្រាប់លក់ឲ្យតែអ្នកទេសចរណ៍។

យោងតាមសម្ដីរបស់អគ្គលេខាធិការ នៃគណៈកម្មការទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយថៃលោក Thakorn Tanthasit បានឲ្យដឹងថា គម្រោងនេះគឺដើម្បីរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ទាំងឡាយ ហើយក៏អាចគ្រប់គ្រងនិងទប់ស្កាត់បានទាន់ពេលលើបទល្មើសបច្ចេកវិទ្យាឆ្លងដែននានា។

លោក Thakorn Tanthasit បន្តថា វិធីនេះប្រទេសម៉ាឡេស៊ីក៏អនុវត្ត ហើយជាលទ្ធផលពួកគេអាចដឹងច្បាស់ពីសកម្មភាពនានារបស់អ្នកទេសចរណ៍ទាំងឡាយ។ គម្រោងនេះ នឹងដំណើរការជាផ្លូវការនៅ ៦ ខែខាងមុខ ខណៈពេលបច្ចុប្បន្នពួកគេចាប់ផ្ដើមធ្វើការសាកល្បងជាបណ្ដើរៗ។

ចំពោះគម្រោងស៊ីមថ្មីនេះ មានមតិជាតិនិងអន្តរជាតិជាច្រើនបានលើកឡើងថា គឺបានបង្ហាញកាន់តែច្បាស់ពីវិធីកាត់បន្ថយសេរីភាពលើការបញ្ចេញមតិ និងសិទ្ធសេរីភាពលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រទេស៕

ប្រភព៖ news.sabay


Related Posts