ទៀត ! ស្លាប់​ប្តី ប្រពន្ធ​របួសធ្ងន់ ដោយសារ​រថយន្ត​ដឹក​ដី

ខេត្តសៀមរាប ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ដឹក​ដី​​និង​ម៉ូតូ​​ហុងដា​ឌ្រី​ម​ បណ្ដាល​ឲ្យ​បុរស​ជា​ប្តី​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​ប្រពន្ធ​រង​របួសធ្ងន់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ធំ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវបំបែក ផ្លូវ​ហា​យ​វ៉េ​និង​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​រលួស ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

ប្រភព​ពី​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ដែល​បាន​ចុះ​ទៅ​ពិនិត្យ និង​វាស់វែង​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី​ឈ្មោះ អាន សេង​លី អាយុ​៣១​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ សៀមរាប 1W-0584 ឌុ​ប​ប្រពន្ធ​ឈ្មោះ ខុន ធៀត អាយុ​៣៨​ឆ្នាំ តាម​ប​ណ្ដោ​ផ្លូវ​ហា​យ​វ៉េ ខណៈ​មក​ដល់​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៦ ស្រាប់តែ​រថយន្ត​ដឹក​ដី​ ម៉ាកហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ក​-១៩២០ ភព​៣ បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ជា​ប្តី​ស្លាប់​ភ្លាម​ៗ ចំណែក​ប្រពន្ធ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រស្មី​សៀមរាប​ភ្លាម​ៗ ។ ២​នាក់​ប្តី​ប្រពន្ធ​នេះ​រស់នៅ​ភូមិ​បក់​រំដួល ឃុំ​រំដួល ស្រុក​ក្រ​វ៉ា​ញ ខេត្តពោធិ៍សាត់ ។ រីឯ​អ្នកបើកបរ​បង្ក​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

បច្ចុប្បន្ន រថយន្ត​បង្ក និង​ម៉ូត​រង​គ្រោះ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​ច្បាប់ ៕