ក្រុម​គ្រួសារ​ខំ​ដើរ​រក ពេល​រក​ឃើញ​ទ្រ​ហ៊ោ​យំ​គ្រប់​គ្នា

ខេត្តសៀមរាប ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​គ្នា​ខំ​ដើរ​រក​ដែរ​តែ​រក​មិនឃើញ ស្រាប់តែ​ពេល​រក​ឃើញ​ម្នាក់​ៗ​នាំគ្នា​ទ្រ​ហ៊ោ​យំ​គ្រប់​ៗ​គ្នា ។ ហេតុការណ៍​បុរស​វ័យ​ចង​.​ក​សម្លាប់​ខ្លួន​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​តូច ឃុំ​តា​អាន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​មើល​ហេតុការណ៍​ខាងលើ​នេះ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​បាន​បាត់​ពី​ផ្ទះ​កាលពី​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដើរ​រក​ដែរ តែ​រក​មិនឃើញ លុះដល់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦ ទើប​ប្រទះ​ឃើញ​ចងក​ស្លាប់​នៅ​លើ​ដើម​ស្វាយ​ត្រើយ​ខាងកើត​ស្ទឹង ។

ប្រភព​ពី​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ពលរដ្ឋ​រាយការណ៍​ថា មាន​បុរស​វ័យ​ចំណាស់​ម្នាក់ ស្លៀក​ខោខ្លី រុំ​ក្រ​ម៉ា ពណ៌​ក្រហម​លា​យស​និង​ខៀវ គ្មាន​ពាក់អាវ​បាន​ចង​.​ក​សម្លាប់​ខ្លួន កម្លាំង​របស់​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ។ ប្រភព​បាន​បញ្ជាក់​ផង​ដែរ​ថា ជន​រង​គ្រោះ​មានឈ្មោះ តាត វៃ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយ​ពី​បាន​ទម្លាក់​សព​ជន​រង​គ្រោះ​មក​ដល់​ដី​រួច ខាង​ជំនាញ​បាន​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​ដងខ្លួន បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ចងករ​ធ្វើ​អត្តឃាត​ខ្លួនឯង​ពិតមែន ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​នៃ​សព ៕