ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​បារម្ភ​ថា​ដំណឹង​អាជ្ញាធរ​​ខេត្ត​កំពង់ធំ​ចែក​ដី​ដល់​អ្នក​ក្រីក្រ​ជា​រឿង​កុហក

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​លើក​ឡើង​ថា ពួកគាត់​អាច​ត្រូវ​បាន​គេ​បោកប្រាស់​ជាក់​ជា​មិន​ខាន។ ក្ដី​បារម្ភ​នេះ កើត​ឡើង​ក្រោយ​ពេល​មាន​មេខ្យល់​ដើរ​ប្រាប់​ពលរដ្ឋ​ថា អាជ្ញាធរ​ខេត្ត​កំពង់ធំ ផ្ដល់​ដី​លំនៅឋាន និង​ដីចម្ការ​មួយ​ចំនួន​នៅ​ស្រុក​សណ្ដាន់ សម្រាប់​អ្នក​ក្រីក្រ ​ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​មួយ​ចំនួន​ថ្លៃ​រត់​ការ។ អាជ្ញាធរ​ស្រុក​សណ្ដាន់ ច្រាន​ចោល​ព័ត៌មាន​នេះ ហើយ​បញ្ជាក់​ថា កំពុង​ចាត់​វិធានការ​រក​ជន​ខិលខូច​ទាំង​នោះ​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ទៀត​ផង។

ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​អំពី​គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ​ឱ្យ​បាន​ច្បាស់លាស់ ជៀសវាង​ធ្វើ​ឱ្យ​ពួកគាត់​ក្លាយ​ជា​ជនរងគ្រោះ និង​គ្រាន់តែ​ជា​ខែល​ដើម្បី​បិទបាំង​ភាព​លោភលន់​របស់​ក្រុម​ឈ្មួញ ព្រមទាំង​ក្រុម​មន្ត្រី​ខិលខូច​មួយ​ចំនួន។

​ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងផ្លុង លោក ជាម សំអូន ឱ្យ​ដឹង​ថា ព័ត៌មាន​ស្ដីពី​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ ដែល​មាន​ទីតាំងនៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ គឺ​កើត​ឡើង​ជាង ១​ឆ្នាំ​មក​ហើយ។ ព័ត៌មាន​នេះ​ផ្ដើម​ចេញ​មន្ត្រី​អង្គការ​ខ្លះ មេខ្យល់ និង​មាន​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ​ទៀត​ផង។ ពួក​គេ​ប្រាប់​ប្រជាពលរដ្ឋ​ថា នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ អាជ្ញាធរ​មាន​គោលការណ៍​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​អ្នក​ក្រីក្រ​ក្នុង​មួយ​គ្រួសារ​បាន​ដី​លំនៅឋាន​ទទឹង ៣០​ម៉ែត្រ បណ្ដោយ ៥០​ម៉ែត្រ ព្រមទាំង​ដីចម្ការ​ទំហំ ២​ហិកតារ។ ជា​ថ្នូរ​នឹង​ថ្លៃ​រត់ការ​ដើម្បី​បាន​ដី​ទាំង​នេះ ពលរដ្ឋ​មួយ​គ្រួសារ​ត្រូវ​បង់​ប្រាក់​ឱ្យ​គេ ៨០​ម៉ឺន​រៀល ឬ​ស្មើ​ប្រមាណ ២០០​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​មាន​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ជា​ច្រើន​បាន​យល់ព្រម​តាម​សំណើ​របស់​មេខ្យល់​ទាំង​នោះ។

បញ្ហា​នេះ លោក សំអូន បារម្ភ​ថា អាច​ជា​ការ​បោកប្រាស់​ប្រជាពលរដ្ឋ​ក្រីក្រ​តែម្ដង៖ «ខ្ញុំ​បំណង​មិន​ពិត​ទេ​បង! បើ​សិន​គេ​ចែក គឺ​តាមរយៈ​ភូមិ​ឃុំ។ អ៊ីចឹង​បាន​ខ្ញុំ​ធ្លាប់​សួរ​ទៅ​ខាង​បង​ដែរ​ថា ធ្វើ​ម៉េច​បើ​គេ​ដើរ​ចែក​អ៊ីចឹង ម៉េច​ដឹង​អ្នក​ណា​ក្រ​អ្នក​ណា​មាន ព្រោះ​អ្នក​មាន​បាន​អាច​មាន​លុយ​បង់ ២០០​នោះ»

ពលរដ្ឋ​មួយ​រូប​នៅ​ស្រុក​ពញាក្រែក សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា ដោយសារ​តែ​ក្រីក្រ អ្នកស្រី​បាន​យក​ប្រាក់​សន្សំ​របស់​ខ្លួន​ទៅ​បង់​ឱ្យ​ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ជាមួយ​គ្នា ថ្លៃ​រត់ការ​ដើម្បី​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច កាល​ពី​ខែ​មករា ឆ្នាំ​២០១៦។ អ្នកស្រី​ថា ប្រសិនបើ​ដំណើរការ​នេះ​ត្រូវ​បរាជ័យ គាត់​នឹង​ប្ដឹង​ពលរដ្ឋ​រូប​នោះ​ដើម្បី​យក​ថវិកា​មក​វិញ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ធំ លោក គង់ វិមាន បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ដោយ​ទូរស័ព្ទ​ចូល​លោក​ចុច​បិទ​ទៅ​វិញ។

យ៉ាង​នេះ​ក្តី អភិបាល​ស្រុក​សណ្ដាន់ លោក ឡង គីសឺង មាន​ប្រសាសន៍​ថា អាជ្ញាធរ​គ្មាន​គោលការណ៍​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ ទៀត​ឡើយ ក្រៅ​តែ​ពលរដ្ឋ​បាក់​ច្រាំងទន្លេ មក​ពី​ស្រុក​ក្រូចឆ្មារ ដែល​ទទួល​បាន​ដី​សម្បទាន​កាល​ពី​ពេល​កន្លង​ទៅ​រួច​រាល់​ហើយ។ លោក​បន្ថែម​ថា អាជ្ញាធរ​កំពុង​ស្វែង​ក្រុម​ជន​ខិលខូច​ទាំង​នោះ ព្រោះ​ទម្រង់​កៀរគរ​ពលរដ្ឋ​ដើម្បី​យក​មក​បង្គ្រប់​នីតិវិធី​បែប​នេះ អាជ្ញាធរ​ស្រុក​មិន​អាច​បណ្ដោយ​ឱ្យ​កើត​មាន​បាន​ឡើយ៖ «ខ្ញុំ​កំពុង​ស្រាវជ្រាវ​រក​ព័ត៌មាន​នេះ​ហើយ ខ្ញុំ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ហើយ​ព្រោះ​កន្លង​មក​នេះ មាន​បញ្ហា​ក្រុម​ដែល​ឆ្លៀត​ឱកាស​អ៊ីចឹង»

កាល​ពី​ឆ្នាំ​២០១៤ អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ពី​រាជរដ្ឋាភិបាល ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ​បាក់​ច្រាំងទន្លេ​មក​ពី​ស្រុក​ក្រូចឆ្មារ ព្រម​ទាំង​ពលរដ្ឋ​ក្រីក្រ​ជាង ៤០០​គ្រួសារ លើ​ទំហំ​ដី​ប្រមាណ ២​ពាន់​ហិកតារ​នៅ​ឃុំ​មានឫទ្ធិ ហើយ​ត្រូវ​ប្រគល់​ជូន​ពលរដ្ឋ​ទាំង​នោះ​កាល​ពី​ឆ្នាំ​២០១៥។

ទម្រង់​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ​មិន​បាន​ទទួល​ឡើយ ពីព្រោះ​មិន​ដែល​ឃើញ​ពួកគាត់​ទាំង​នោះ​មក​រស់​នៅ​តំបន់​ដី​សម្បទាន​សង្គមកិច្ច​ទេ ប៉ុន្តែ​ឃើញ​តែ​ក្រុម​ឈ្មួញ និង​ក្រុម​អ្នក​មាន​ប្រាក់​លាយឡំ​មន្ត្រី​រាជការ​មក​ពី​ស្រុក​ក្រូចឆ្មារ និង​មន្ត្រី​រាជការ​នៅ​ខេត្ត​កំពង់ធំ ខ្លះ កាន់កាប់​ដី​តំបន់​នោះ​ម្នាក់ៗ រាប់​សិប​ហិកតារ​ទៅ​វិញ។

​ជំទប់​ទី​២ ឃុំ​មានឫទ្ធិ មក​ពី​គណបក្ស​ប្រឆាំង​ម្នាក់ លោក ហេង សុខ យល់​ថា ប្រជាពលរដ្ឋ​អាច​គ្រាន់តែ​ជា​រូបភាព​បន្លំ​ភ្នែក ដើម្បី​បង្គ្រប់​តាម​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ។ ជាក់ស្ដែង​តាំង​ពី​ពេល​អាជ្ញាធរ​ប្រកាស​ផ្ដល់​ដី​សម្បទាន​ជូន​ពលរដ្ឋ​មក គឺ​មិន​ដែល​ឃើញ​ពួកគាត់​មក​រស់​នៅ​ទេ ឃើញ​តែ​ក្រុមហ៊ុន​ដី​អ្នក​នេះ ដី​អ្នក​នោះ ឬ​ជា​ដី​មន្ត្រី​រាជការ​មួយ​ចំនួន ហើយ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​តំបន់​ខ្លះ លោក​មិន​អាច​ចូល​ទៅ​បាន​ផង៖ «ព្រោះ​កន្លង​ទៅ​វា​អត់​ឃើញ​បាន ព្រោះ​ខ្ញុំ​ជា​អាជ្ញាធរ​ដែនដី​នៅ​នេះ​តាំង​ពី​៩០ អូ! ២០០៧ គឺ​ខ្ញុំ​អត់​ទាន់​ឃើញ​ប្រជាពលរដ្ឋ​ដែល​យក​ឈ្មោះ​អី​ហ្នុង​មក​គឺ​អត់​បាន»

​លោក ហេង សុខ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​ករណី​នេះ​ឱ្យ​បាន​ជាក់ស្ដែង ដើម្បី​ធានា​បាន​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។