ខា​រ៉ា​បាវ​បើក​រេញ​ឱ្យ​កីឡាករ​បរទេស​2​រូប​ប៉ះ​ជើង​ខ្លាំង​កម្ពុជា

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១៣ សីហា ខាន​ស្អែក​នេះ កីឡាករ​ជើង​ខ្លាំង​២​រូប​គឺ ទេស សំខាន់ និង រឿង សោ​ភ័​ណ្ឌ នឹង​ក្លាយជា​បេក្ខភាព​២​រូប​ថ្មី ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ ដែល​ទើប​ដំណើរការ​បាន​២​ស​ប្ដា​ហ៍​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ អ្នក​ទាំង​៤​នឹង​ប្រកួត​គ្នា​ក្នុង​នាម​ជា​គូ​មិត្តភាព​មុន​ពេល​ព្រឹត្តិការណ៍​នេះ​បើក​ឆាក​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់ នៅ​ថ្ងៃ​ទី​២០ សីហា ខាង​មុខ ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ពី​ម៉ោង​២​រសៀល​រហូត​ដល់​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ទើបតែ​បើក​ដំណើរការ​បាន​២​លើក​ទាំង​ស​ប្ដា​ហ៍​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​កត់​សម្គាល់ថា​មាន​អ្នក​តាមដាន​កកកុញ​តាំងពី​ថ្ងៃ​បើក​ឆាក ។ នោះ​គឺ​ដោយសារ​សមាសភាព​កីឡាករ​ដែល​ឡើង​ប្រកួត​មើលទៅ​ទាក់ទាញ​ទាំង​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស ដែល​ធ្វើ​ឱ្យ​អ្នក​ស្នេហា​ប្រដាល់​ជជែក​ដេញដោល​គ្នា​ច្រើន ។ ការ​ប្រដាល់​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ​នេះ មានការ​រំពឹង​យ៉ាង​ខ្លាំង​ថា នឹង​មាន​អ្នក​ទស្សនា​រឹតតែ​ណែន​ណាន់​តាន់តាប់​ជាង​មុន​ទៅ​ទៀត បន្ទាប់​ពី​ថ្ងៃ​បើក​គឺ​សឹងតែ​អត់​មាន​កន្លែង​ឈរ​ផង​។ ការ​ប្រដាល់​រៀងរាល់ថ្ងៃ​សៅរ៍​បិទ​ចោល​មួយ​រយៈ​មក​ហើយ ដោយសារ​តែ​ព្រឹត្តិការណ៍​សុំ​លើក​ទៅ​ធ្វើ​នៅ​យប់​ថ្ងៃ​សុក្រ​វិញ ។ អ​ញ្ចឹ​ង​ហើយ​ទើប​គេ​កត់​សម្គាល់ថា ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ ហាក់​បាន​ត្រឡប់​មក​វិញ​ក្នុង​ភាព​ភ្ញាក់ផ្អើល ។ ស្របគ្នា​ដែល​ព្រឹត្តិការណ៍​នេះ​ក៏​មាន​បន្ថែម​ការ​ច្រៀង​រាំ​ដូច​គ្នា​នឹង​ព្រឹត្តិការណ៍​ប្រដាល់​ថ្ងៃអាទិត្យ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ផង ទើប​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ កន្ត្រាក់​បាន​ទាំង​អ្នក​ចូល​ចិត្ត​ប្រដាល់ និង​តន្ត្រី​ឱ្យ​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ទីលាន ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ថ្ងៃ​ទី​២០ សីហា​ ខាង​មុខ ព្រឹត្តិការណ៍​នេះ​នឹង​បើក​ឆាក​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់ ដោយ​ក្រៅពី​ផ្ដល់​តម្លៃ​ខ្លួន​ខ្ពស់  ក្រុមហ៊ុន​ខា​រ៉ា​បាវ​ក៏​ប្រកាស​នឹង​ធ្វើ​ឱ្យ​កីឡាករ​ដែល​ចូលរួម​ប្រកួត​ពី​ភាគី​ខាង​កម្ពុជា​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​ប្រដាល់​នោះ​ផង ។

ងាក​មក​កាន់ការ​ប្រកួត​មិត្តភាព​នៅ​រសៀល​ខាន​ស្អែក​វិញ សមាសភាព​ដែល​ឡើង​ប្រកួត​គឺ​សុទ្ធតែ​ល្អ​តែ​ម្ដង ដោយ​កីឡាករ ទេស សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ ពួ ឡាក់​វង់ ដែល​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ឡាវ​ផង និង​ថៃ​ផង ។ ជំនួប​ពួក​គេ​មានការ​រំពឹង​ខ្ពស់​ថា​នឹង​បែក​ផ្កាភ្លើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍  ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដើម្បី​រក្សា​មុខមាត់ និង​ក្រេ​ឌី​ត ។ ផ្អែក​តាម​បទ​ពិសោធន៍ អ្នក​ទាំង​ពីរ​មាន​កម្រិត​ប៉ុនគ្នា​ដោយ​កីឡាករ​កម្ពុជា ក៏​មាន​ប្រវត្តិ​ប្រកួត​ច្រើន ហើយ​កីឡាករ​ឡាវ​ក៏​មាន​ប្រវត្តិ​ច្រើន​ដែរ ។ លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា លោក​បាន​សម្រេច​ដាក់​ឱ្យ​កីឡាករ​ទាំង​ពីរ​ប៉ះ​គ្នា ដោយ​សារ​​តែ ទេស សំខាន់ កាន់តែ​មាន​ក្រេ​ឌី​ត​នៅ​លើ​សង្វៀន​ប្រដាល់ ហើយ​គ្រូបង្វឹក​របស់​គេ​ក៏​បាន​ប្រកាស​ថា គេ​ហ្វឹកហាត់​បាន​ច្រើន​តាំងពី​មុន​មានការ​ផ្គូផ្គង ។

លោក​ថា កីឡា​ករ​​ឡាវ​ល្អ ហើយ​ក៏​ល្បី​ណាស់​ដែរ​នៅ​លើ​សង្វៀន​ថៃ ហើយដោយ​សារ​ចង់ឱ្យ​ទេស សំខាន់ បាន​សាង​កេរ្តិ៍ឈ្មោះ​ឱ្យ​កាន់តែ​ល្អ​ផង ទើប​រៀបចំ​ឱ្យ​គេ​ប៉ះ​គ្នា​នៅ​លើស​ង្វៀ​នខា​រ៉ា​បាវខាន​ស្អែក ។ លោក​ថា កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​៧៨​លើក ឈ្នះ​៦៤​លើក ចាញ់​១០​ដង និង​ស្មើ​៤​ដង ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៨៨​លើក ឈ្នះ​៧៥​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក គឺ​អាច​ថា ល្អ​ជាង​ទាំង​បច្ចេកទេស និង​ប្រវត្តិ​ប្រកួត​។ លោក​ថា កីឡាករ​កម្ពុជា​បើ​ឈ្នះ​នឹង​កាន់តែ​ទទួល​ក្រេ​ឌី​ត ដោយ​អ្វី​ដែល​លោក​ជឿជាក់ គឺ​ទេស សំខាន់ ពិតជា​ធ្វើ​ឱ្យ​កក្រើក​សង្វៀ​នខា​រ៉ា​បាវ​នៅ​ថ្ងៃស្អែក ដោយសារ​តែ​គេ​ក៏​ចង់​ឈ្នះ​លើ​កីឡាករ​ឡាវ​ដែល​ជា​ជើង​ខ្លាំង ។

កីឡាករ រឿង សោ​ភ័​ណ្ឌ ក៏​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ផង​ដែរ ដោយ​គូប្រកួត​របស់​គេ​គឺ​ជើង​ខ្លាំង ផា ឡាំង​នំ និង​ជា​គូ​ឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ​សម្រាប់​ថ្ងៃខានស្អែក ។ យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា​គូ​នេះ​នឹង​ទាក់ទាញ​ជាង​គូ​រង​ឯក​ឬ​យ៉ាងណា​នៅឡើយ​ទេ ។ កីឡាករ​ថៃ​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ម្នាក់ ខណៈ​ដែល​រឿង សោ​ភ័​ណ្ឌ ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​រូប​នា​ពេល​កន្លង​មក​។ យោង​តាម​ប្រវត្តិ កីឡាករ​កម្ពុជា​គូ​នេះ ធ្លាប់​ប្រកួត​បាន​១៤០​លើក ឈ្នះ​១២៧​លើក ចាញ់​១២​លើក និង​ស្មើ​១​លើក ខណៈ​ដែល​កីឡាករ​ថៃ​ក៏​មាន​ប្រវត្តិ​ឡើង​រេញ​បាន​៩៧​លើក ឈ្នះ​៨០​លើក ចាញ់​១៤​លើក និង​ស្មើ​២​លើក​។ អ៊ីចឹង​ហើយ​ទើប​គេ​ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ធ្វើ​បាន​ល្អ​ឬ​អត់​នៅ​ពេល​ប៉ះ​គូប្រកួត​ខ្លាំង​នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​បើក​ឆាក​ការ​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ​រសៀលខាន​ស្អែក ៕