ពន្ធ​​ឡើង​កប់​មេឃ ផ្ទុះការតវ៉ា​ខ្លាំង​

ខេត្តព្រៃវែង ៖ ក្រុម​អា​ជីករ​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ប្រមាណ​ជាង​៥០​នាក់ បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលាខេត្ត​ព្រៃវែង ដើម្បី​សុំ​បទ​អន្តរាគមន៍​ពី​លោក ជា សុ​មេធី អភិបាល​នៃ​គណ​អភិបាលខេត្ត​ព្រៃវែង រឿង​បញ្ចុះតម្លៃ​ពន្ធ​ផ្លូវ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ជា​ពិសេស​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ ឱ្យ​រក្សា​តម្លៃ​ដដែល ខណៈ​តម្លៃ​ពន្ធ​ចាស់​ក្នុង​មួយ​ឆ្នាំ​ត្រឹមតែ ៧៥​ម៉ឺន​រៀល ប៉ុន្តែ​នៅ​ពេល​មាន​កំណែទម្រង់ពន្ធ​ថ្មី​បែរជា​ឡើង​រហូត​ដល់​២​លាន ២៥​ម៉ឺន​រៀល​ទៅ​វិញ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មិន​អាច​ទទួលយក​បាន ។ ការ​ប្រមូលផ្តុំ​គ្នា​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា វេលា​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក នៅ​មុខ​សាលាខេត្ត ។

បើ​តាម​តំណាង​ក្រុម​អាជីវករ​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​ពួក​គាត់​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលាខេត្ត នៅ​ព្រឹក​នេះ គឺ​ក្នុង​គោលបំណង ស្នើ​សុំ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​តាម​រយៈ​លោក ជា សុ​មេធី អភិបាលខេត្ត ជួយ​អន្តរាគមន៍​ក្នុង​រឿង​បញ្ចុះ តម្លៃ​ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ។

ជា​ពិសេស​រថយន្ត​យី​ឌុ​ប​ភ្លៅ​៥ ឱ្យ​នៅ​រក្សា​តម្លៃ​ដដែល ពីព្រោះ​ថា​ពេល​នេះ​ពន្ធ​មានការ​កើនឡើង​ខ្ពស់​ខុស​ពី​ឆ្នាំ​មុន​ៗ ក្រោយ​ពី​មានការ​កែទម្រង់​ច្បាប់​ពន្ធ​ថ្មី ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ជា​អាជីវករ​មិន​អាច​ទទួលយក​បាន ព្រោះ​វា​មានការ​កើនឡើង​ច្រើន​ពេក ដែល​កាលពី​ឆ្នាំ​កន្លង​ទៅ​តម្លៃ​ពន្ធ​ត្រឹមតែ​៧៥​ម៉ឺន​រៀល ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ តែ​នៅ​ឆ្នាំ​នេះ​បែរជា​ទាមទារ​ដល់​២​លាន ២៥​ម៉ឺន​រៀល ទៅ​វិញ ។

ដូច្នេះ​ហើយ បានជា​ថ្ងៃនេះ​ពួក​គាត់​តវ៉ា​នៅ​មុខ​សាលាខេត្ត ដើម្បី​ឱ្យ​លោក​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​បញ្ចុះតម្លៃ​មក​នៅ​តម្លៃ​កាលពី​ឆ្នាំ​កន្លង​ទៅ​វិញ ។ ពួក​គេ​និយាយ​ថា យកពន្ធ​ផ្លូវ​ច្រើន​បែប​នេះ​មិន​ខុស​ពី​អា​រក​ប្រជាជន​ពេក​ហើយ សម​ណាស់​ចុះថ្លៃ​មក​វិញ​ទើបត្រូវ ។

នាយក​រដ្ឋ​សាលាខេត្ត​បាន​ចេញ​មក​ទទួលយក​សំណើ​របស់​ក្រុម​អាជីវករ និង​បាន​អះអាង​ថា បាន​បញ្ជូន​សំណើ​ទាំងនេះ​ទៅ​កាន់​លោក​អភិបាលខេត្ត និង​បញ្ជូន​សំណើ​នេះ​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ ពិសេស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិចារណា​ទៅ​លើ​បញ្ហា​ពន្ធ​ផ្លូវ​នេះ ៕