ហ៊ុន ម៉ា​ណែ​ត ៖ ការ​ការពារ​ជាតិ​ មិនមែន​សម្រាប់​តែ​ថ្ងៃនេះ​ទេ

រាជធានី​ភ្នំពេញ ៖ នៅ​ចំពោះ​មុខ​នាយទាហាន​ជា​ច្រើន​រូប លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា ការ​កសាង​ថ្ងៃនេះ​គឺជា​គ្រឹះ​សម្រាប់​ថ្ងៃ​អនាគត ហើយ​ការ​ការពារ​ជាតិ​មិនមែន​សម្រាប់​តែ​ថ្ងៃនេះ​ទេ​គឺ​ត្រូវធ្វើ​ជា​ប្រចាំ ។ លោក ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​បែប​នេះ ក្នុង​គ្រា​ដែល​លោក​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​និង​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​ផ្តល់​ជូន​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​នៅ​សាលា​ហ្វឹកហ្វឺន​កងពលតូច​លេខ​៧០ នៅ​ស្រុក​ជុំ​គិរី ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​កងពលតូច​ថ្មើរជើង​លេខ​៧០ ក្នុង​ការ​បំពេញការងារ​កសាង​និង​ទទួល​បាន​សមិទ្ធផល​ជា​ច្រើន ហើយ​មិនមែន​តែ​កងពល​លេខ​៧០​នេះ​ទេ ថែម​ទាំង​សម្រាប់​ហ្វឹកហ្វឺន​អង្គភាព​ផ្សេង​និង​សម្រាប់​ជាតិ​ទាំងមូល ។

ជាមួយ​គ្នា​នេះ លោក​ឧត្តមសេនីយ៍ឯក បាន មាន​ប្រសាសន៍​កុំឱ្យ​កងទ័ព​ជឿ​លើ​ការ​បំផុស ដែល​នាំ​ឱ្យ​ប្រទេស​ចលាចល​ដូច​ប្រទេស​ដទៃ តែ​ត្រូវ​រួម​គ្នា​គោរព​រដ្ឋធម្មនុញ គោរព​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ស្មោះត្រង់​ដាច់ខាត ។ 

កម្ពុជា​បាន​ប្រែក្លាយ​អតីត​សមរភូមិ​ក្តៅ ស្រុក​ជុំ​គិរី និង​ស្រុក​ឈូក មក​ជា​តំបន់​អភិវឌ្ឍន៍ និង​ជា​តំបន់​ហ្វឹកហ្វឺន​ប្រយុទ្ធ​សម្រាប់​កងកម្លាំង​យោធា ។ អតីត​តំបន់​សមរភូមិ​ក្តៅ​ជុំ​គិរី​នា​ពេល​នេះ​ត្រូវ​គេ​ឃើញ​ថា បាន​ប្រែ​ក្លាយទៅជា​តំបន់​កំពុង​អភិវឌ្ឍន៍​សម្រាប់​បណ្តុះបណ្តាល ធនធានមនុស្ស​ក្នុង​វិស័យ​យោធា និង​ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ ផ្លូវ និង​ការ​ជួយ​ផ្តល់​ទឹក​ស្អាត ដល់​ប្រជា ពលរដ្ឋ​ថែម​ទៀត ។  

លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៧០ ក៏​ដូច​ជា​មេបញ្ជាការ​រង និង​នាយទាហាន​ក្នុង​កង ពល​ទាំងអស់ បាន​ប្តេជ្ញា​គោរព​ដឹងគុណ​សម្តែង​នូវ​កតញ្ញូ ភក្តីភាព ការពារ​រដ្ឋធម្មនុញ្ញ​និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​តែង តែ​គិតគូរ​ពី​សុខទុក្ខ​របស់​កងទ័ព តាម​រយៈ​ការ​ផ្តល់​គ្រឿង​ឧបភោគបរិភោគ និង​គ្រឿង​បរិក្ខារ​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៨ ខែសីហា លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី រួម​ដំណើរ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ គី​ម ប៊ុ​ន​ថា​ន អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​កងពលតូច​ថ្មើ​ជើង​លេខ​៧០ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​និង​ជួប​សំណេះសំណាល​សួរសុខទុក្ខ នាយ ទាហាន នាយទាហានរង និង​ពល​ទាហាន​នៅ​សាលា​ហ្វឹកហ្វឺន​កងពលតូច​លេខ​៧០ តំបន់​ជុំ​គី​រី ខេត្តកំពត ៕