ខឹង​ថៅកែ​អត់​បើក​លុយ នាំគ្នា​បិទផ្លូវ

រាជធានី​ភ្នំពេញ ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ សា​មិន អគារ​លេខ​៣៥ ក្នុង​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​បាន​ផ្ទុះ​ការ​តវ៉ា មិន​ព្រម​ចូល​ធ្វើការ ដោយ​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ឈរ​បិទផ្លូវ​ចូល​ទៅ​កាន់​រោងចក្រ​ខាងលើ ។ មិនតែប៉ុណ្ណោះ​បាន​ស្រែក​តាម​មេក្រូ​ទាមទារ​សុំ​ឲ្យ​ថៅកែ​ជា​ជនជាតិ​កូរ៉េ​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ផង​ដែរ ។

ជុំវិញ​ករណី​នេះ ចំណុច​ដែល​សំខាន់​បំផុត ឈាន​ដល់​ការ​ធ្វើ​កូដកម្ម​នោះ គឺ​ការ​ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់ខែ​ឲ្យ​ពួក​គេ ។ ការ​តវ៉ា​នោះ​បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​ហើយ ប៉ុន្តែ​ដោយសារ​មិន​មាន​ដំណោះស្រាយ គ្មាន​ការ​អើពើ​ពី​សំណាក់​ថៅកែ​រោងចក្រ​និង​ស្ថាប័ន​ពាក់​ពាក់ព័ន្ធ​នានា​នោះ​ទើប​នៅ​ថ្ងៃ​បន្ទាប់​ពួក​គេ​បាន​បន្ត​ធ្វើ​កូដកម្ម និង​សម្រេច​បិទផ្លូវ​តែ​ម្ដង ក្នុង​បំណង​ព​ន្លឿ​ន​ការ​ដោះ ស្រាយ​សម្រាប់​ពួក​ខ្លួន​។ ការ​តវ៉ានេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ សីហា ដែល​រោងចក្រ​កាត់ដេរ​យីហោ​សា​មិន អគារ​លេខ​៣៥​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រុម​កម្មករ​បាន​និយាយ​ថា ពួក​ខ្លួន​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​នោះ ម្នាក់​ៗ​មាន​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មាន​គ្នា​ជាង​៤០០​នាក់ ហើយ​រោងចក្រ​នោះ​គ្រប់គ្រង​ដោយ​ថៅកែ ជនជាតិ​កូរ៉េ ។ ពួក​គេ​បាន​ធ្វើការ​តវ៉ា​រយៈពេល​២​ថ្ងៃ​មក​ហើយ គឺ​តាំងពី​ថ្ងៃ​ទី​១០ សីហា ពី​មូលហេតុ​ផ្ដើម​ចេញពី​ថៅកែ​ខាងលើ​នោះ​មិន​ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ និង​មិនដឹង​ថា​ថៅកែ​កំពុង​ក្ស័យធន ឬ​បែប​ណា​នោះ​ឡើយ​។

ប៉ុន្តែ​ការងារ​មាន​ធ្វើ​ជា​រៀងរាល់ថ្ងៃ មិន​ដែល​អាក់ខាន​មួយ​ថ្ងៃ​ណា​ទេ បែរជា​ដល់​ថ្ងៃ​បើក​ប្រាក់ខែ ថៅកែ​មិន​ព្រម​បើក​ឲ្យ ហើយ​នៅ​ពេល​ដែល​កូដកម្ម​ផ្ទុះ​ឡើង​ក្នុង​ថ្ងៃ​នោះ ថៅកែ​មិន​បាន​អើពើ​ចេញ​មុខ​មក​ដោះស្រាយ​ទេ គាត់​ធ្វើ​ព្រងើយកន្តើយ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១១ សីហា ពួក​គេ​ធ្វើការ​តវ៉ា​បន្ត​ទៅ​ទៀត ៕