គ្រូ​ណាហ្គាវើល ​ចង់​សុំ​​លើក​ថ្ងៃ​ប្រកួត​លីគ ដើម្បី​ក្រុម​បាន​សម្រាក​មុន​ទៅ​ AFC Cup

ដោយ​មាន​ការ​ប្រកួត​ច្រើន​និង​ជាប់ៗ​គ្នា​ខ្លាំង​ពេក​ក្នុង​លីគ​កំពូល​កម្ពុជា លោក​មាស ចាន់ណា ​គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល​ ចង់​សុំ​សហព័ន្ធ​ពន្យារ​ពេល​ប្រកួត​នៅ​ថ្ងៃ​ទី​១៧​ខាង​មុខ ​ដើម្បី​យក​ពេល​ឱ្យ​កីឡាករ​សម្រាក​ត្រៀម​ទៅ​ប្រកួត​ជម្រុះ AFC Cup 2016។

 

គ្រូ​ណាហ្គាវើល ​ចង់​សុំ​​លើក​ថ្ងៃ​ប្រកួត​លីគ ដើម្បី​ក្រុម​បាន​សម្រាក​មុន​ទៅ​ AFC Cup

 

​ក្រុម​ណាហ្គាវើល ​នឹង​ត្រូវ​តំណាង​ឱ្យ​កម្ពុជា ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ AFC Cup 2016 ​ដោយ​វគ្គ​ជម្រុះ​របស់​ពួកគេ​នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី​២១​ខែ​សីហា​ឆ្នាំ​២០១៦​នេះ​ទៅ​ហើយ។ ខណៈ​ដែល​ការ​ប្រកួត​ក្នុង​ស្រុក លីគ​កំពូល​កម្ពុជា ​វិញ​របស់​ក្រុម​ណាហ្គាវើល ​គឺ​មាន​រហូត​ដល់​ទៅ​ថ្ងៃ​ទី​១៧​ខែ​សីហា ​ឆ្នាំ​២០១៦ ​ឯ​ណោះ។ ហេតុដូច្នេះ​ហើយ ទើប​បាន​គេ​ក្រុម​មួយ​នេះ ចង់​ស្នើ​ដល់​ខាង​សហព័ន្ធ​បាល់ទាត់​កម្ពុជា ឱ្យ​ជួយ​លើក​ថ្ងៃ​ប្រកួត​នៅ​ថ្ងៃ​១៧​នេះ ដើម្បី​មាន​ពេល​ទុក​ឱ្យ​កីឡាករ​បាន​សម្រាក​ខ្លះ មុន​ចេញ​ដំណើរ។

 

គ្រូ​ណាហ្គាវើល ​ចង់​សុំ​​លើក​ថ្ងៃ​ប្រកួត​លីគ ដើម្បី​ក្រុម​បាន​សម្រាក​មុន​ទៅ​ AFC Cup

 

​​លោក​ មាស​ ចាន់ណា ​គ្រូ​បង្វឹក​ក្រុម​ ណាហ្គាវើល​ ​បាន​និយាយ​ថា​៖ “ខ្ញុំ​នឹង​ស្នើ​ទៅ​សហព័ន្ធ​ដើម្បី​បាន​សម្រាក​ខ្លះ កុំ​ប្រកួត​ពេក កីឡាករ​ណា​មាន​កម្លាំង​នោះ។ គិត​មើល​ទៅ បើ​មិន​លើក​យើង​ប៉ះ​ប៉ូលិស​ថ្ងៃ​១៧ ហើយ​ជិះ​យន្ដ​ហោះ​ទៅ​ប្រកួត​ AFC Cup ​ថ្ងៃ​ទី​១៨ ​អីចឹង​មាន​ពេល​ណា”។

 

ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ដំបូង AFC Cup 2016 ​នេះ ​មាន​ក្រុម​ចូល​រួម​ចំនួន​៩​ក្រុម គឺ ​heikh Russel Krira Chakra Ltd (បង់ក្លាដេស​), FC Tertons (ប៊ូតាន់​), Nagaworld FC (កម្ពុជា​), Tatung FC (ឆាយនីស​តៃប៉ិ​), Rovers FC (ហ្គោម​), Dordoi (តាហ្ស៊ីគីស្ថាន​), Casa Benfica (ម៉ាកាវ​), Erchim FC (ម៉ុងហ្គោលី​) ​និង​ Three Star Club (នេប៉ាល់)។ ចំណែកឯ ​កម្ពុជា​ស្ថិត​ក្នុង​ពូល B ​ជាមួយ​ក្រុម​ ​Erchim FC (ម៉ុងហ្គោលី​) ​និង​ Three Star Club (នេប៉ាល់)។ ​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២១​ខែ​សីហា​ឆ្នាំ​២០១៦​នេះ​ទៅ នៅ​ទឹក​ដី​របស់​ម៉ុងហ្គោលី៕

 

អត្ថបទ៖ នួន ស៊ីណា