ជា​កម្ម​ពារ​ដែរឬទេ ដែល​កូន​ស្លាប់​ក្នុង​ផ្ទៃពោះ ដោយសារ​ក្រុម​ឈាម​ម្តាយ​?

ជា​កម្ម​ពារ​ដែរឬទេ ដែល​កូន​ស្លាប់​ក្នុង​ផ្ទៃពោះ ដោយសារ​ក្រុម​ឈាម​ម្តាយ​?

​ជាធម្មតា មនុស្ស​ប្រជាជន​ខ្មែរ​យើង ធ្លាប់​តែ​ដឹង​ថា ក្រុម​ឈាម​របស់​មនុស្ស គឺមាន​តែ​បួន​ប្រភេទ​ប៉ុណ្ណោះ​គឺ A, B, AB និង O​។ ផ្ទុយទៅវិញ ក្រុម​ឈាម​មនុស្ស​យើង មិនមែន​មាន​បួន​នេះ​ទេ គឺ​មាន​រហូត​ដល់ ៨ ក្រុម​ឯណោះ​គឺ A+, B+, AB+, O+ A-, B-, AB- និង O-​។ ចំពោះ​សញ្ញា (+) និង (-) ដែល​ភ្ជាប់​នឹង​ក្រុម ឈាម​នោះ ត្រូវបាន​គេ​ហៅថា រ៉េ​ស៊ី​ស ឬ Rh​។ ការ​ដែល​កំណត់​ឃើញ Rh បែបនេះ គឺ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការបញ្ចូល​ឈាម ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។ យ៉ាងណាមិញ​ចំពោះ​វត្តមាន រ៉េ​ស៊ី​ស នេះ​ភាគច្រើន គឺ​គ្រូពេទ្យ​មិនសូវ​បាន​ប្រាប់ ដល់​អ្នកជំងឺ​បាន​ដឹង​នោះទេ ហើយ​ប្រជាជន​យើង​ភាគច្រើន ក៏​មិនសូវ​ចាប់អារម្មណ៍​អំពី​វា​ដែរ ព្រោះ​គិតថា​វា​មិន​មាន​ប្រយោជន៍​អ្វី​ត្រូវ​ដឹង​។

កម្មពា​រវាង​ក្រុមឈាម​ម្តាយ និង​កូន​
តើ​វា​អាច​ជា​កម្ម​ពារ ពី​ជាតិ​មុន​ទេ​ដែលថា កូន​អាច​នឹង​ស្លាប់​ក្នុង​ផ្ទៃ​ម្តាយ ដោយសារ​តែ​ក្រុម​ឈាម​ម្តាយ ទាំង​ម្តាយ​មិនមាន​ជំងឺ​ឈឺ​ស្កាត់ ឬ​ញ៉ាំ​ថ្នាំសង្កូវ​ខុស​អ្វី​សោះ​នោះ​? ចំពោះ​ចម្លើយ​គឺ​ដោយសារតែ ក្រុម​ឈាម Rh ដែល​ខ្ញុំ​និយាយ​ខាងលើ​នោះឯង​។ បើសិន​ជា​ប្រពន្ធ​មាន​ក្រុម​ឈាម Rh- (​ឧ​ទារហណ៍ A-)​ហើយ​ប្តី​មាន​ក្រុម​ឈាម Rh- (​ឧទាហរណ៍ AB-) ដូចគ្នា នោះ​គ្មាន​អ្វី​ត្រូវ​បារម្ភ​ឡើយ​។ ប៉ុន្តែ បើសិន​ជា​ប្រពន្ធ​មាន​ក្រុម​ឈាម Rh- ហើយ​ប្តី​មាន​ក្រុម​ឈាម Rh+ វិញ វា​ទើប​ជា​រឿង​ដែល​ត្រូវ​បារម្ភ និង​ខ្វល់ខ្វាយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​មាន​កូន​ដំបូង ដោយ​ម្តាយ​មាន​ក្រុម​ឈាម Rh- ហើយ​កូន​ក្នុង​ផ្ទៃ មាន​ក្រុម​ឈាម​ពី​ឪពុក Rh+ នោះ វា​នឹង​មិន​មាន​អ្វី​ជា​បញ្ហា​ឡើយ​។ ប៉ុន្តែ ក្រោយពេល​សម្រាល​រួច ម្តាយ​នឹង​បង្កើតបាន​ជា​អង់ទីគ័រ​មួយ​ប្រភេទ ដើម្បី​ប្រឆាំង​នឹង Rh+ សម្រាប់​កូន​ទី​ពីរ និង​បន្តបន្ទាប់​ទៀត​។ ដូច្នេះ​បើ​សិន​ជា ក្រុមគ្រួសារ មិន​បានដឹង​អំពី​រឿងនេះ ហើយ​មិន​បាន​ពិនិត្យ​សុខភាព ជាមួយ​គ្រូពេទ្យ​ទៀងទាត់​ទៀត​នោះ ហានិភ័យ​នឹង​អាច​កើតមាន ចំពោះ​កូន​បន្តបន្ទាប់​ជាមិនខាន​។ ផលប៉ះពាល់​របស់​វា មាន​ពីរ​យ៉ាង គឺ​តិចតួច និង​ធ្ងន់ធ្ងរ​។ ករណី​តិចតួច កូន​ទី​ពីរ​ដែល​កើតមក អាច​នឹង​មាន​សភាព​ស្បែក​ទៅ​ជា​លឿង អស់កម្លាំង សាច់ដុំ​មិន​រីក​ធំ​ធាត់​ល្អ​ជា​ដើម ប៉ុន្តែ អាច​ព្យាបាល​បាន​។ ចំពោះ​ករណី​ធ្ងន់ធ្ងរ​វិញ គឺ​អាច​ស្លាប់​ក្នុង​ផ្ទៃ​តែម្តង​។​

រឿង​នេះ​បើ​កើតឡើង​នៅ​តាម​តំបន់​ស្រុក​ស្រែចំការ អ្នកភូមិ​ប្រាកដជា​និយាយថា គ្រួសារ​នោះ​គឺជា​គ្រួសារ​ចង្រៃ​ជាមិនខាន ឬ​សាង​កម្ម​ពារ​ពី​ជាតិ​មុន ព្រមទាំង​អាច​ត្រូវ​អ្នកភូមិ បណ្តេញ​ចេញ​ទៀត ដើម្បី​កុំ​ឲ្យ​ចង្រៃ​ដល់​អ្នកដទៃ​។

ការព្យាបាល​
ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា​បងប្អូន​ស្ត្រី​របស់​យើង ដែល​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​តាម​ស្រុក​ភូមិ​ជា​ទៀងទាត់​នោះ អ្នក​អាច​នឹង​ចៀសផុត​ពី​រឿង​នេះ​បាន​។ ជាក់ស្តែង បើសិនជា​ដឹង​ថា​ម្តាយ​មាន Rh- ហើយ​កូន​ក្នុង​ផ្ទៃ​មាន Rh+ ក្នុងពេល​មាន​ផ្ទៃពោះ​ជា​លើក​ដំបូង​នោះ គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​បង្ការ​កុំឲ្យ​ឈាម​ម្តាយ បង្កើត​ជា​អង់ទីគ័រ​ប្រឆាំង​កូន​ទី​ពីរ នៅក្រោយ​ពី​សម្រាលកូន​បាន​មុន​ជិត ៧២ ម៉ោង ហើយ​បើ​អាច គួរតែ​ចាក់​ម្តងទៀត នៅ​រយៈពេល ១០ ទៅ ១៤ ថ្ងៃក្រោយ​។

​ថ្នាំ​មួយ​ប្រភេទ​នោះ មានឈ្មោះ​ដើម​របស់​វា​ហៅថា រ៉ូស​ហ្គាំ ឬ RhoGam​។ ថ្នាំ​នេះ​គឺ​តម្រូវ​ឲ្យ​ចាក់លើ​សាច់ដុំ​។ បើសិនជា​ចាក់​តែម្តង ក្រោយ​ពី​សម្រាលកូន​រួច​មុន  ៧២​ម៉ោង​គឺ​មាន​ប្រសិទ្ធភាព ៩៨ ទៅ ៩៩ ភាគរយ តែបើ​ចាក់​បាន​ពីរដង ប្រសិទ្ធភាព​របស់​វា​កាន់តែ​ខ្ពស់​ថែម​ទៀត​។

ការបង្ការ​
ថ្នាំ RhoGam នេះ​គឺ​តម្រូវ​ចាក់ នៅ​ពេល​សម្រាលកូន​ទី​មួយ​រួច ប៉ុន្តែ បើសិន​ជា​កូន​ទី​មួយ គឺជា​កូនក្រៅស្បូន ឬរ​លូត​ក៏ដោយ ក៏​ត្រូវតែ​ចាក់​ក្នុង​អំឡុង​ពេល​វះកាត់ ឬ​សម្អាត​ដែរ​។ អ្នក​ក៏​ត្រូវតែ​ចាក់​ថ្នាំ​នេះ​ទៀត​ក្រោយ​ពី​សម្រាលកូន​ទី​ពីរ ឬ​ទី​បី​រួច បើសិនជា​ចង់​មានកូន​បន្តបន្ទាប់​ទៀត​។

សូមបញ្ជាក់​ថា នេះ​គឺជា​រឿង​ដែល​អ្នក​ត្រូវតែ​ដឹង និង​ត្រូវ​តែ​ធ្វើ​ជា​ដាច់ខាត បើសិនជា​ចង់​ប្រឆាំង​នឹង​ព្រហ្ម​លិខិត​បាន​យ៉ាង​ជោគជ័យ​៕

រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។