អ្នក​​​នយោបាយ​​​​​​មាន​​​ដើម​​​កំណើត​​​ខ្មែរ​​​​​​ត្រូវហាម​​​មិន​​​ឲ្យ​​​ចូល​​​ស្រុក​​​ខ្មែរ

ក្រសួងការបរទេសបានប្រកាសកាលពីថ្ងៃពុធថា អ្នកនយោបាយខ្មែរអូស្ត្រាលីម្នាក់ដែលហៅរដ្ឋាភិបាលកម្ពុជាថា តិរច្ឆានក្នុងកិច្ចសម្ភាសតាមវិទ្យុកាលពីសប្តាហ៍មុនត្រូវបានហាមមិនឲ្យចូលប្រទេសដោយសារតែប្រើពាក្យបែបនេះ។ ក្នុងកិច្ចសម្ភាសមួយតាមវិទ្យុអាស៊ីសេរីកាលពីសប្តាហ៍មុន លោក ហុង លឹម ដែលបានកើតនៅស្រុកខ្មែរ ហើយជាតំណាងរស្ត្ររបស់គណបក្សការងារនៅរដ្ឋវិកតូរីយ៉ា ប្រទេសអូស្ត្រាលីបានរិះគន់រដ្ឋាភិបាលខ្លាំងៗ ពេលពិភាក្សាអំពីឃាតកម្មលោក កែម ឡី កាលពីខែមុន។ លោក លីម បាននិយាយថា “[កែម ឡី] បានផ្តើមបដិវត្តខាងគំនិត ចង់ឲ្យខ្មែរមិនស្ថិតក្នុងភាពជាតិរច្ឆានដូចសព្វថ្ងៃនេះ”។ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ក្រសួងបានថ្កោលទោសចំពោះការអត្ថាធិប្បាយរបស់លោក លីមថា “បង្ខូចកិត្តិយស” ហើយនិយាយថា ខ្លួនមានការរំជួលចិត្តជាខ្លាំងដោយការប្រមាថយ៉ាងខ្លាំងចំពោះប្រជាជាតិកម្ពុជារបស់លោក ហុង លីម”។ សេចក្តីថ្លែងការណ៍បន្តថា “[ក្រសួង]ថ្កោលទោសយ៉ាងដាច់អហង្ការបុគ្គលឈ្មោះ ហុង លីម ចំពោះការនិយាយបង្ខូចកិត្តិយស ដែលផ្ទុយទាំងស្រុងពីការពិតជាក់ស្តែងនៅកម្ពុជា”។ សេចក្តីថ្លែងការណ៍បន្តថា ៉ការប្រមាថរបស់បុគ្គល ហុង លីម ចំពោះប្រជាជាតិកម្ពុជាបានជំរុញឲ្យក្រសួងសម្រេចចាត់ទុកបុគ្គលនេះជាជនមិនត្រូវបានស្វាគមន៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា”។ ទាក់ទងតាមទូរស័ព្ទ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងបាននិយាយថា លោក លីម ត្រូវបានឃាមឃាត់មិនឲ្យចូលកម្ពុជាទេ ប៉ុន្តែបដិសេធមិនអត្ថាធិប្បាយបន្ត។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា អ្នកនយោបាយនោះមិនទទួលស្វាគមន៍ទេ។ លោក ស៊ីផាន បាននិយាយថា “នេះអាចជាសេរីភាពនៃការបញ្ចេញមតិនៅប្រទេសលោក ប៉ុន្តែមិនមែននៅប្រទេសកម្ពុជាទេ។ វាប្រឆាំងនឹងវប្បធម៌របស់យើង។ គាត់ជាតំណាងរាស្ត្រ គាត់យល់ច្បាស់ណាស់….គឺក្អេងក្អាងណាស់”។ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ស្ថានទូតអូស្ត្រាលីបាននិយាយថា លោក លីម មិនបាននិយាយក្នុងនាមរដ្ឋាភិបាលទេ ប៉ុន្តែថា “ប្រទេសអូស្ត្រាលីមានប្រពៃណីរឹងមាំចំពោះទស្សនផ្សេងៗគ្នា ដែលគេសំដែងក្នុងការពិភាក្សាជាសាធារណៈ”។ លោក លីម មិនអាចទាក់ទងបានទេ៕     © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post អ្នក​​​នយោបាយ​​​​​​មាន​​​ដើម​​​កំណើត​​​ខ្មែរ​​​​​​ត្រូវហាម​​​មិន​​​ឲ្យ​​​ចូល​​​ស្រុក​​​ខ្មែរ appeared first on The Cambodia Daily.